កំពង់ធំៈ មន្ត្រីឧទ្យានុរក្សជាស្ត្រី មកពីមន្ទីរបរិស្ថានខេត្តចំនួន ១៤ សរុប ៥៨ នាក់ទទួលបានការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងគោលគំនិតសំខាន់ៗនៃភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
ការពង្រឹងសមត្ថភាពនេះត្រូវបានធ្វើឡើងតាមរយៈវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមេសានៅខេត្តកំពង់ធំ ដែលត្រូវបានសហការរៀបចំដោយក្រុមការងារបច្ចេកទេសយេនឌ័រនៃក្រសួងបរិស្ថាន និងអង្គការរីខូហ្វ។ នេះបើយោងតាមក្រសួងបរិស្ថានកាលពីថ្ងៃទី ៦ ខែមេសា។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចែករំលែកចំណេះដឹង និងពង្រឹងសមត្ថភាពដល់មន្ត្រីឧទ្យានុរក្សជាស្ត្រី នូវគោលគំនិតពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រ និងចំណេះដឹងជាមូលដ្ឋានក្នុងការប្រើប្រាស់ឧបករណ៍ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និងការប្រើប្រាស់ Avenza Map, GPS, Drone ដើម្បីជាប្រយោជន៍ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និងការងារល្បាត។
ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាល លោកស្រីម៉ុម ថានី រដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន ក៏ដូចជាក្រុមការងារបច្ចេកទេសយេនឌ័រ បានជំរុញឱ្យមានការបណ្តុះបណ្តាលកសាងធនធានមនុស្សប្រកបដោយគុណភាព និងមន្ត្រីជាស្ត្រីមានសមត្ថភាពក្នងការបំពេញការងារដូចបុរសទូទៅ។
លោកស្រីបានបន្តថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីឧទ្យានុរក្សជាស្ត្រីក្នុងការពង្រឹងនូវសមត្ថភាព និងជំនាញ ដើម្បីបម្រើជាប្រយោជន៍សម្រាប់ការងារ និងជីវភាព និងដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំស្ត្រីមួយរូបដែលជាគំរូល្អសម្រាប់ក្រុមគ្រួសារ សហគមន៍ និសង្គមជាតិ។
លោកស្រីក៏បានផ្តល់អនុសាសន៍សម្រាប់ការកសាងសមត្ថភាពស្ត្រីផងដែរ ដែលរួមមាន៖ ស្ត្រីត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន មានមោទនភាពក្នុងភាពជាស្ត្រី និងចាប់យកឱកាសដែលកំពុងមាន, ស្ត្រីត្រូវរឹងមាំ និងក្លាហានក្នុងការចូលរួមបញ្ចេញមតិ និងដោះស្រាយបញ្ហាដោយសន្តិវិធី, ស្ត្រីត្រូវមានការជំរុញ លើកទឹកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក និងក្នុងនាមជាមន្ត្រីឧទ្យានុរក្សជាស្ត្រី ត្រូវមានពហុជំនាញ និងត្រូវប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន ក្នុងការចូលរួមផ្សព្វផ្សាយដល់ប្រជាសហគមន៍ឱបានយល់ដឹងពីផលវិបាកនៃការប្រែប្រួលអាកាសធាតុ និងវិធីការពារខ្លួន ក៏ដូចជាការបន្សុំាខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕