សៀមរាបៈ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានអះអាងថាខ្លួនបានទទួលបានជោគជ័យក្នុងការបង្កាត់ពូជសត្វត្រយងចង្កំកស មុនគេបង្អស់របស់ពិភពលោក នៅពេលដែលកូនសត្វត្រយងចង្កំកស ១ ក្បាលបានញាស់កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ នេះ។
ACCB បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា នាពេលបច្ចុប្បន្ននេះ ACCB ជាមជ្ឈមណ្ឌលតែមួយគត់ដែលរក្សាស្តុកទុកចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ក្រោមការចិញ្ចឹមថែទាំដោយមនុស្ស ដើម្បីកុំឱ្យវិនាសផុតពូជ។
ត្រយងចង្កំកស (Pseudibis davisoni) ជាប្រភេទរងការគំរាមកំហែង ដែលត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ថាជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលមានចំនួនសត្វពេញវ័យតិចជាង ៧០០ ក្បាលនៅទូទាំងសកលលោក។
ចំនួនប្រជាសាស្ត្ររបស់ពួកវានៅមានតិចតួច ហើយបែកខ្ញែករប៉ាត់រប៉ាយ ដោយសារការបាត់បង់ទីជម្រក ការប្រមាញ់ និងការរំខានផ្សេងៗទៀត។
ACCB បានបញ្ជាក់ថា៖ «ពួកយើងបានព្យាយាមបង្កាត់ពូជសត្វប្រភេទនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកយើងនៅតែមិនទាន់ទទួលបានជោគជ័យ រហូតមកដល់ពេលនេះ។ ជាមួយនឹងការទទួលបានកូនសត្វត្រយងចង្កំកសដំបូងនេះ ពួកយើងទទួលបានជោគជ័យក្នុងការបង្កាត់ពូជសត្វត្រយងចង្កំកស មុនគេបង្អស់របស់ពិភពលោក ដែលធ្វើឱ្យពួកយើងមានមោទនភាពខ្លាំងណាស់»។ នេះគឺជាជំហានដំបូងក្នុងការបង្កើតស្តុកទុកចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ក្រោមការចិញ្ចឹមថែទាំដោយមនុស្ស ដើម្បីកុំឱ្យវិនាសផុតពូជ ប្រកបដោយនិរន្តរភាព។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងនាពេលថ្មីៗនេះថា សត្វត្រយងចង្កំកសដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជា។ សត្វនេះច្រើនរស់នៅ និងរកចំណីជាហ្វូង នៅតាមតំបន់ព្រៃល្បោះ តាមដងទន្លេ តំបន់ដីសើមក្នុងព្រៃល្បោះ និងតំបន់ដីសើមតាមវាលទំនាប ភាគច្រើននៅភូមិភាគឧត្តរ និងភូមិភាគឦសានប្រទេស ដូចជា ខេត្តព្រះវិហារ មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង និងតំបន់ទំនាប បឹងទន្លេសាប។
សត្វនេះវាមានមាឌតូចជាងត្រយងយក្សបន្តិច មានដងខ្លួនពណ៌ខ្មៅរលោង ចង្កំកស ជើងវែងក្រហម មានដៅសមួយដុំនៅលើស្មា ដែលអាចឃើញច្បាស់នៅពេលវាហើរ៕