ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកុំឱ្យមានការរឹបអូសទ្រព្យសម្បត្តិ និងចាប់ចងប្រជាពលរដ្ឋដែលមានការខ្វះខាត ដែលបានជាប់កម្ចីឥណទានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក ហ៊ុន សែន អំពាវនាវដូច្នេះក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមេសា។
លោកថ្លែងថា៖ «មីក្រូហិរញ្ញវត្ថុកុំមានការរឹបអូស កុំមានការចាប់ចងស្អីៗសម្រាប់ប្រជាពលរដ្ឋដែលមានការខ្វះខាត ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ កុំផ្អែកទៅលើអ្វីដែលខ្ញុំនិយាយនេះ មានលុយហើយមិនព្រមទៅសងគេ អាហ្នឹងការប្រាក់កាន់តែធ្ងន់។ អ៊ីចឹងមានលុយហើយទៅសងគេទៅ! ហើយខាងធនាគារនិងហិរញ្ញវត្ថុគេក៏បានជួយច្រើនហើយដែរ»។
សេចក្តីប្រកាសព័ត៌មានទីស្តីការគណៈរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៧ ខែមេសា លោក ហ៊ុន សែន ក៏បានថ្លែងផងដែរថា ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាកម្ចី ធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសនូវរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចង ប្រជាពលរដ្ឋដែលបានជាប់កម្ចីឥណទានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ ១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោក ហ៊ុន សែន ថ្លែងថា ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលញុះញង់ និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល។
លោកបញ្ជាក់បន្ថែមក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីនេះថា៖ «កន្លងទៅមានអាក្រុមខូច គណបក្សនយោបាយខ្លះខូចណាស់ទៅសន្យាថា នែបើខ្ញុំឈ្នះ ខ្ញុំអត់ឱ្យសងទេ។ អ៊ីចឹងបើអាអ្នក អាមនុស្សហ្នឹង វាជំពាក់លុយគេ ជំពាក់ធនាគារ សុំឱ្យធនាគាររឹបអូសអាអ្នកហ្នឹងតែម្តងទៅ ឱ្យវាឆាប់លឿន កុំឱ្យហ្អែងខូចពេកមើល!។ អានេះគេសុំការអនុគ្រោះ រដ្ឋាភិបាលសុំការអនុគ្រោះ រៀបចំឥណទានឡើងវិញចំពោះអ្នកដែលជំពាក់ធនាគារហើយយោគយល់ចំពោះការលំបាកក្នុងការសងយឺត ក្នុងការស្អីៗហ្នឹង អាចប្រើប្រាស់រយៈពេលខ្លះ»៕