ភ្នំពេញៈ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជា «សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន»។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ ខែមេសា។
ព្រះរាជក្រឹត្យបញ្ជាក់ថា លោកស្រី ម៉ែន សំអន គឺជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរព ស្រឡាញ់របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជក្រឹត្យបញ្ជាក់ថា៖«លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអ្នកដឹកនាំដ៏ឆ្នើម ជាទីគោរព ស្រឡាញ់របស់ប្រជារាស្ត្រ បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ មានសន្តិសុខសង្គមបានល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា»៕