
ឪពុកនាំកូនដើរកាត់វាលក្រោមកម្ដៅថ្ងៃ។ ហេង ជីវ័ន
ភ្នំពេញៈ អង្គការយូនីសេហ្វណែនាំដល់អាណាព្យាបាលដែលមានកុមារតូចៗត្រូវរក្សាសុវត្ថិភាពកុមារ ពីព្រោះកុមារងាយរងគ្រោះបំផុតដោយការវាយប្រហារពីកម្តៅ ដែលអាចឱ្យកុមារបាត់បង់អាយុជីវិតបាន ក្នុងអំឡុងពេលធាតុអាកាសក្តៅខ្លាំង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា បានលើកឡើងថា កុមារ ងាយរងគ្រោះបំផុតដោយសារកម្តៅ ហើយការវាយប្រហារដោយកម្តៅ (Heatstroke) អាចឱ្យពួកគេស្លាប់បាន ហេតុនេះអង្គការយូនីសេហ្វសូមធ្វើការណែនាំខ្លះៗសម្រាប់ឪពុកម្តាយ ឬអាណាព្យាបាល ដើម្បីរក្សាសុវត្ថិភាពកូនៗ ក្នុងអំឡុងពេលធាតុអាកាសក្តៅខ្លាំងបែបនេះ។
អង្គការយូនីសេហ្វ បានណែនាំថា ៖ «បើសិនជាយកទារកទើបនឹងកើត និងចេះដើរ ចេញក្រៅ គួរតែធ្វើនៅពេលព្រឹក ឬពេលរសៀល, កុមារគួរតែស្លៀកពាក់ខោអាវស្ដើង រលុង និងមានមួក,ត្រូវមានទឹកឱ្យកុមារញ៉ាំឱ្យបានញឹកញាប់ និងកុំទុកកុមារតូចនៅក្នុងរថយន្តក្រោមកម្ដៅថ្ងៃតែម្នាក់ឯង»។
ប្រភពដដែលបញ្ជាក់ថា ប្រសិនជារកឃើញមានករណីកុមារ បានទទួលរងការវាយប្រហារដោយកម្តៅ ដែលមានអាការក្ដៅខ្លួនខ្លាំង លើសពី៤០ អង្សា ស្បែកស្ងួត ឬក្រហម បេះដូងលោតញាប់ ឈឺក្បាល រាក ក្អួត អស់កម្លាំង និងបាត់បង់ស្មារតីជាដើម អង្គការយូនីសេហ្វថា ត្រូវតែបញ្ជូនកុមារទៅមន្ទីរពេទ្យជាបន្ទាន់ និងយកកុមារដាក់កន្លែងម្លប់ ឬបន្ទប់ម៉ាស៊ីនត្រជាក់ ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់។
បន្ថែមពីនេះទៀត ក៏ត្រូវឱ្យកុមារញ៉ាំទឹក ជូតខ្លួន និងងូតទឹកត្រជាក់ ហើយត្រូវស្អុំក្បាលកុមារនឹងទឹកកកផងដែរ។
លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃនេះ ធាតុអាកាសក្ដៅខ្លាំងបែបនេះ វាធ្វើឱ្យប៉ះពាល់ទៅដល់កុមារ ងាយរងគ្រោះជាងមនុស្សចាស់ ពីព្រោះស្បែកកុមារមានស្ថានភាពស្ដើងជាង និងងាយប្រែប្រួលទៅនឹងអាកាសធាតុ។ ដូច្នេះវានឹងធ្វើឱ្យកុមារត្រូវបាត់បង់ជាតិទឹក និងអាចប្រឈមនូវជំងឺរាក ក្អួត ខ្វះជាតិទឹកផងដែរ។
លោកថា ប្រសិនបើកម្ដៅកើនខ្លាំង វាអាចកើតជំងឺរលាកស្បែកថែមទៀត ដែលបញ្ហាទាំងអស់នេះវាអាចកើតជាការប្រឈមចំពោះមុខផង និងការប្រឈមយូរអង្វែងផង។
លោក នុត សម្បត្តិ បានថ្លែងថា៖ «ដូច្នេះក្មេង មានគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលមានធាតុអាកាសក្ដៅខ្លាំង និងប្រែប្រួល វាអាចប៉ះពាល់ទៅដល់អាយុជីវិត ហើយឪពុកម្ដាយដែលមានក្មេងតូចៗ ក៏មិនត្រូវឱ្យក្មេងចេញទៅខាងក្រៅ ឬបើចេញទៅក្រៅ ត្រូវពាក់អាវឱ្យជិត មិនត្រូវឱ្យពួកគាត់ប៉ះនឹងពន្លឺថ្ងៃនោះទេ»។
ជាមួយគ្នានេះ លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា សម្រាប់ក្រសួងសង្គមកិច្ច ក៏កំពុងតែគិតគូរចំពោះបញ្ហាកុមារ ដែលងាយរងគ្រោះដោយសារការកើនឡើងកម្តៅនេះដែរ ព្រោះអ្វីដែលអង្គការយូនីសេហ្វបានណែនាំនេះ វាគឺជាអ្វីដែលក្រសួងកំពុងតែខ្វល់ខ្វាយផងដែរ។
លោកថា ក្នុងឆ្នាំនេះ ធាតុអាកាសមានស្ថានភាពក្ដៅ ខុសពីឆ្នាំធម្មតា ហេតុនេះអាណាព្យាបាលរបស់ក្មេងៗ ជាពិសេសក្មេងតូចៗ ត្រូវតែមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ក្នុងការមើលថែក្មេងៗទាំងនោះឱ្យល្អ ព្រមទាំងយកចិត្តដាក់ ដើម្បីចៀសវាងហានិភ័យសុខភាពណាមួយកើតឡើងលើក្មេងតូចៗទាំងនោះ។
លោក តូច ចាន់នី ថា៖ «ឪពុកម្ដាយ ឬអាណាព្យាបាលរបស់ក្មេងតូចៗ គួរតែប្រុងប្រយ័ត្ន យកចិត្តទុកដាក់ក្នុងការមើលថែទាំក្មេងឱ្យបានល្អ ឱ្យបានយកចិត្តទុកដាក់ ពីព្រោះក្ដៅខ្លាំង អាចប៉ះពាល់ទៅដល់សុខភាពរបស់ក្មេងៗ ដែលនេះជាការអំពាវនាវរបស់ក្រសួង»។
សូមរំឭកថា កាលពីដើមខែមេសាកន្លងមក ក្រសួងសុខាភិបាលក៏បានណែនាំឱ្យប្រជាពលរដ្ឋត្រូវថែទាំសុខភាព និងបរិភោគទឹកឱ្យបានច្រើន ហើយក៏កុំស្ថិតនៅក្រោមកម្តៅថ្ងៃដោយផ្ទាល់យូរពេកដែរ៕