ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានណែនាំដល់គ្រឹះស្ថានសាធារណៈ និងឯកជនទាំងអស់មិនត្រូវឱ្យសិស្សលេងបាញ់ទឹក ជះទឹក និងលាបម្សៅទេក្នុងអំឡុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងចុះថ្ងៃទី ៧ ខែមេសា។
ដោយកន្លងមកក្រសួងបានសង្កេតឃើញ សិស្សានុសិស្សមួយចំនួននៅតាមគ្រឹះស្ថានមធ្យមសិក្សា បាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ ដូចជាការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក និងលាបម្សៅជាដើម ដែលជាសកម្មភាពធ្វើដាក់គ្នាទៅវិញទៅមកដោយគ្មានសណ្ដាប់ធ្នាប់ គ្មានរបៀបរៀបរយ គ្មានភាពថ្លៃថ្លូរ និងគ្មានសុវត្ថិភាពផងដែរ។
សេចក្ដីណែនាំនេះឱ្យដឹងថា៖ «ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ ព្រមទាំងធានាបាននូវភាពថ្លៃថ្នូរ សុវត្ថិភាព ចំពោះសិស្សានុសិស្ស ក្រសួងសូមហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណា ដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់»។
ល្បែងកម្សាន្តដូចជា លេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក និងលាបម្សៅ ធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្លូររបស់ជាតិ និងមិនសមជាកុលបុត្រកុលធីតាខ្មែរឡើយ។ ក្រៅពីនេះទៀត ក្រសួងក៏បានណែនាំដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវបែងចែកការទទួលខុសត្រូវតាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួលឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាពនិងត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗផងដែរ។
ក្រសួងក៏បានណែនាំឱ្យគ្រឹះស្ថានអប់រំសហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីផ្ដល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឱ្យដឹងថា ការលេងបាញ់ទឹក លាបម្សៅនេះ អាចបង្កឱ្យមានជាគ្រោះថ្នាក់ចរាចរណ៍ និងការលេងលាបម្សៅនេះ វាអាចប៉ះពាល់ទៅដល់កត្តិយស សេចក្ដីថ្លៃថ្លូររបស់បុគ្គលម្នាក់ៗ។
លោកថ្លែងថា៖ «ការហាមឃាត់របស់ក្រសួង ជារឿងល្អ ក៏ប៉ុន្តែការធ្វើកិច្ចការនេះបន្ថែមទៀតពីខាងអាជ្ញាធរនៅតាមមូលដ្ឋាន»៕