ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​អាចារ្យ​គ្រប់រូប ផ្ដល់​ការអប់រំ​ដល់​ពលរដ្ឋ​អំពី​បញ្ហា​គ្រឿងញៀន និង​ល្បែង​ស៊ីសង និង​ចូលរួម​ថែរក្សា​តម្លៃ​សាសនា និង​ការអប់រំ​ឱ្យ​ដើរ​ទន្ទឹមគ្នា​។​

​លោកនាយក​រដ្ឋមន្ត្រី បានធ្វើ​ការជំរុញ​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អាចារ្យ អាចារិនី​ចំនួន​ ១ ៥០០​ នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ​៨ មេសា​ បន្ទាប់ពី​លោក​ខកខាន​ជួប​ដោយផ្ទាល់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ចាប់តាំងពី​ជំនួប​នេះ​បាន​ធ្វើឡើង​លើកដំបូង​កាលពី​ឆ្នាំ​ ២០១៦​។​

​ក្នុងឱកាស​នោះ​លោក ហ៊ុន សែន បាន​ថ្លែង​រៀបរាប់​រឿងរ៉ាវ និង​ប្រវត្តិ​ជាច្រើន រួម​នឹង​ការ​រំឭក​ពី​ជំនួប​ដំបូង​រវាង​លោក​នឹង​អា​ចា​រ្យ អាចារិនី​នៅ​ទូទាំងប្រទេស​ផងដែរ​។ លោក​បន្តថា ការជួបជុំ​ប្រចាំឆ្នាំ​របស់​អាចារ្យ និង​អាចារិនី​ទូទាំងប្រទេស គឺ​ដើម្បី​លើកកម្ពស់​សមត្ថភាព​យ​ល់​ដឹង​អំពី​ក្បួនច្បាប់​ក្រឹត្យក្រម​អាចារ្យ​ជា​គោល​ដែលមាន​ការឯកភាព​រួម​។

​លោក​ថា ជំនួប​សំណេះសំណាល​នេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​លើ​កម្រិត​វប្ប​ធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​បន្ថែម​ដល់​អាចារ្យ​និង​អាចារិនី​ទាំងអស់ ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ពីស​មា​គម​អាចារ្យ​ខ្មែរ ខណៈ​ការជួបជុំ​នេះ​នឹងចូលរួម​ពង្រឹងសមត្ថភាព​ចំណេះដឹង​ទូទៅ​របស់​អាចារ្យ និង​អាចារិនី​ឱ្យ​កាន់តែ​ល្អ មាន​ទំនុកចិត្ត និង​ទទួលយកបាន​ក្នុងការ​បម្រើ​កិច្ចការ​អាចារ្យ​។

​លោក​បញ្ជាក់ថា​៖ «​វា​ជា​រឿង​ពិត​មួយ មិនអាច​ប្រកែក​បាន នៅពេល​វិស័យ​អាណាចក្រ​ជួបប្រទះ​គ្រោះមហន្តរាយ​ហើយ​នោះ វិស័យ​ពុទ្ធចក្រ ក៏​រងគ្រោះ​ផងដែរ ដូចជា​ករណី​ការធ្វើ​រដ្ឋប្រហារ​ឆ្នាំ​ ១៩៧០ នៃ​របប​ធារ​ណ​រដ្ឋ​កម្ពុជា លន់ នល់ និង​ពី​ឆ្នាំ​ ១៩៧៥ នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ ប៉ុល ពត ជាដើម​ដែល​ធ្វើឱ្យ​សាសនា​ទាំងអស់​ត្រូវ​ជួប​នូវ​គ្រោះមហន្តរាយ​»​។

​ដូច្នេះ​លោក ហ៊ុន​ សែន​ អំពាវនាវ​ដល់​អាចារ្យ អាចារិនី​ទាំងអស់​ក្នុង​ពិធីមង្គលការ ត្រូវ​សម្រប​សម្រួល​ជាមួយ​ម្ចាស់​ដើមការ ចៀសវាង​ការខ្វែងគំនិត​គ្នា ក្នុង​ពិធីមង្គលការ ខណៈ​លោក​ក៏​ស្នើឱ្យ​អាចារ្យ​ទាំងអស់ ផ្ដល់​ការអប់រំ​ដល់​ពលរដ្ឋ​អំពី​បញ្ហា​គ្រឿង​ញៀន និង​ល្បែងស៊ីសង ព្រោះ​នៅពេល​ពលរដ្ឋ​ប្រព្រឹត្ត​អំពើ​គ្រឿងញៀន នោះ​នឹង​កើតឡើង​នូវ​ល្បែងស៊ីសង និង​ចោរ​លួច​ចោរប្លន់​។

​លោកបញ្ជាក់ថា​៖ «​ក្នុង​បញ្ហា​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម​នេះ សុំ​លោកយាយ លោកតា ញាតិ​ញោម បងប្អូន​ទាំងឡាយ គឺ​ចូលរួម​នៅក្នុង​ការជួយ​នៅតាម​គេ​ហៅថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ យក​អាហ្នឹង​ធ្វើជា​ស្នូល ព្រោះ​រឿង​វា​នៅ​នឹង​មូលដ្ឋាន​ទាំងអស់​ហ្នឹង​។ ថ្ងៃនេះ​បាន​ជួប​អាចារ្យ បាន​ជួប​អាចារិនី ដែល​នៅតាម​ទី​អារាម​នានា​ផ្ដល់​ការអប់រំ​ចំពោះ​ពលរដ្ឋ ដែល​គាត់​ទៅសុំ​សីល ឬ​ក្មេងៗ ឬក៏​ទៅធ្វើ​បុណ្យ ធ្វើ​ទាន យើង​ផ្ដល់​ការអប់រំ​។ ក្នុង​ហ្នឹង​មាន​បញ្ហា​ទាក់ទង​នឹង​គ្រឿងញៀន បញ្ហា​ទាក់ទង​នឹង​បញ្ហា​ល្បែងស៊ីសង​»​។​

​ក្រៅពី​បញ្ហា​ទាំងនេះ​លោក​ ហ៊ុន សែន ថែមទាំង​បានចាត់ទុក​បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ធ្ងន់ធ្ងរ ហើយ​បើសិនជា​កូន​ចៅ ឬ​សាច់ញាតិ និង​អ្នក​នៅក្នុង​ភូមិ​របស់​ពួកគេ​ប្រព្រឹត្ត​អំពើ​គ្រឿងញៀន​ច្រើន វា​នឹង​កើតឡើង​នូវ​ល្បែងស៊ីសង​ច្រើន​និង​ចោរលួច​ចោរប្លន់​នៅក្នុង​មូល​ដ្ឋា​ន​។ លោក​ស្នើ​អាចារ្យ យាយជី និង​ព្រះសង្ឃ​ផ្តល់នូវ​ការអប់រំ​នូវ​អំពើ​ល្អ​ដល់​ពលរដ្ឋ ហើយ​កាលណា​ពលរដ្ឋ​មាន​សីលធម៌ និង​មាន​គុណធម៌​ល្អ អំពើ​ទុច្ចរិត​មិន​កើតឡើង​នោះទេ ហើយ​បើ​វា​កើតឡើង​ក៏​កើត​តិចតួច​ដែរ​។ លោក ហ៊ុន សែន មានប្រសាសន៍ថា​៖ «​អ៊ីចឹង សុំ​មេត្តាជួយ​ទៅដល់​ក្នុងការ​ថែរក្សា​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​»​។​

​ចំណែក​ពាក់ព័ន្ធ​នឹង​កិច្ចការ​សិល្បៈ​បុរាណ​ខ្មែរ​វិញ លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយឧបត្ថម្ភ​ឱ្យមាន​ភ្លេងពិណពាទ្យ នៅតាម​ទីវ​ត្ត​អារាម​នានា ដើម្បី​ជួយ​ការពារ និង​ថែ​​រក្សា​ទំនៀមទម្លាប់​របស់​ខ្មែរ​ព្រោះ​ទី​អា​រាម គឺជា​កន្លែង​រក្សា​នូវ​សម្បត្តិ​វប្បធម៌​ជាតិ​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា សប្បុរស​ជន​នានា អាច​នឹង​ចែករំលែក​ជួយ​ទៅដល់​វត្ត​នេះ ១ វង់​ទៅ វត្ត​នោះ ១ វង់​ទៅ​។ វា​ក៏​មិនជា​ថ្លៃ​ប៉ុន្មាន​ទេ ហើយ​ដាក់​ទៅ ក្មេងៗ​ចេះ​វ៉ៃ​។ យើង​ថា ជាង​ ៥ ០០០ វត្ត ឱ្យតែ​មាន ៤ ០០០ វត្ដ យើង​មាន​ ៤ ០០០ វង់ ភ្លេងពិណពាទ្យ ហើយ​ក្នុង ១ វង់ភ្លេង​ពិណពាទ្យ​យើង​គិតថា មាន ៦ នាក់​។ អ៊ីចឹង​យើង​គិត​មើល អ្នក​ដែល​ជួយ​ការ​ពារ រក្សា​ទំនៀមទម្លាប់​របស់​យើង​មាន​ប៉ុន្មាន​ទៅ​? វា​កើត ត​កូន ត​ចៅ​ទៅថ្ងៃក្រោយ​ទៀត​»​។​

​លោកនាយក​រដ្ឋមន្ត្រីចាត់ទុកថា ទី​អារាម​គឺជា​កន្លែង​នៃ​ការរក្សា​នូវ​សម្បត្តិ​វប្បធម៌​ជាតិ ដោយ​លើក​ឧទាហរណ៍​ថា ទូកង បន្ទាប់ពី​ប្រណាំង​រួចហើយ គឺ​គេ​មិនដែល​យកទៅដាក់​នៅតាម​ផ្ទះ​នោះទេ គឺ​គេ​យកទៅដាក់​នៅតាម​ទីវ​ត្ត​អារាម ហើយ​នោះ​ថា ដែល​ក្លាយទៅជា​សម្បត្តិ​ជាតិ​មួយ​ដែរ​។

​លោក​ថ្លែងថា​៖ «​ស្គ គង សម្រាប់​វ៉ៃ​ពេល​មាន​បុណ្យសព​ស្អីៗ​នេះ គេ​ទុក​នៅ​វត្ត​ទេ អត់​ដែល​ទុក​នៅផ្ទះ​ទេ​។ ចំណុច​អស់ទាំង​នេះ​ដែល​យើង​ត្រូវ​ឃើញ​តួនាទី​របស់​ព្រះពុទ្ធសាសនា ដែល​បាន​ចូលរួមចំណែក​យ៉ាង​ធំ​នៅក្នុង​ការកសាង ថែរក្សា​វប្បធម៌​ជាតិ​របស់​យើង​»​។​

​លោក សំបូរ ម៉ា​ណា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រថ្លែងថា ប្រវត្តិសាស្ត្រ​កម្ពុជា​ជា​យូរលង់​ណាស់​មកហើយ វប្ប​ធម៌ សាសនា និង​សង្គម បាន​បញ្ជ្រាប​ចូលគ្នា ដើម្បី​ធ្វើឱ្យ​ប្រទេស​ខ្មែរ និង​ប្រ​ជា​ជាតិខ្មែរ​មានការ​រីកចម្រើន ហើយ​​វប្បធម៌ និង​អរិយធម៌​ទាំង​នោះបាន​ពង្រឹង​ធ្វើឱ្យ​ជំនឿ​របស់​ខ្មែរ​ក្នុង​ប្រវត្តិសាស្ត្រ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​កាន់តែ​រឹងមាំ​ឡើង​។

​លោក​បញ្ជាក់ថា ដូច្នេះ ការច្នៃ​រក្សា និង​ច្នៃប្រឌិត​នូវ​ឥទ្ធិពល​ដែល​ខ្មែរ​ទទួលបាន​ពី​គ្រប់​សាសនា ជាពិសេស​គឺ​ព្រះ​​ពុទ្ធ​សាល​នា និង​ព្រហ្មញសាសនា ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ព​ង្រឹ​ក​ដឹកនាំ​ប្រទេស ដែល​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​ក្នុង​ពេលនេះ គឺជា​ការពង្រឹង​បន្ថែមទៀត សម្រាប់​ការអភិវឌ្ឍ​ប្រទេស​។​

​លោក​បញ្ជាក់​៖ «​យើង​បាន​បង្រួបបង្រួម​មនុស្ស​នៅក្នុង​សង្គម​ឱ្យធ្វើ​កិច្ចការ​ដោយ​បេះដូង​ឱ្យធ្វើ​កិច្ចការ ដើម្បី​ប្រទេសជាតិ កសាង​ប្រាសាទ​ដ៏​រឹងមាំ​។ ទាំងអស់​នោះបាន​ជឿ​ទៅលើ​អ្នកដឹកនាំ​បាន​ជឿ​ទៅលើ​សាសនា បាន​ជឿ​ទៅលើ​សង្គម បង្កើតជា​វប្បធម៌​អភិវឌ្ឍន៍​រីកចម្រើន​។ ដូច្នេះ​នាយករដ្ឋមន្ត្រី លោក​មានប្រសាសន៍​នេះ​គឺជា​ការពង្រឹង​បន្ថែមទៀត ដោយ​រំឭក​ពី​អតីត​កាលពី​ការអភិវឌ្ឍ​ជាហេតុ​។ សាសនា​ណា ក៏មាន​តម្លៃ​សម្រាប់​សង្គម សាសនា​ណា ក៏មាន​តម្លៃ​សម្រាប់​អប់រំ​មនុស្ស ទាំងនេះ​គឺ​បង្កើតឱ្យមាន​តម្លៃ​ក្នុងការ​គណនា​»​។

​លោក​លើកឡើង​ទៀតថា ក្នុង​ពេលនេះ កម្ពុជា មាន​វត្ត​អារាម​ជាង ៥ ០០០ កន្លែង ដែល​ច្រើនជាង​សាលារៀន​នៅ​ទូទាំងប្រទេស​ទៅទៀត ប៉ុន្តែ​តាម​វត្ត​អារាម​ខ្លះ​ហាក់​មិន ទាន់​បាន​ចូលរួម​ឱ្យបាន​ពេញលេញ​ក្នុងការ​អភិវឌ្ឍ ថែរក្សា​សិល្បៈ វប្បធម៌​ខ្មែរ​ដែលមាន​នោះទេ​។

​លោក​រៀបរាប់ថា​៖ «​សម្ភារ​ដែល​លោក ​(​ហ៊ុន សែន​) បាន​លើក​នោះ ​(​ឧបករណ៍​ភ្លេងខ្មែរ​) គឺមាន​នៅក្នុង​រចនាប័ទ្ម​ខ្មែរ​តាម​បញ្ជរ​នៃ​ប្រា​សាទ​។ អ៊ីចឹង​ប្រសិនជា​យើង​មិន​នាំគ្នា​រក្សាទុក​ទេ យើង​មិន​នាំគ្នា​ធ្វើ​ទេ យើង​បាត់បង់​។ ខ្ញុំ​ឃើញ​វត្ត​មួយចំនួន លោក​បានធ្វើ​ហើយ​ប៉ុន្តែ​ក្នុង​អារាម​មួយចំនួន លោក​អត់​មានបាន​ធ្វើ​។ ចំណុច​ទាំងអស់នេះ​បញ្ជាក់ថា យើង​មាន​ឆកល្វែង​ក្នុង​កិច្ចការ​អភិរក្ស​ទាំងអស់​ហ្នឹង​»៕