ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថាកម្ពុជាត្រូវបានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិបានបើកអង្គប្រជុំនៅទីក្រុងញូវយ៉កអនុម័តឱ្យចូលជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (PCB of UNAIDS) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកអាណត្តិ ២០២៣-២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីថ្ងៃទី ៧ ខែមេសា ឱ្យដឹងថា ការបោះឆ្នោតសម្រេចនេះបានធ្វើឡើងនៅថ្ងៃទី ៥ ខែមេសា ដោយក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមរបស់អង្គការសហប្រជាជាតិដោយបានលើករបៀបវារៈមួយចំនួន ក្នុងនោះមានការបោះឆ្នោតបំពេញបន្ថែមសមាជិក ក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (Program Coordinating Board of UNAIDS) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា៖ «ជោគជ័យនេះជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលដែលឆ្លុះបញ្ចាំងនូវការទទួលស្គាល់ដោយសហគមន៍អន្តរជាតិចំពោះការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាថា ជាកម្មវិធីឈានមុខមួយប្រកបដោយប្រសិទ្ធភាព»។
ក្នុងឋានៈជាសមាជិកថ្មីនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ កម្ពុជាប្រាកដជាអាចចូលរួមមតិដល់ការរៀបចំកម្មវិធីប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីកែលម្អ និងជំរុញការប្រយុទ្ធនឹងមេរោគអេដស៍ឱ្យសម្រេចគោលដៅលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍ ដោយជោគជ័យតាមកាលកំណត់នៅក្នុងពិភពលោក។ នេះបើតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បន្ថែម។
ប្រភពដដែលបន្ថែមថា៖ «ការជាប់ឆ្នោតចូលជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអេដស៍នេះជាជោគជ័យនៃនយោបាយការបរទេសរបស់កម្ពុជា ដែលតែងតែស្វែងរកមិត្តជាប់ជាប្រចាំគ្រប់ទីកន្លែង គ្រប់និន្នាការ និងដែលកំពុងទទួលបាននូវការគាំទ្រកាន់តែធំធេងពីសហគមន៍អន្តរជាតិ»។
ទាក់ទងនឹងការអនុម័តនេះ លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណាបានថ្លែងថា ក្នុងនាមអង្គការសង្គមស៊ីវិល លោកមានការសប្បាយចិត្ត និងបានចាត់ទុកជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា។ តាមរយៈនេះ កម្ពុជានឹងអាចប្រើប្រាស់កម្មវិធីនេះ ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះពីបញ្ហាអេដស៍ដែលកម្ពុជាទទួលបានជោគជ័យនាពេលកន្លងមក។
លោកបានបន្តថា កម្ពុជានឹងអាចជំរុញឱ្យរួមគ្នាដើម្បីដំណើរការឆ្ពោះទៅសម្រេចបានគោលដៅនៅក្នុងឆ្នាំ ២០៣០ របស់សកលលោកដែលនេះធ្វើឱ្យកម្ពុជាកាន់តែល្បីល្បាញ និងកេរ្តិ៍ឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ តាមរយៈការចែករំលែកបទពិសោធន៍ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកយកទៅអនុវត្តឱ្យទទួលបានជោគជ័យដូចកម្ពុជាដែរ ពាក់ព័ន្ធនឹងបញ្ហាអេដស៍នេះ។
លោក ជួប សុខចំរើន បានបញ្ជាក់ថា៖ «នៅតំបន់អាស៊ីអាប៉ាហ្វិក មានប្រទេសមិនតិចជាង ២០ ទេ ដែលមានបញ្ហាប្រឈមច្រើនលើការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ ហើយមេរៀនបទពិសោធន៍ដែលកម្ពុជាមាននឹងជួយជំរុញឱ្យប្រទេសទាំងនោះរៀនសូត្របាន ដើម្បីបញ្ចប់បញ្ហាអេដស៍នៅក្នុងឆ្នាំ ២០៣០ របស់ពិភពលោកបាន។ នេះជាមោទនភាពរបស់ជាតិខ្មែរយើង»។
សូមបញ្ជាក់ផងដែរថា នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៧ ខែមេសា កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងផងដែរដោយបង្ហាញពីមោទនភាពរបស់កម្ពុជាដែលត្រូវបានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម អង្គការសហប្រជាជាតិ បានសម្រេចបោះឆ្នោតទទួលស្គាល់ និងបានបញ្ចូលជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ UNADIS៕