ភ្នំពេញៈ ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ រាជានុញ្ញាត​ដល់​ចៅក្រម​នៃ​សាលាឧទ្ធរណ៍ និង​ព្រះរាជអាជ្ញា នៃ​មហា​អយ្យ​ការ​អម​សាលាឧទ្ធរណ៍ អាច​ពន្យារពេល​ចូលនិវត្តន៍ និង​បន្តការងារ​បាន​រយៈពេល​៥​ឆ្នាំ​បន្តទៀត បន្ទាប់ពី​ដល់​អាយុ​ចូលនិវត្តន៍​ ៦០ ​ឆ្នាំ​។​

​ព្រះរាជក្រឹត្យ​នេះ បានធ្វើ​ឡើង តាម​សំណើ​របស់​ក្រសួងយុត្តិធម៌ ក្រោយ​មានការ​សម្រេច​ពី​ឧ​ត្ត​ម​​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដើម្បី​ដោះស្រាយ​សម្រាប់​រយៈពេល​អ​ន្ត​រកា​ល​នូវ​បញ្ហា​ប្រឈម​ចំពោះមុខ​អំពី​កង្វះខាត​ចំនួន​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​ថ្នាក់​តុលា​ការជាន់​ខ្ពស់​មួយ​នេះ​។​

​ព្រះរាជក្រឹត្យ​ដែល​បាន​ចុះ​ព្រះ​​ហស្ត​លេខា​ដោយ​អង្គ​ព្រះមហា​ក្សត្រ​នៅ​ថ្ងៃទី​ ៨ ខែមេសា ឆ្នាំ​ ២០២៣ បានប្រកាសថា ការ​សម្រេច​នេះ សំដៅ​ធានា​និរន្តរ​ភាពល្អ នៃ​កិច្ចដំណើរការ​របស់​ស្ថាប័ន​តុលាការ និង​អង្គការ​អយ្យការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ព្រះរាជក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែល​កំពុង​បម្រើ​ការងារ​នៅ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលា​ឧទ្ធរណ៍ ដែលមាន​អាយុ​ចាប់ពី ​៦០ ​ឆ្នាំ ដល់ ​៦៥ ​ឆ្នាំ​។

ព្រះរាជក្រឹត្យ​បញ្ជាក់ថា​៖ «​ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍ និង​ព្រះរាជអាជ្ញា​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ត្រូវ​ចូលនិវត្តន៍​នៅពេល​ដល់​អាយុ ៦០​ ឆ្នាំ​។ ប៉ុន្តែ​នៅពេល​ដល់​អា​យុ​ត្រូវ​ចូលនិវត្តន៍ ចៅក្រម​នៃ​សាលាឧទ្ធរណ៍ និង​ព្រះរាជអាជ្ញា នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ អាចដាក់​ពាក្យស្នើសុំ​ពន្យារពេល​នៃ​ការចូលនិវត្តន៍ និង​ការ​បន្តការងារ​ទៀត​បាន​»​។

​ព្រះរាជក្រឹត្យ​ដដែល​បន្តថា​៖« ​ការពន្យារពេល​នៃ​ការចូលនិវត្តន៍ និង​ការបន្ត​ការងារ​នេះ អាច​ត្រូវបាន​អនុញ្ញាត​សម្រាប់​រយៈពេល ​១ ​ឆ្នាំ​ម្តង ប៉ុន្តែ​មិនត្រូវ​ឱ្យលើស​អាយុ​ ៦៥ ​ឆ្នាំ​ឡើយ​។ ការអនុញ្ញាតឱ្យ​ពន្យារពេល​នៃ​ការចូលនិវត្តន៍ និង​ការបន្ត​ការងារ​នេះ ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​សមត្ថភាព​ការងារ គុណសម្បត្តិ និង​ស្នាដៃ​ការងារ​ដែល​បម្រើឱ្យ​វិស័យ​យុត្តិធម៌ ព្រម​ទាំង​សុខភាព និង​សម្បទា​វិជ្ជា​​ជីវៈ​របស់​សាមីខ្លួន​ម្នាក់ៗ​»​។​

​ព្រះរាជក្រឹត្យ​ដែលមាន ៥ ​មាត្រា និង ៣ ជំពូក​នេះ ក៏បាន​ណែនាំ​ពី​របៀប​ដាក់ពាក្យ​ស្នើសុំ​ពន្យារ​ពេល​នៃ​ការចូលនិវត្តន៍ និង​ការ​បន្តការងារ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍​ផងដែរ ដោយ​ត្រូវដាក់​នៅ​អគ្គ​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ឱ្យបាន​យ៉ាងតិច​ ៦០​ ថ្ងៃ មុនពេល​ដល់​អាយុ​ចូល​​និវត្តន៍ ឬ​មុនពេល​ផុត​សុពលភាព ដែល​បាន​អនុញ្ញាតឱ្យ​ពន្យារពេល​នៃ​ការចូលនិវត្តន៍ និង​ការបន្ត​ការងារ​របស់​សាមីខ្លួន​។

​អគ្គលេខាធិការដ្ឋាន​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ត្រូវ​ពិនិត្យ​ជាបឋម​អំពី​នីត្យានុកូល​ភាព និង​លក្ខខណ្ឌ​នៃ​ការស្នើសុំ​ពន្យារពេល​នៃ​ការចូលនិវត្តន៍ និង​ការបន្ត​ការងារ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​ដែលមាន​ការ​ពាក់ព័ន្ធ​ស្របតាម​បទ​ប្បញ្ញត្តិ ហើយ​នៅពេល​មានការ​អនុញ្ញាត ត្រូវធ្វើឡើង​ដោយ​ព្រះរាជក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ដដែល​។​

​លោក​ ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ មេសា​ថា បច្ចុប្បន្ន ចៅក្រម និង​ព្រះរាជអាជ្ញា​តុលា​ការ​គ្រប់​ជាន់ថ្នាក់​នៅ​ទូទាំងប្រទេស មាន​សរុប​ប្រមាណ​ ៦០០ ​នាក់​។ លោក​បន្តថា ធនធាន​ទាំងនេះ គឺ​នៅមាន​ការខ្វះខាត​ច្រើន​ជាពិសេស​នៅក្នុង​ថ្នាក់​តុលាការ​ជាន់ខ្ពស់ ដែលជា​ហេតុនាំឱ្យ​មាន​ល​ក្ខ​​ខណ្ឌ​ពិសេស​សម្រាប់​ឆ្លើយតប​ជាមួយនឹង​ការខ្វះខាត​ធនធាន​ក្នុង​សាលាឧទ្ធរណ៍ និង​សាលា​កំពូល​។ លោក​ម៉ា​លីន លើកឡើងថា ចំពោះ​លក្ខខណ្ឌ​ពិសេស​នេះ ក៏ត្រូវ​ផ្អែកទៅលើ​ស្ថានភាព​ចាំ​បាច់ និង​លក្ខខណ្ឌ​របស់​បុគ្គល​នីមួយៗ​ផងដែរ ដែល​ការពន្យារពេល​ចូលនិវត្តន៍ និង​បន្តការងារ​នេះ គឺអាច​ធ្វើបាន​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ម្តង​។​

​លោក​បញ្ជាក់ថា​៖ «​ក្នុង​ស្ថាន​ភាពចាំបាច់​នេះ គឺ​ចៅក្រម និង​ព្រះរាជអាជ្ញា​នៅ​តុលាការ​ជាន់ខ្ពស់​នេះ​គឺថា អាច​ពន្យារពេលបាន​ក្នុងករណី​យើង​ខ្វះ​ធនធានមនុស្ស​។ យើង​ត្រូវ​ការផលិត​ជា​រៀងរាល់ឆ្នាំ ក៏ប៉ុន្តែ​ទោះយ៉ាងណា ក៏​មិនទាន់​គ្រប់គ្រាន់​ឆ្លើយតប​តាម​កំណើន​ជា​កំ​ហុគ​នៃ​សំណុំរឿង​ដែល​បានកើត​ឡើងជា​រៀងរាល់ឆ្នាំ​»​។

​ជាមួយគ្នានេះ លោក ជិន​ ម៉ា​លីន ក៏បាន​ឱ្យដឹង​ដែរ​ថា បើទោះជា​មាន​ព្រះ​រាជានុញ្ញាត​បែបនេះ ក៏​ការសម្រេច​ទៅលើ​ការស្នើ​សុំ​នីមួយៗ ក៏ត្រូវ​អាស្រ័យទៅលើ​សមត្ថភាព និង​សុខភាព​របស់​បុគ្គល​ទាំងនោះ​ផងដែរ ព្រោះ​ការដែល​មាន​សុខភាព និង​សមត្ថ​ភាព​ក្នុងការ​បំពេញការងារ នោះ​គឺជា​អ្វីដែល​ក្រសួង​ចង់បាន មិនមែន​អនុញ្ញាតឱ្យ​ពន្យារពេល​ចូលនិវត្តន៍ ប៉ុន្តែ​មិនអាច​ធ្វើការ​ងារ​បាន​នោះទេ​។​

​លោក​រៀបរាប់ថា​៖​​ «​ពួកគាត់ គឺ​សុទ្ធតែ​មានចំណេះដឹង និង​បទពិសោធន៍ ដែលជា​ធនធាន​មួយ​ដែល​កំពុង​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​បើសិនជា​ស្ថានភាព​សុខភាព​គាត់ អំណោយផល​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ គឺ​គាត់​អាចធ្វើ​ការ​បានជា​ធម្មតា គឺ​ផ្អែកលើ​ស្ថានភាព​ចាំបាច់ និង​ផ្អែកទៅលើ​យើង​មាន​កង្វះ​ចៅ​ក្រម និង​ព្រះរាជអាជ្ញា​នៅឡើយ យើង​នឹង​ពិនិត្យ​លើ​លទ្ធភាព​ក្នុងការ​ពន្យារ​ចូលនិវត្តន៍​សម្រាប់​គាត់​»៕