ភ្នំពេញៈ​ ចាប់តាំងពី​ឆ្នាំ​ ២០២០ រហូតដល់​បច្ចុប្បន្ន ក្រសួងបរិស្ថាន​បាន​បញ្ជូន​សំណាក​កេសរ​កូ​ល​ព្រៃ​ចំនួន ៥០ ​សំណាក​ស្មើនឹង​ ៥០ ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ទៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ប៉ារីស​ប្រទេស​បារាំង ដើម្បី​កំណត់​អត្តសញ្ញាណ​ដោយ​អ្នកជំនាញ​និង​ចុះបញ្ជី​ជា​លក្ខណៈ​អន្តរជាតិ​។​នេះ​បើតាម​អ្នកជំនាញ​នៃ​នាយកដ្ឋាន​​ជីវចម្រុះ​របស់​ក្រសួងបរិស្ថាន​។

​លោក ច​ន្ធី សុ​មេត្តា ប្រធាន​កា​រិ​យា​ល័យ​ជីវៈ​សុវត្ថិភាព នៃ​នាយកដ្ឋាន​ជីវ​ចម្រុះ​របស់​ក្រសួងបរិស្ថាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ខែមេសា​ថា ចាប់ពី ឆ្នាំ​ ២០២០ រហូតមកដល់​បច្ចុប្បន្ន ក្រសួងបរិស្ថាន​បាន​បញ្ជូន​សំណាក​កេសរ​កូ​ល​ព្រៃ​ចំនួន​ ៥០​ សំណាក ស្មើនឹង ​៥០ ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​ទៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ប៉ារីស​ប្រទេស​បារាំង ប៉ុន្តែ​ជា​លទ្ធផល​នៅ​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​ពី​សារមន្ទីរ​នេះ​នៅឡើយ​។ លោក​បាន​បញ្ជាក់ថា​៖ «​សំណាក​ទាំងអស់​នឹងត្រូវ​កំណត់​អត្ដ​​សញ្ញាណ​ដោយ​អ្នកជំនាញ និង​ចុះបញ្ជី​ជា​លក្ខណៈ​អន្តរជាតិ​»​។

​លោក ច​ន្ធី សុ​មេត្តា បានឱ្យ​ដឹងផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​ ២០១៩ មក​ក្រសួងបរិស្ថាន តាមរយៈ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​សុខ​អាន​ភ្នំ​គូលែន​បាន​ប្រមូល​សំណាក​កេសរ​កូ​ល​ ២១០ ​ប្រភេទ​ស្មើ​ប្រមាណ​ ៥ ០០០​ សំណាក​។​មជ្ឈមណ្ឌល​នេះ បានរៀបចំ​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​ ១ នៅ​ឆ្នាំ​ ២០២០ វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​ ២ នៅ​ថ្ងៃទី ​១១ ខែឧសភា ឆ្នាំ​ ២០២២ ដែលមាន​អ្នកចូលរួម​ជាង ២ ៥០០​ នាក់ ហើយ​បន្ទាប់មក​បាន​បង្កើត​ប​ណ្តា​ញ​អ្នក​ស្រឡាញ់​កេសរ​កូ​ល និង​ជីវចម្រុះ​កម្ពុជា ដែលមាន​អ្នក​ចូលរួម​ជិត ​៦០០​ នាក់​។

​ដោយឡែក​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​៣ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី ​៧ ដល់​ថ្ងៃទី​ ៩ ខែមេសា ឆ្នាំ​ ២០២៣ នៅ​ផ្សារ​ទំនើប​អ៊ីអន​ ១ រាជ​ធានី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ព្រឹត្តិការណ៍​ពិព័រណ៍​កេសរ​កូ​ល​ព្រៃ ការសម្ពោធ​សៀវភៅ​បន្លែ​ផ្លែឈើ​កម្ពុជា ការសម្ដែង​សិល្បៈ ការបង្ហាញ​ម៉ូដ និង​ការប្រគំ​តន្ត្រី​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ ដោយមាន​មន្ត្រីរាជការ សិស្ស និស្សិត អ្នក​អភិរក្ស អ្នក​ថតរូប សិល្បករ សិល្បការិនី និង​ប្រជា​ពលរដ្ឋ បាន​ចូលរួម​យ៉ាងច្រើន​កុះករ និង​បាន​ស្វែងយល់​ពី​សារៈប្រយោជន៍​នៃ​ការស្រាវជ្រាវ និង​អភិរក្ស​ធនធាន​ជីវ​​ចម្រុះ​សម្រាប់​ទាំងអស់គ្នា​។​

​លោកស្រី ចាន់ សុ​ម៉ាលី អនុ​រដ្ឋ​លេខាធិការ​ក្រសួងបរិស្ថាន ថ្លែង​ក្នុង​ពិធី ពិព័រណ៍​កេសរ​កូ​ល​កម្ពុជា នៅ​ថ្ងៃទី ​៧ ខែមេសា​ថា វេទិកា​កេសរ​កូ​ល​ជាតិ​រៀប​ចំ​ឡើង​ដើម្បី​លើកកម្ពស់​ការចូលរួម និង​ការយល់ដឹង​ដល់​សាធារណជន​អំពី​សារៈសំខាន់ និង​តម្លៃ​របស់​កេសរ​កូ​ល​ព្រៃ និង​លើកទឹកចិត្ត ដល់​បណ្តាញ​អ្នក​ស្រឡាញ់​កេសរ​កូ​ល ដើម្បី​ចូលរួម​ក្នុង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​នៅ​កម្ពុជា​ជាពិសេស​គឺ​ប្រភេទ​កេសរ​កូ​ល​ព្រៃ​។

​លោកស្រី​បន្តថា ក្នុង​ឆ្នាំ​ ២០២៣ នេះ ក្រសួងបរិស្ថាន​បានរៀបចំ​ពិព័រណ៍​កេសរ​កូ​ល ដើម្បី​អបអរសាទរ វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​៣ ចាប់ពី​ថ្ងៃទី ​៧ ដល់ទី ​៩ ខែមេសា ឆ្នាំ​ ២០២៣ នៅ​ផ្សារ​ទំនើប Aeon I រាជធានី​ភ្នំពេញ ដោយមាន​កិច្ចសហការ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​នានា​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។

​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ពិព័រណ៍​កេសរ​កូ​ល​កម្ពុជា​បានបង្ហាញ​ជូន​អំពី​ប្រភេទ​រុក្ខជាតិ និង​សមិទ្ធផល​ពាក់ព័ន្ធ​នានា រួមមាន​៖ ការតាំង​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​តម្លៃ​របស់​កេសរ​កូ​ល​ព្រៃ កេសរ​កូ​ល​បង្កាត់ រុក្ខជាតិ​តាំង​លម្អ រុក្ខជាតិ​ក្នុង​សួន ប្រទាល រុក្ខជាតិ​ឈើ​ប្រណីត និង​ហូប​ផ្លែ ផលិតផល​កសិកម្ម​ធ​ម្ម​ជាតិ ផល​និង​អនុផល​ព្រៃឈើ រូបថត​និង​គំនូរ​ពាក់ព័ន្ធ​នឹង​ធម្មជាតិ ជីវចម្រុះ និង​កេសរ​កូ​ល​ជាដើម​»​។​

​ក្នុង​ពិព័រណ៍​នោះដែរ ក្រសួងបរិស្ថាន​បានបង្ហាញ​ពី​អត្ថប្រយោជន៍​របស់​ផ្កា​កេសរ​កូ​ល​ចំពោះ​សុខភាព​ចំនួន ​៥​ ចំណុច​រួមមាន ពង្រឹងគុណភាព​ខ្យល់ កាត់បន្ថយ​ភាព​តានតឹង កាត់បន្ថយ​ជំងឺ​ដែល​កើតមាន​តាម​រដូវ ជួយ​ឱ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ ពង្រឹង​ការផ្ដោត​អារម្មណ៍​៕