ភ្នំពេញៈ ក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសកុមារ និងមនុស្សចាស់ ឱ្យមានការប្រុងប្រយ័ត្ន និងការពារសុខភាព ដោយសារអាកាសធាតុក្តៅខ្លាំងអាចបណ្តាលឱ្យឈឺ និងអាចស្លាប់បានផងដែរ។
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១០ ខែមេសាថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុបណ្តាលឱ្យមានអាកាសធាតុក្តៅខ្លាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងនៅលើសកលលោកផងដែរ។
ក្រសួងបន្តថា ការប្រែប្រួលអាកាសធាតុបែបនេះ នឹងអាចធ្វើឱ្យធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកម្ដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកឡើងក្នុងសេចក្ដីប្រកាសនោះដោយណែនាំពលរដ្ឋទូទាំងប្រទេស ពិសេសអ្នករស់នៅតាមតំបន់ ក្តៅខ្លាំង ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយត្រូវអនុវត្តដោយប្រុងប្រយ័ត្នក្នុងការកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានដោយសារការទទួលរងនូវកម្ដៅក្ដៅខ្លាំង។
អាការនៃការប៉ះពាល់ទាំងនោះមានដូចជា បែកញើសខ្លាំងពេកខុសពីធម្មតា ការហត់នឿយដោយសារកម្ដៅក្ដៅខ្លាំង ឈឺរមួលសាច់ដុំ អស់កម្លាំងខ្លាំង ក្អួត វិលមុខ ឈឺក្បាល ដួលសន្លប់ ជីពចរដើរលឿន ហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
លោកម៉ម ប៊ុនហេង បានបញ្ជាក់ថា៖ «ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ យើងសូមឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធីសាស្ត្រសាមញ្ញៗមួយចំនួនដូចជា ត្រូវរក្សាជាតិទឹកនៅក្នុងរាង្គកាយឱ្យបានគ្រប់គ្រាន់,ចៀសវាងពិសាភេសជ្ជៈដែលបណ្ដាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ,កុំពិសាប្រៃ និងផ្អែមពេក,ត្រូវស្លៀកសម្លៀកបំពាក់ជួយការពារកម្ដៅ និងការពារការរលាកស្បែក ដោយពន្លឺព្រះអាទិត្យជាដើម...»។
លោករដ្ឋមន្ត្រីបានបន្តថា ប្រសិនបើអ្នកទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពខាងក្រៅផ្ទះ សម្រាប់ព្រឹកព្រលឹមបើអាចធ្វើបានឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពក្ដៅមានការថយចុះមកត្រជាក់ចៀសវាងសកម្មភាពពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យក្តៅបំផុត។
រីឯសមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់លើអ្នកងាយរងគ្រោះដោយសារ អាកាសធាតុក្តៅ រួមមាន៖ មនុស្សវ័យចាស់អាយុចាប់ពី ៦៥ ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង ៥ ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្តពីព្រោះពួកគេអាចត្រូវការជំនួយយ៉ាងតិចណាស់ ២ ដងក្នុង ១ ថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ និងកុំទុកពួកគាត់ចោលដោយមិនបានមើលពួកគាត់។
ទាក់ទិននឹងរឿងនេះ នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា លោក ទុំ វីរ៉ា បានឱ្យដឹងថា លោកមានការបារម្ភចំពោះសុខភាពមនុស្សចាស់ ពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុធ្វើឱ្យកម្ដៅកើនឡើងខ្លាំង ខណៈបញ្ហាទាំងអស់នេះអង្គការមនុស្សចាស់បាននិងកំពុងផ្សព្វផ្សាយតាមរយៈសមាជិកសមាគមមនុស្សចាស់ដែលជាក្រុមគោលដៅ។
លោកបានលើកឡើងដែរថា ជាទូទៅមនុស្សចាស់នៅក្នុងសហគមន៍ តែងតែខ្វះខាតក្នុងការទទួលបានព័ត៌មាន ហេតុដូច្នេះពួកគាត់មិនបានដឹងពីការការពារ និងការថែរក្សាសុខភាពពីខាងក្រសួងសុខាភិបាល ក្នុងអំឡុងពេលអាកាសធាតុក្តៅនេះឡើយ។
លោកទុំ វីរ៉ា បានបញ្ជាក់ថា៖ «យើងពិតជាមានការបារម្ភ ដែលយើងមើលឃើញភាគច្រើននៅតាមសហគមន៍ គាត់ខ្វះនូវព័ត៌មាន អ៊ីចឹងគាត់អត់មានការប្រុងប្រយ័ត្ននោះទេ»។
ទន្ទឹមនឹងនេះដែរ លោកក៏បានអំពាវនាវទៅដល់ក្រុមគ្រួសារដែលមានមនុស្សចាស់ ត្រូវមានការយកចិត្តទុកដាក់ និងថែរក្សាពួកគាត់ ពិសេសការផ្ដល់នូវសម្ភារសម្រាប់មនុស្សចាស់ដើម្បីទប់ទល់នឹងអាកាសធាតុក្ដៅខ្លាំងផងដែរ។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំមុន បានបង្ហាញថា យ៉ាងហោចណាស់មានមនុស្ស ១៥ ០០០ នាក់ បានស្លាប់ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុប តែបើយោងតាមការចុះផ្សាយរបស់ឡង់សេត(The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦ ០០០ នាក់ បានស្លាប់ដោយសារកម្ដៅថ្ងៃក្តៅខ្លាំងពេកនៅក្នុងបណ្តាប្រទេសចំនួន ៩ នៅក្នុងឆ្នាំ ២០១៩ ហើយចំនួននេះ នឹងកើនឡើងនៅទូទាំងសកលលោក៕