ភ្នំពេញៈ ព្រឹទ្ធសភាកម្ពុជាបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា និងឡាវ ដែលបានទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួមប្រមាណ ៨៦ ភាគរយដែលភាគីទាំង ២ សម្រេចបានបន្ទាប់ពីចរចាគ្នាអស់រយៈពេលជាង ២៨ ឆ្នាំ។
ការឯកភាពទាំងស្រុងនេះ ធ្វើឡើងក្នុងសម័យប្រជុំព្រឹទ្ធសភាពេញអង្គលើកទី១០ នីតិកាលទី៤ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោកសាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានពិនិត្យ និងផ្តល់យោបល់ និងឯកភាពទាំងស្រុងដោយឥតកែប្រែចំនួន ៥៨ សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលលើសេចក្តីព្រាងច្បាប់នេះ។
សេចក្តីប្រកាសព័ត៌មានពីអគ្គលេខាធិការដ្ឋាននៃព្រឹទ្ធសភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងគោលបំណងកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែងដោយឈរលើមូលដ្ឋានការគោរពឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក ពិសេសក្នុងវឌ្ឍនភាពនៃការងារបោះបង្គោលព្រំដែននៃប្រទេសទាំង ២។
ប្រភពដដែលបានបញ្ជាក់ថា «សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងប្រទេសទាំង ២ ជាកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួមប្រមាណជា ៨៦% ដែលប្រទេសទាំង ២ សម្រេចបានលើការងារព្រំដែន និងដែលត្រូវបានប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងឡាវបានចុះហត្ថលេខានាថ្ងៃទី ១៣ ខែកុម្ភៈ នៅរដ្ឋធានីវៀងចន្ទន៍ នាពេលកន្លងទៅ»។
គួរបញ្ជាក់ថា ព្រឹទ្ធសភាអះអាងថា សន្ធិសញ្ញានេះជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយ ដែលកម្ពុជា និងឡាវបានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការលើខ្សែព្រំដែនដែលអាណានិគមបានបន្សល់ទុកឱ្យ បន្ទាប់ពីប្រទេសទាំង ២ ទទួលបានឯករាជ្យ ជាឯកសារផ្លូវការមូលដ្ឋានក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែននៅសល់ប្រមាណ ១៤% ទៀត។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រៃ្ដយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានថ្លែងថា ជាភាពវិសេសវិសាលមួយសម្រាប់កម្ពុជាដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អ្នកធ្វើកិច្ចការខាងព្រំដែនទាំងភាគីកម្ពុជា និងឡាវ ដោយបានចរចាអស់រយៈពេលជាង ២៨ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៥ មកដល់ឆ្នាំ ២០២៣ ដោយមានកិច្ចប្រជុំធំៗប្រមាណ ១៨៨ លើក និងកិច្ចប្រជុំតូចៗផ្សេងៗទៀត។
លោកស្រីបានថ្លែងថា៖ «នេះជាលើកដំបូងហើយដែលកម្ពុជាមានសន្ធិសញ្ញាផ្លូវច្បាប់អន្តរជាតិជាមួយឡាវ ដើម្បីយើងទុកជាតឹកតាងមួយរៀងទៅ។ ចំពោះខ្ញុំដែលធ្វើការរឿងព្រំដែន ខ្ញុំជឿជាក់ថា រដ្ឋាភិបាលពិតជាមានមោទនភាពណាស់ដែលយើងទទួលបានលទ្ធផលនេះ ហើយអ្វីដែលនៅសេសសល់ យើងនឹងខិតខំបន្តដោះស្រាយ ធ្វើម៉េចឱ្យបានលឿនដើម្បីប្រយោជន៍វិសេសវិសាលសម្រាប់កម្ពុជាយើងទាំងមូល»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានលើកឡើងដែរថា ការកំណត់បញ្ហាព្រំដែនជាផ្លូវការតាមផ្លូវច្បាប់រវាងកម្ពុជា និងឡាវជារឿងសំខាន់ ដោយកន្លងមកប្រទេសទាំង ២ មិនមានភាពច្បាស់លាស់លើបញ្ហាកំណត់ព្រំដែនអន្តរជាតិដែលបន្សល់ទុកពីមរតកសម័យកាលអាណានិគមបារាំងនៅតំបន់ឥណ្ឌូចិនហើយដែលកាលនោះបារាំងបានកាត់ព្រំដែនទឹកដីដោយលក្ខខណ្ឌរដ្ឋបាលទាំងកម្ពុជា ឡាវ និងវៀតណាម។
លោកថា៖ «ការកំណត់ព្រំដែនផ្លូវការច្បាស់លាស់នេះមានសារៈសំខាន់សម្រាប់ប្រទេស និងប្រជាជនទាំង ២ ព្រោះកាលណាយើងមានផែនទីច្បាស់លាស់ដែលទទួលស្គាល់ជាអន្តរជាតិ ធ្វើឱ្យប្រទេសទាំង ២ អាចធ្វើការអភិវឌ្ឍនៅតំបន់ព្រំដែន ប្រែក្លាយជាព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ និងមិនបារម្ភពីបញ្ហាជម្លោះព្រំដែននៅថ្ងៃមុខ»។
ជាមួយគ្នានេះលោកក៏បន្តលើកទឹកចិត្តឱ្យរដ្ឋាភិបាលកម្ពុជា-ឡាវ រួមសហការដោះស្រាយ និងពន្លឿនការបោះបង្គោលព្រំដែននៃប្រទេសទាំង ២ ឱ្យបានចប់បង្គ្រប់ ១០០% ក្នុងពេលឆាប់ៗខាងមុខ ដើម្បីជាមរតកប្រវត្តិសាស្ត្រសំខាន់ដល់អ្នកជំនាន់ក្រោយ។
គួររំឭកថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាជាតិអនុម័តយល់ព្រមចំនួន ១០៥ សំឡេងជាឯកច្ឆន្ទ កាលពីថ្ងៃទី ៣០ ខែមីនា នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦៕