ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រី គ.ជ.ប សរុបប្រមាណ ១២៩ នាក់ ។
បើយោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ ក្នុងគោលបំណងធានាឱ្យការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលថា ដើម្បីធានាឱ្យការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះ ប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជា នីតិវិធី និងដោយរលូន ព្រមទាំងមានប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវមានការបណ្តុះបណ្តាល។
លោក ទេព នីថា បានថ្លែងបន្តទៀតថា៖ «ការបណ្តុះបណ្តាលនេះ ក៏ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីបោះឆ្នោត និងភាគីពាក់ព័ន្ធឱ្យមានការយល់ដឹងកាន់តែច្បាស់ពីបទប្បញ្ញត្តិនៃច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងបច្ចេកទេសក្នុងការរៀបចំបញ្ជីបេក្ខជន និងការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ តាមកម្មវិធីកុំព្យូទ័រ និងដោយដៃ»។
វគ្គបណ្តុះបណ្តាលលើកនេះមានលក្ខណៈខុសប្លែកពីវគ្គបណ្ដុះបណ្ដាលមុនៗ ដោយសារពេលនេះ ខាង គ.ជ.ប ធ្វើការបណ្ដុះបណ្ដាលទាំងនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ រួមទាំងមានការបង្ហាញពីរបៀបអនុវត្តកម្មវិធី ពិសេសការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងការរៀបចំបញ្ជីបេក្ខជនដើម្បីជាជំនួយដល់គណបក្សនយោបាយ ក៏ដូចជាមន្ត្រីបោះឆ្នោត។
លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងកាលពីម្សិលមិញថា មន្ត្រីរបស់គណបក្សលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ ព្រោះវាមានសារៈសំខាន់ និងចាំបាច់សម្រាប់គណបក្សនយោបាយទាំងអស់ក្នុងការស្វែងយល់ពីនីតិវិធីនៃ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ នេះ។
លោក រ៉ាដែន ថ្លែងថា៖ «វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់សម្រាប់គណបក្សនយោបាយទាំងអស់ ក្នុងការរៀបចំឯកសារ ដាក់បេក្ខជនតំណាងរាស្ត្រ ដើម្បីធានាថា ដាក់ទៅកុំឱ្យមានកំហុសឆ្គងក៏ដូចជាដាក់ទៅឱ្យទាន់ពេលវេលា តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
តាមប្រតិទិនរបស់ គ.ជ.បការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី ២៤ ខែមេសា រហូតដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣៕