ភ្នំពេញៈ តំណាងសហភាពសហជីព សហព័ន្ធសហជីព សហជីព និងសមាគម ធ្វើការក្នុងវិស័យការងារនៅប្រទេសកម្ពុជា នឹងរៀបចំទិវាពលកម្មអន្ដរជាតិ ខួបលើកទី១៣៧ ឆ្នាំ ២០២៣ ដោយមានការដង្ហែក្បួន ដោយមានអ្នកចូលរួមប្រមាណជា ២ ០០០ នាក់ផងដែរ។ នេះបើយោងតាមលិខិតរបស់តំណាងសហភាពសហជីព សហព័ន្ធសហជីព សហជីព និងសមាគមចំនួន ១០ ដែលបានផ្ញើជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែមេសា ស្តីពីការរៀបចំកម្មវិធី និងដង្ហែក្បួន ក្នុងឱកាសទិវាពលកម្មអន្ដរជាតិនេះ។
លិខិតនេះបានលើកឡើងថា ទិវាពលកម្មអន្ដរជាតិ ជាទិវាមួយសំខាន់ដែលកម្មករនិយោជិត និងប្រជាពលរដ្ឋនៅលើពិភពលោកតែងតែរៀបចំប្រារព្ធពិធីរំឭកសិទ្ធិការងារ។
ចំណែកនៅកម្ពុជា សហភាពការងារកម្ពុជា តែងតែរៀបចំ ប្រារព្ធកម្មវិធីនេះជារៀងរាល់ឆ្នាំដោយធ្វើការសហការជាមួយសហភាពសហជីព សហព័ន្ធសហជីព សហជីព សមាគម និងអង្គការពាក់ព័ន្ធនានា ដើម្បីអបអរទិវានេះ ក៏ដូចជាដាក់សំណើផ្សេងៗពាក់ព័ន្ធវិស័យការងារទៅរាជរដ្ឋាភិបាល និងរដ្ឋសភា ដើម្បីឱ្យជួយដោះស្រាយ។
ក្រុមសហជីពទាំងនេះបានបញ្ជាក់ថា៖ «នៅឆ្នាំ ២០២៣ នេះ ជាខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិឆ្នាំ ១៨៨៦-២០២៣ យើងខ្ញុំបានឯកភាពគ្នារៀបចំកម្មវិធីនេះ ក្រោមប្រធានបទរួមគ្នាលើកកម្ពស់សិទ្ធិការងារ និងសេរីភាពសហជីពដែលមាន អ្នកចូលរួមចំនួន ២ ០០០ នាក់»។
ពិធីនេះក៏គ្រោងនឹងជួបជុំគ្នានៅសួនច្បារ CDC វេលាម៉ោង ៦:៣០ នាទីព្រឹក រួចហែក្បួន តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់វិមានរដ្ឋសភា បន្ទាប់មករៀបចំពិធីនៅទីនោះរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ រួចប្រគល់ញត្តិជូនរដ្ឋសភា និងរាជរដ្ឋាភិបាល។
លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សាលារាជធានីភ្នំពេញ បានឃើញលិខិតរបស់តំណាងសហជីព សមាគមទាំងនេះហើយ។
លោកស្រីបានបញ្ជាក់ថា នៅក្នុងលិខិតរបស់ពួកគាត់ ដែលយកមកដាក់នៅសាលារាជធានីភ្នំពេញ គឺមានភាពមិនត្រឹមត្រូវនោះទេដោយសារនៅក្នុងលិខិត ទូលាយពេក មិនបានបញ្ជាក់ថាកម្មវិធីនេះប្រារព្ធធ្វើឡើងនៅថ្ងៃណាឡើយ៕