ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះសម្រួលដោះស្រាយដោយជោគជ័យចំពោះការតវ៉ារបស់ប្រជាពលរដ្ឋ ២៩០ នាក់ ពាក់ព័ន្ធបញ្ហាថៅកែរោងចក្រមិនបើកប្រាក់ខែឱ្យនៅរោងចក្រឯករាជ្យកាត់ដេរសម្លៀកបំពាក់ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣។
លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងនៅថ្ងៃទី ១២ ខែមេសាថា ការតវ៉ារបស់ប្រជាពលរដ្ឋ ២៩០នាក់នៅរោងចក្រឯករាជ្យកាត់ដេរសម្លៀកបំពាក់នេះធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ដោយសារថៅកែរោងចក្រមិនព្រមបើកប្រាក់ខែឱ្យពួកគាត់។ លោកបន្តថា ក្រោយមានការតវ៉ាកើតឡើងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះទៅសម្រួលដោះស្រាយដោយនៅទីបំផុតថ្ងៃទី១១ ខែមេសា ការដោះស្រាយបញ្ហានេះ បានបញ្ជប់ទៅដោយជោគជ័យដែលភាគីរោងចក្រព្រមបើកប្រាក់ខែឱ្យកម្មករគ្រប់ៗគ្នា។
លោកបាននិយាយទៅកាន់កម្មកររោងចក្រនោះថា៖«ឥឡូវលុយបានមកដល់ហើយពេលបើកថវិការួចដល់ពេលទៅផ្ទះ ទៅចូលឆ្នាំរយៈពេល៣ថ្ងៃ សូមឱ្យអ្នកទាំងអស់គ្នាជួបជុំគ្រសារដោយក្តីសប្បាយរីករាយ សុវត្ថិភាពតាមផ្លូវទាំងទៅនិងត្រឡប់មកវិញ»។
លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងទៀតថា ការចុះដោះស្រាយជូនប្រជាពលរដ្ឋនៅរោងចក្រឯករាជ្យកាត់ដេរសម្លៀកបំពាក់(ខេមបូឌា)ខូអិលធីឌីនេះ ធ្វើឡើង ដោយមានការសហការជាមួយក្រុមការងារមកពីក្រសួងការងារផងដែរ។ក្រោយសម្របសម្រួលដោយជោគជ័យប្រជាពលរដ្ឋបានសម្តែងការសប្បាយរីករាយយ៉ាងក្រៃលែង។ ជាមួយគ្នានោះក្នុងនាមអាជ្ញាធរដែនដីលោកក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករទាំងអស់និងតំណាងរោងចក្រដែលបានចូលរួមដោះស្រាយបញ្ចប់ទំនាស់ដោយសន្តិវិធី។
យោងតាមច្បាប់ស្តីពីការងារ និងប្រកាសលេខ២៤៣/២២ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៣ បានតម្រូវឱ្យម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចេញកាលពីថ្ងៃទី៣១ ខែមីនា។
សេចក្តីជូនដំណឹងដដែលបានឱ្យដឹងដែរថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណាដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាស នោះម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗដោយផ្លាស់ប្ដូរវេនគ្នា។
សេចក្តីជូនដំណឹងក្រសួងការងារបញ្ជាក់ថា«កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់បុណ្យចូលឆ្នាំថ្មីនេះមានសិទ្ធិទទួលនូវប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា។ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ»។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជកឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀតដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២៤៣/២២ ។
យ៉ាងណាក៏ដោយ ក្រសួងការងារបានក្រើនរំឭកដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការ "៣ការពារ និង៣កុំ" និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀតឱ្យបានខ្ជាប់ខ្ជួនផងដែរ៕