ភ្នំពេញៈ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា មន្ទីរពេទ្យជាតិតេជោសន្ដិភាពគ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ ដែលមន្ទីរពេទ្យនេះនឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅកម្ពុជា។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់មន្ទីរពេទ្យនេះពន្លឿនការសាងសង់ឱ្យបានលឿន ពោលគឺធ្វើយ៉ាងណាឱ្យរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍មុនបានចុះពិនិត្យមន្ទីរពេទ្យនេះជាថ្មីម្តងទៀតដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះឱ្យបានលឿនទៅតាមអ្វីដែលបានគ្រោងទុក ពិសេសចំពោះកិច្ចការដែលនៅសេសសល់មួយចំនួន។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖«មន្ទីរពេទ្យជាតិដ៏ធំមួយនេះគ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការនៅខែមិថុនាខាងមុខនេះ ដែលវានឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា និងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ដល់ពលរដ្ឋទូទាំងប្រទេស ពិសេសអ្នកជំងឺទាំង១៤ខណ្ឌនៅរាជធានីភ្នំពេញ ព្រមទាំងអ្នកមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ដែលមានព្រំប្រទល់ជាប់រាជធានីភ្នំពេញ»។
ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ភទេ។មន្ទីរពេទ្យនេះបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដា។
កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្នុងពេលចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព»ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់នៃជំងឺឆ្លងកូវីដ១៩ កាលពីឆ្នាំ២០២០ និង២០២១ ទើបជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចចិត្តសាងសង់មន្ទីរពេទ្យនេះឡើង។
លោកមានប្រសាសន៍ថា៖«សុខុមាលភាពរបស់ប្រជាពលរដ្ឋជាគោលដៅចម្បងមួយក្នុងចំណោមគោលដៅអាទិភាពទាំងឡាយរបស់រាជរដ្ឋាភិបាល»។
សូមបញ្ជាក់ផងដែរថា អគារសម្រាប់មន្ទីរពេទ្យជាតិតេជោសន្ដិភាពនេះ នឹងត្រូវសាងសង់ឱ្យបានរួចរាល់ក្នុងរយៈពេល១ឆ្នាំដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើពិធីក្រុងពាលីតាមបែបសាសនាសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។
មន្ទីរពេទ្យជាតិតេជោសន្ដិភាពមានអគារសម្រាកព្យាបាលនិងសង្គ្រោះបន្ទាន់(E)អគារសម្រាកព្យាបាលកម្រិតធ្ងន់(H1 និងH2) អគារសម្រាកព្យាបាលកម្រិតស្រាល(H3, H4, H5, H6 និង H7) ហើយបើសរុបចំនួនគ្រែអ្នកជំងឺពីអគារ(H1 ដល់ H7)ទាំងអស់មានប្រមាណ១ម៉ឺនគ្រែជាមួយនឹងអគារបច្ចេកទេស (T)ផងដែរ៕