សៀមរាប​: យុទ្ធ​នា​ការ​ «​ប្តី​ខ្ញុំ​ល្អ​កូន​ខ្ញុំ​ឆ្លាត​» ត្រូវបាន​បង្កើត​ឡើង​ដើម្បី​លើកក​ម្ពស់​ការ​ចិញ្ចឹម​បីបាច់​របស់​អ្នក​ថែទាំ​កុមារ​រួម​ទាំង​បុរស​និង​ស្ត្រី​សម្រាប់​កុមារ​ចាប់ពី​មុនពេល​កើត​រហូត​ដល់​អាយុ​ ៥ ​ឆ្នាំ​ ដើម្បី​ជួយ​ពួក​គេ​ឱ្យ​រីកច​ម្រើន​ និង​ឈា​នដល់​សក្តានុ​ពល​ពេញលេ​ញ​។​

​យុទ្ធ​នាការ​គោល​ដៅ​ទី​២​នេះ​គឺជា​លទ្ធ​ផល​នៃ​ការងារ​រួមគ្នា​រវាង​គម្រោង​អភិវ​ឌ្ឍន៍​កុមារ​តូច​(IECD) ដឹកនាំ​អនុវត្ត​ដោយ​វិទ្យាស្ថា​ន​ស្រាវ​ជ្រាវ​ត្រី​កោណ​(RTI International) ​សហការ​ជាមួយ​អង្គការ​ហេឡែន​ខេ​ល​ល័​រ អន្តរ​ជាតិ​(Helen ​Keller International) អង្គការ​សេ​ហ្វ​ហេ​វិ​ន (Safe Haven) និង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ក៏​ដូច​ជា​ការ​គាំទ្រ​ពី​ទីភ្នាក់​ងារ​សហ​រដ្ឋ​អា​មេរិក​សម្រាប់​ការ​អភិវ​ឌ្ឍន៍​អន្តរជា​តិ(USAID)​។​

​លោក ច​ន វីលៀម​អា​មេស​ នាយក​ប្រចាំ​ប្រទេស​និង​នាយក​គម្រោង​អភិ​វឌ្ឍន៍​កុមារ​តូច​នៃ​វិទ្យា​ស្ថាន​ស្រាវជ្រាវ​ត្រី​កោណ​អន្តរ​ជាតិ​(RTI International)បាន​ថ្លែង​ថា​៖ «​យុទ្ធនា​ការ​នេះ​មាន​គោល​បំណង​លើក​កម្ពស់​ការ​រួម​ចំណែក​និង​ការ​ចូលរួម​ដោយ​ស្មើ​ភាព​គ្នា​ពី​បុរស​និង​ស្ត្រី​ក្នុងការ​ចិញ្ចឹម​បីបាច់​កូនតូច​ដើម្បី​ជួយ​ឱ្យ​កុមារ​សម្រេច​បាន​នូវ​សក្តា​នុព​ល​ទៅតាម​ដំណាក់​កាល​អភិវឌ្ឍ​ន៍សំខាន់ៗ​លើ​បញ្ញា​ ការគិត​ ភាសា​សង្គមារ​ម្មណ៍ និង​​ការ​លូត​លាស់​ផ្នែក​រាង​កាយ​»​។​

​គម្រោង​អភិ​វឌ្ឍន៍​កុមារ​តូច​គឺជា​កម្មវិធី​ដែល​មាន​លក្ខណៈ​អន្តរ​វិស័យ​សម្រាប់​ការជួយ​ដល់​កុមារ​តូច​នៅ​កម្ពុជា ឱ្យ​មាន​ការ​លូត​លាស់​ផ្នែក​រាង​កាយ ​បញ្ញា ​ការគិត​ ភាសា​និង​សង្គមារ​ម្មណ៍​បាន​ល្អ​ប្រសើរ​។​

​ប្រធាន​បទ​នៃ​យុទ្ធ​នាការ​«​ប្តី​ខ្ញុំ​ល្អ​កូន​ខ្ញុំ​ឆ្លាត​»​ត្រូវបាន​រៀបចំឡើ​ង​ដើម្បី​ជម្នះ​នឹង​កត្តា​យេនឌ័រ​តាមរយៈ​ការ​ផ្សព្វ​ផ្សាយ​គំនិត​ដែល​ថា​បុរស​អាច​ផ្តល់​ការ​ថែ​ទាំ​ល្អ​ដល់​កុមារ​ដូច​ស្ត្រី​។​

​វា​ក៏បាន​សង្កត់​ធ្ងន់​ផង​ដែរ​អំពី​សារៈសំ​ខាន់​នៃ​ការថែ​ទាំ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និង​ការរៀ​នសូត្រ​ដំបូង​ក្នុង​ការជួយ​កុមារ​ឱ្យ​អភិវឌ្ឍ​និង​ជោគ​ជ័យ​។​

«​ប្តី​ខ្ញុំ​ល្អ​កូន​ខ្ញុំ​ឆ្លាត​»​បាន​លើក​ទឹក​ចិត្ត​អ្នក​ថែទាំ​កុមារ​ទាំង​​២ភេទ​ឱ្យ​ប្តូរ​វេន​គ្នា​មើលថែ​កូនៗ​ដើម្បី​អនុញ្ញាត​ឱ្យ​មាន​ការ​សម្រាក ​និង​បង្កា​រការ​ហត់​នឿយ​។​

​គម្រោង​អភិវ​ឌ្ឍន៍​កុមារ​តូច​ចូលរួម​គាំទ្រ​ដល់​រាជរដ្ឋា​ភិបា​ល​កម្ពុជា​ក្នុងការ​លើក​កម្ពស់​ការ​ចិញ្ចឹម​បីបាច់​ និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​អាហារូ​បត្ថម្ភ​ដល់​កុមារ​គ្រប់រូប​ដោយ​រាប់​បញ្ចូល​ទាំង​កុមារ​ងាយ​រងគ្រោះ​ចាប់​តាំងពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។

​គម្រោង​អភិវឌ្ឍ​ន៍កុមារ​តូច​មាន​គោលដៅ​​ដោះស្រា​យ​បញ្ហា​យេនឌ័រ​ ការ​កាត់​បន្ថយ​ភាព​ក្រិស​ក្រិន​របស់​កុមារ​និង​បង្កើន​ការ​កំណត់​អត្ត​សញ្ញាណ​បឋម​អំពី​ពិកា​រភាព​ ការ​អភិវឌ្ឍ​យឺត​និង​អន្តរា​គមន៍​ទាន់​ពេល​វេលា​ដោយ​ចាប់ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​រហូត​ដល់​អាយុ​ក្រោម​៥ឆ្នាំ​។​

​បុគ្គល​ជិត​២០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​វិទ្យា​ល័យ​កំព​ង់ក្តី ​ខេត្ត​សៀមរាប ​សម្រាប់​កម្ម​វិធី​យុទ្ធ​នាការ​ផ្លាស់​ប្ដូរ​ឥរិយា​បថ​សហ​គមន៍ ​(BCC) នេះ​។​

​កម្មវិធី​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​​គម្រោង​សម្ពោធ​លើកដំ​បូង​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១​ ខែមេសា​ ឆ្នាំ​២០២៣ នៅ​ផ្សារ​ទំនើប ​Heritage Walk ក្នុង​ខេត្ត​សៀម​រាប​ដែល​មាន​ប្រជា​ពលរដ្ឋ​ជាង​១៧០​គ្រួសារ ​មកពី​ស្រុក​ជិត​ខាង​បាន​ចូ​ល​រួម​។​

​លោក​ស្រី​ស៊ិន ណ​ម ប្រធាន​គណ​:​ក​ម្មា​ធិ​ការពិគ្រោះ​យោ​បល់​កិច្ចការ​ស្ត្រី​និង​កុមារ​ខេត្ត​សៀមរាប (​គ​.​ក​.​ស​.​ក​) បាន​ឱ្យ​ដឹងថា​៖ «​យុទ្ធ​នាការ​ផ្លាស់ប្តូរ​ឥរិយា​បថ​សហ​គមន៍​នេះ​នឹង​បង្កើត​ឱកាស​សម្រាប់​ការ​ចូល​រួម​និង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹ​ងពី​ប្រជា​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​ដើម្បី​លើក​កម្ពស់​សហ​គមន៍​បែប​បរិ​យា​ប័ន្ន​»​។

​លោក​ស្រី​បាន​បន្ដថា​៖ «​គោល​ដៅ​សំខាន់​គឺ​ដើម្បី​ធានា​ថា​ កុមារ​តូច​ទាំងអ​ស់នឹង​​ទទួល​បាន​ការថែ​ទាំ​យ៉ាង​ពេញ​លេញ​និង​ការអ​ភិវឌ្ឍ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ពី​ឪពុក​ម្តាយ​អ្នក​ថែទាំ​ទាំង​បុរស​និង​ស្ត្រី​ក្រុម​គ្រួសារ​និង​សហ​គមន៍​ទាំង​មូល​ដែល​នឹង​អាច​ឱ្យ​ពួកគេ​ទទួល​បាន​ការ​លូត​លាស់​និង​អភិវឌ្ឍ​ប្រកប​ដោយ​សក្តានុ​ពល​ពេញលេ​ញ​»​។​

​ទីភ្នាក់​ងារ​សហរ​ដ្ឋអាមេ​រិក​សម្រាប់​ការអភិ​វឌ្ឍន៍​អន្តរ​ជាតិ(USAID) គ្រប់​គ្រង​កម្មវិធី​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេ​រិក​ដែល​ផ្តល់​ជំនួយ​ផ្នែក​សេដ្ឋ​កិច្ច និង​មនុស្ស​ធម៌ នៅក្នុង​ប្រទេស​ជាង​៨០​ ទូទាំង​ពិភព​លោក​។​

​ទីភ្នាក់​ងារ​ USAID នេះ​ បាន​សហកា​រ​ជាមួយ​ដៃគូ​កម្ពុជា​និង​អន្តរ​ជាតិ​ទូទាំង​២៥​ខេត្ត​/​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើឱ្យ​ប្រទេស​នេះ​កាន់​តែ​មាន​ភាព​បើក​ចំហ​រីក​ចម្រើន​ មាន​ភាព​ធន់និង​ជា​ដៃគូ​ប្រក​បដោយ​បរិ​យា​ប័ន្ន​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក​។

​នេះ​ជាការ​លើក​កម្ពស់​គណ​នេយ្យ​ភាព​របស់​រាជ​រដ្ឋាភិ​បាល ​បញ្ហា​សិទ្ធិ​មនុស្ស ​សុខ​ភាព​និង​អាហា​រូប​ត្ថម្ភ​គាំទ្រ​ការ​អប់រំ​និង​ការ​អភិវឌ្ឍ​កុមារ​ដើម្បី​បង្កើន​ផលិត​ភាព​កសិកម្ម​និង​សន្តិ​សុខ​ស្បៀង ​អភិរក្ស​ព្រៃ​ឈើ​ និង​អាង​ត្រង​ទឹក​ជួយ​គ្រួសារ​កសិករ​សម្រប​ខ្លួន​ក្នុងការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​ពី​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​និង​គ្រោះ​ធម្មជាតិ​ក៏​ដូច​ជា​ជួយ​គាំទ្រ​កម្ពុជា​ឆ្លើយ​តប​ទៅ​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​៕