ភ្នំពេញៈ ក្រសួងកិច្ចការនារី និងស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ឯកភាពគ្នាពិនិត្យ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូលើគម្រោងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី លើវិស័យអប់រំស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបរវាងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងលោកដូមីនីក វិលលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាកាលពីថ្ងៃទី ១១ ខែមេសា ដោយបានធ្វើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។
សេចក្តីប្រកាសព័ត៌មាន ក្រសួងកិច្ចការនារីបញ្ជាក់នាថ្ងៃទី ១១ មេសាថា ក្នុងជំនួបនោះលោកស្រីអ៊ឹង កន្ថាផាវី បានចែករំលែកដល់លោក Williams នូវវឌ្ឍនភាពការងារសំខាន់ៗ ដែលក្រសួងកិច្ចការនារីសម្រេចបានកន្លងមកក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ស្របទៅតាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រនារីរតនៈទី ៥ របស់ក្រសួងកិច្ចការនារី ទៅលើវិស័យសំខាន់ៗចំនួន ៦។
វិស័យទាំងនោះរួមមាន ទី១. ការលើកកម្ពស់ការអប់រំសម្រាប់ស្ត្រី និងក្មេងស្រី ជាពិសេសការអប់រំស្ទីម (STEAM Education) ទី២. ការគិតគូរពីសុខភាពដល់ស្ត្រី និងក្មេងស្រី ទី៣. កិច្ចការពារផ្លូវច្បាប់ដល់ស្ត្រី និងក្មេងស្រី ទី៤. ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងក្នុងវិស័យឯកជន ទី៥. ស្ត្រី និងបម្រែបម្រួលអាកាសធាតុ និងទី៦. ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី។
សេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះលើហ្វេសប៊ុកក្រសួងបញ្ជាក់ថា ក្នុងជំនួបនោះលោក Williams បានសាទរក្រសួងកិច្ចការនារី ចំពោះការសម្រេចបានលទ្ធផល «ដ៏ល្អប្រសើរ» លើការអនុវត្តការងារកន្លងមកពាក់ព័ន្ធនឹងការលើកកម្ពស់សមភាពយេនឌ័រ និងបង្ហាញពីផែនការយុទ្ធសាស្ត្រអន្តរជាតិស្ត្រី និងក្មេងស្រី ឆ្នាំ ២០២៣-២០៣០ ដែលបានដាក់ចេញដោយក្រសួងការបរទេសចក្រភពអងគ្លេស់ថ្មីៗនេះ។ ផែនការយុទ្ធសាស្ត្រនេះ ផ្តោតសំខាន់ទៅលើគម្រោងសំខាន់ចំនួន ៣ រួមមាន ទី១. ការអប់រំក្មេងស្រី ទី២. ការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ក្នុងការលើកកម្ពស់សុខភាព និងសិទ្ធិ និងទី៣. ការបញ្ឈប់អំពើហិង្សាលើយេនឌ័រ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ក្នុងជំនួបនេះលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី [អ៊ឹង កន្ថាផាវី] និងឯកឧត្តម ឯកអគ្គរាជទូត [Dominic Williams] បានឯកភាពគ្នាទៅលើការពិនិត្យ និងពិភាក្សាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូទៅលើគម្រោងនានាក្នុងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីលើវិស័យអប់រំស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី»។
ស្ថានទូតអង់គ្លេសបញ្ជាក់លើទំព័រហ្វេសប៊ុកនាថ្ងៃទី ១២ មេសាថា ចក្រភពអង់គ្លេសគាំទ្រសិទ្ធិស្ដ្រី និងកុមារី និងមានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការលើកកម្ពស់សមភាពយែនឌ័រ។ កាលពីពេលថ្មីៗនេះ ក្រសួងការបរទេស (FCDO) នៃចក្រភពអង់គ្លេស បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអន្តរជាតិនៃចក្រភពអង់គ្លេសដំបូងគេស្ដីពីស្ដ្រី និងកុមារី សម្រាប់ឆ្នាំ ២០២៣-២០៣០ ដើម្បីសម្រេចនូវទស្សនៈវិស័យ និងការប្ដេជ្ញាចិត្តនេះ។
ស្ថានទូតបញ្ជាក់ថា ក្នុងជំនួបនាថ្ងៃទី ១១ ខែមេសា ជាមួយលោកស្រី អ៊ឹង កន្ថាផាវី លោក Dominic Williams បានលើកឡើងពីកិច្ចការងារ និងការគាំទ្ររបស់ស្ថានទូតអង់គ្លេស ទៅលើប្រធានបទនេះ និងបានពិភាក្សាផងដែរអំពីឱកាស និងសកម្មភាពផ្សេងៗទៀតដែលស្ថានទូតអាចចូលរួមចំណែកគាំទ្រ ជាពិសេសសកម្មភាពដែលដឹកនាំដោយក្រសួងកិច្ចការនារី។
បើតាមក្រសួងកិច្ចការនារី បច្ចុប្បន្នស្ត្រីនៅក្នុងប្រទេសកម្ពុជាមានចំនួន ៥១ ភាគរយ នៃចំនួនប្រជាជនសរុប ហើយថា៖ «ហេតុនេះការអភិវឌ្ឍសមត្ថភាពរបស់ស្ត្រី ជាពិសេសក្នុងភាពជាអ្នកដឹកនាំ ជាកិច្ចការអាទិភាពដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រនារីរតន:ទី៥ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងចូលរួមសម្រេចឱ្យបានចក្ខុវិស័យឆ្នាំ ២០៥០ ដែលប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់»។
ជាមួយគ្នានេះក្រុមការងារអនុវត្តគម្រោងមេគង្គឡានឆាង នៃក្រសួងកិច្ចការនារី ក៏បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីក្នុងយុគសម័យឌីជីថល» ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ មេសា ផងដែរដើម្បីពង្រីកកាលានុវត្តភាពផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅតាមទីជនបទតាមរយៈបច្ចេកវិទ្យាឌីជីថល និងរបៀបសរសេរគម្រោងសាកល្បងតូចៗ សម្រាប់ប្រទេសសមាជិកមេគង្គឡានឆាង (LMC) មានកម្ពុជា វៀតណាម និងថៃ៕