កំពង់ឆ្នាំងៈ ក្រុមអាជីវករចិញ្ចឹមត្រីក្នុងបែតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីជំនាញជួយរកមធ្យោបាយសង្គ្រោះត្រីដែលនៅសេសសល់តិចតួចនៅក្នុងបែរបស់ពួកគេ ខណៈអាកាសធាតុក្ដៅហប់ ហើយត្រីនៅតែបន្តងាប់ជាបន្តបន្ទាប់។
លោក ង្វៀង យ៉ាំងកេ មានលំនៅក្នុងភូមិចុងកោះ សង្កាត់ខ្សាម ក្រុងខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃទី ១១ ខែមេសាថា ត្រីចិញ្ចឹមក្នុងបែរបស់លោក នៅតែងាប់ជាបន្តបន្ទាប់ បើទោះជាលោកព្យាយាមចល័តបែត្រីទៅកាន់ទីទឹកជ្រៅ និងមានការបូមខ្យល់ចូលទៅក្នុងទឹក ដើម្បីបង្កើនបរិមាណខ្យល់អុកស៊ីហ្ស៊ែន សម្រួលដល់ការដកដង្ហើមរបស់ត្រីនៅក្នុងទឹកក៏ដោយ។
កាលពីសប្ដាហ៍មុន លោកយ៉ាំងកេ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ត្រីចិញ្ចឹមក្នុងបែ របស់ក្រុមអាជីវករចិញ្ចឹមត្រីជាង ១០០ គ្រួសារ ក្នុងភូមិចុងកោះ សរុបជិត ៤០០ តោនបានងាប់ជាបន្តបន្ទាប់ចាប់តាំងពីមានភ្លៀងកក់ខែធ្លាក់ ១ មេធំកើតឡើងកាលពីដើមខែមេសា។ ក្នុងនោះ ត្រីចិញ្ចឹមរបស់លោក ដែលភាគច្រើនជាប្រភេទត្រីខ្យា និងត្រីពោ បានងាប់អស់ជិត ៦ តោនផងដែរ។
ករណីត្រីចិញ្ចឹមក្នុងបែងាប់ជាបន្តបន្ទាប់នោះ ត្រូវបានមន្ត្រីជំនាញផ្នែកជលផលអះអាងថា បណ្ដាលមកពីអាកាសធាតុក្ដៅខ្លាំង និងស្ថានភាពទឹកទន្លេនៅក្នុងភូមិសាស្ត្រ ដែលពួកគាត់ចិញ្ចឹមមានសភាពរាក់ ធ្វើឱ្យទឹកទន្លេក្នុងតំបន់នោះឡើងកម្ដៅនិងបាត់បង់កម្រិតខ្យល់អុកអុកស៊ីហ្ស៊ែនខ្ពស់។
លោក យ៉ាំងកេ បាននិយាយថា៖ «នៅពេលនេះពួកយើងសុំឱ្យមន្ត្រីជលផល ជួយផ្ដល់បច្ចេកទេសថ្មីៗមួយចំនួនបន្ថែមទៀត ដើម្បីជាមធ្យោបាយក្នុងការជួយសង្គ្រោះត្រីរបស់ពួកយើង ដែលនៅសេសសល់តិចតួចនេះ កុំឱ្យពួកវាងាប់តទៅទៀតព្រោះមធ្យោបាយដែលពួកយើងបានអនុវត្តកន្លងមកនេះ ហាក់ដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ»។
ជុំវិញករណីនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គ្មានវិធីសាស្ត្រអ្វី ដែលល្អប្រសើរជាងការចល័តបែត្រីទាំងនោះទៅកាន់ទីទឹកជ្រៅ និងបន្តបូមខ្យល់ចូលទៅក្នុងបែត្រី ដើម្បីបង្កើនបរិមាណខ្យល់អុកស៊ីហ្ស៊ែននៅក្នុងទឹក សម្រាប់ជាជំនួយដល់ការដកដង្ហើមរបស់ត្រីនោះទេ។
លោកថ្លែងថា៖ «យើងបានយកសំណាកត្រីងាប់មកពិសោធន៍ ហើយរកមិនឃើញមានមេរោគជំងឺឆ្លងអ្វីទេ ចំណែកសំណាកទឹកទន្លេ ដែលយើងយកពីទីតាំងបែចិញ្ចឹមត្រីនោះ ក៏រកមិនឃើញមានសារធាតុគីមីពុលអ្វីដែរ។ អ្វីដែលក្រុមមន្ត្រីជំនាញបានរកឃើញគឺទឹកនោះ មានកម្រិតអុកស៊ីហ្ស៊ែនតិចតួចបំផុត»។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់ក្រុមអាជីវករចិញ្ចឹមត្រីក្នុងបែទាំងនោះបន្តការអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញរហូតដល់មានភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ដែលអាចឱ្យកម្ដៅក្នុងបរិយាកាសថយចុះ និងបរិមាណទឹកទន្លេមានការកើនឡើង ដែលអាចជំរុញឱ្យមានសម្ពាធខ្យល់អុកស៊ីហ្ស៊ែននៅក្នុងទឹកន្លេមានភាពប្រក្រតីឡើងវិញ៕