ភ្នំពេញៈ នាវាកងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ២ គ្រឿង ឈ្មោះ URAGA និង AWAJI នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមេសា។ នេះបើយោងតាមការប្រកាសរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។
នេះគឺជាបេសកកម្មនៃការចូលសំចតរបស់JMSDFនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងមជ្ឈិមបូព៌ាប្រចាំឆ្នាំ២០២៣ របស់ជប៉ុន។
ស្ថានទូតជប៉ុនបានឱ្យដឹងក្នុងសេចក្តីអញ្ជើញអ្នកសារព័ត៌មានតាមរយៈសារអេឡិចត្រូនិក(Email) នាថ្ងៃទី១៧ ខែមេសាថា៖ «ក្នុងឱកាសនេះ នៅថ្ងៃទី២៤ ខែមេសា មូលដ្ឋានទ័ពជើងទឹករាម នឹងរៀបចំពិធីស្វាគមន៍ ហើយបន្ទាប់មក នឹងមានកម្មវិធីដំណើរទស្សនកិច្ចនាវា»។ នាវា URAGAនិង AWAJIនឹងមកដល់កំពង់ផែនេះនៅម៉ោង ៩និង៣០នាទីព្រឹក។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ការដាក់ពង្រាយនាវា JMSDF ចូលសំចតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ាឆ្នាំ២០២៣នេះគឺដើម្បីសម្រេចបាននូវឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហដែលមានគោលបំណងបង្កើនសមត្ថភាពយុទ្ធសាស្ត្ររបស់នាវាJMSDFនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកជាដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ា តាមរយៈការធ្វើសមយុទ្ធរួមគ្នា។
ការចូលសំចតនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមជ្ឈិមបូព៌ានេះក៏មានគោលបំណងដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងទំនាក់ទំនងជាមួយប្រទេសជាដៃគូ ដើម្បីបំពេញទស្សនកិច្ចតាមរយៈការអភិវឌ្ឍ។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៧ ខែមេសា ថា នេះជាទំនាក់ទំនងនិងកិច្ចសហការជាធម្មតាដែលកម្ពុជាធ្លាប់បានទទួលនាវានៃបណ្តាប្រទេសមកពីអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ី។ សម្រាប់ការចូលសំចតរបស់នាវារបស់ជប៉ុននេះគឺកាន់តែប្រសើរសម្រាប់កិច្ចសហការរវាងកម្ពុជា និងជប៉ុនក្នុងកិច្ចការកងទ័ព។
លោកថ្លែងថា៖«សង្ឃឹមថាការចូលចតរបស់នាវាជប៉ុននេះ បានធ្វើសមយុទ្ធជាមួយគ្នានៅក្នុងកិច្ចសហការជួយសង្គ្រោះមនុស្សសធម៌ឬកិច្ចការផ្សេងទៀតដូចដែលបានគ្រោងទុករវាងប្រទេសទាំង២ ពីព្រោះខ្ញុំមិនបានទទួលព័ត៌មានថា ការចូលសំចតនេះមានរបៀបវារៈអីទេ ដូច្នេះបានជាអាចនិយាយបែបនេះ»។
លោក យង់ ពៅ បានបន្តថា៖«តែទោះជាយ៉ាងណា យើងវាយតម្លៃថា ការចូលសំចតគ្រប់នាវាទាំងអស់សុទ្ធតែជាកិច្ចសហការល្អសម្រាប់កងទ័ពកម្ពុជាគឺជាមេរៀនដែលកងទ័ពជើងទឹកកម្ពុជាត្រូវតែស្វែងយល់អំពីបណ្ដាកងទ័ពជើងទឹកប្រទេសនានា ពីព្រោះយើងបានដឹងខ្លួនថា យើងនៅមានកម្រិតទាប បើធៀបនឹងបណ្តាប្រទេសជាច្រើន។ ដូច្នេះការចូលសំចតនេះ គឺជាកិច្ចសហការរៀនសូត្រល្អសម្រាប់កម្ពុជា»។
គួរបញ្ជាក់ថា កាលពីខែមុននាវាកងស្វ័យការពារជើងទឹកជប៉ុន១គ្រឿង ឈ្មោះ KIRISAME បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយចូលសំចតនៅកំពង់នេះ រយៈពេល៣ថ្ងៃផងដែរ ដោយកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន និងកងទ័ពជើងទឹកកម្ពុជាបានធ្វើសមយុទ្ធសុច្ឆន្ទៈមួយចំនួនដើម្បីបង្កើនទំនុកចិត្តនិងមិត្តភាពរបស់ពួកគេឱ្យកាន់តែស៊ីជម្រៅ៕