កែបៈ រដ្ឋបាលខេត្តកែប បានប្រកាសមិនយកថ្លៃភាស៊ី ចំពោះភ្ញៀវទេសចរ ដែលធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់ឆ្នេរដែលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឆ្នេរកែបទៀតឡើយ ដែលពីមុនរដ្ឋបាលខេត្តនេះ បានកំណត់ភាស៊ីចំណតរថយន្តទេសចរណ៍ និងអនាម័យខេត្ត ចាប់ពី ៣ ០០០ រៀលឡើងទៅ។
រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១៥ ខែមេសា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖«សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ចាប់ពីថ្ងៃនេះទៅ(១៥ មេសា ២០២៣) ខេត្តកែប មិនយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្ត នឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ»។
ការប្រកាសមិនយកថ្លៃភាស៊ីនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសាររបស់ប្រជាពលរដ្ឋដែលធ្វើការរិះគន់ទៅនឹងការកំណត់តម្លៃនេះ នៅក្នុងគណនីតេឡេក្រាមកាលពីថ្ងៃថ្ងៃទី១៥ ខែមេសា និងបានសរសេរថា៖«តើរឿងនេះជាការពិតទេឯកឧត្តមអភិបាលខេត្តកែប (សោម ពិសិដ្ឋ)?»។
ជាមួយគ្នានេះដែរ នៅក្នុងគណនីហ្វេសប៊ុករបស់អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ក៏បានបង្ហោះសារ មិនយកថ្លៃភាស៊ីចាប់ពីពេលប្រកាសនេះតទៅ។
សូមជម្រាបថា គណនីហ្វេសប៊ុកមួយឈ្មោះ Samnang Nov បានបង្ហោះនៅលើបណ្តាញសង្គមនាឱកាសបុណ្យចូលឆ្នាំខ្មែរ កាលពីថ្ងៃទី១៤ ខែមេសា ថា៖« (ទីក្រុងកែប)គិតថា មិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែប១ជុំ តែបែរជាត្រូវមកខកចិត្តនឹងរឿងនេះ។ ស្រុកគេបន់ឱ្យតែគេនាំគ្នាមកលេងឱ្យច្រើន តែខេត្តនេះប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ(ជិះកាត់មិនឈប់ក៏ត្រូវបង់លុយដែរ) រឿងនេះយ៉ាងម៉េចវិញលោកអ្នកគ្រប់គ្រងខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀត តើលោកបានអ្វីអួតគេ? »។
គណនីដដែលបន្តថា ៖«មានរបស់ល្អហើយ មិនផ្សព្វផ្សាយបែរជាមកយកលុយទាំងអស់បែបនេះ។(សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង)»។
ប្រជាពលរដ្ឋ១រូបដែលធ្លាប់ជួបករណីនេះ លោក ញឹប សុខភី បានថ្លែងថា លោកពិតជាសប្បាយចិត្តនៅពេលទទួលបានដំណឹងនេះ ហើយបានថ្លែងអំណរគុណដល់លោក ហ៊ុន សែន ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ។
លោកថា៖«ខ្ញុំនិងក្រុមគ្រួសារមានគ្នា ៦នាក់ បានជិះឡានទៅលេងឆ្នេរកែប គេយកថ្លៃភាស៊ី៤ ០០០រៀលហើយខ្ញុំខ្ជិលតវ៉ា ពេលនោះធ្វើឱ្យអារម្មណ៍បាត់បង់ការសប្បាយ១ផ្នែក។ សួរថា ច្រើនអត់? មិនច្រើនទេសម្រាប់ខ្ញុំ ប៉ុន្តែធ្វើឱ្យយើងមិនសប្បាយចិត្តសោះ»៕