ភ្នំពេញៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១៣ លាននាក់បានដើរកម្សាន្តតាមតំបន់នានានៅទូទាំងប្រទេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្នុងរយៈពេល ៣ ថ្ងៃ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ១៤ ខែមេសា និងបញ្ចប់នៅថ្ងៃទី ១៦ ខែមេសា។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា៖ «ចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាង ១៣ លាននាក់ក្នុងរយៈពេល ៣ ថ្ងៃនេះ គឺជាចំនួនដ៏ច្រើនលើសលប់ហួសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ ១៩ ទៅទៀត»។
លោកបានបញ្ជាក់ថា ចំនួនភ្ញៀវទាំងជាង ១៣ លាននាក់នេះ គឺរដ្ឋបាលរាជធានី-ខេត្តបានរាប់បញ្ចូលទាំងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ ទីតាំងដែលមានការរៀបចំកម្មវិធីសង្ក្រាន្ត ព្រមជាមួយប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិ ស្រុក និងកន្លែងជួបជុំនានាទូទាំងប្រទេស។
លោក ថោង ខុន ថ្លែងថា៖ «ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួប ១០ ឆ្នាំ ដែលបើកទំព័រឡើងក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា និងការរៀបចំកម្មវិធីសង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិ ស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរលេងកម្សាន្តយ៉ាងច្រើនកុះករ»។
ទិន្នន័យដដែលនេះបានឱ្យដឹងថា នៅក្នុងថ្ងៃទី ១ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណជាង ២ លាននាក់ ក្នុងនោះ ភ្ញៀវជាតិ ២ ០៧៩ ៦៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៨៣១ នាក់។ ដោយឡែក ថ្ងៃទី ២ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ៤ ២៣៧ ៧៨០ នាក់ ក្នុងនោះភ្ញៀវជាតិ៤ ២១៩ ០២១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៧៥៩ នាក់។ថ្ងៃទី ៣ មានចំនួន ៦ ៨៥១ ៤៩០ នាក់។
លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៧ ខែមេសាបន្ថែមថា ការទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ គឺមានការកើនឡើងនេះ ដោយសារតែស្ថានភាព កាន់តែធូរស្រាលពីជំងឺឆ្លងកូវីដ ១៩ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងដែលសម្រួលដល់ការធ្វើដំណើរ របស់ទេសចរមកពីគ្រប់មជ្ឈដ្ឋាន។
លោក តុប សុភ័ក្រ ថ្លែងថា៖ «ខេត្តសៀមរាបមានភ្ញៀវទេសចរមិនតិចជាង ២ លាននាក់នោះទេ ដោយសារខេត្តមួយនេះបានរៀបចំខួប ១០ ឆ្នាំនៃការប្រារព្ធអង្គរសង្ក្រាន្ត។ ម្យ៉ាងវិញទៀតខេត្តគោលដៅទេសចរណ៍សំខាន់ បានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន ដែលជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរចេញដើរកម្សាន្ត»។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនាឆ្នាំនេះ កំណើនទេសចរផ្ទៃក្នុងកើនឡើងដែលបានរួមចំណែកជួយ ធ្វើឱ្យ សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចជាតិរស់ឡើងវិញផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «នៅពេលណាភ្ញៀវទេសចរចេញដើរ គឺត្រូវការសេវាកម្មនានា ដូចជា សេវាកម្មដឹកជញ្ជូន ទាំងផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មផ្សេងៗទៀតជាច្រើន។ នៅរៀងរាល់មានបុណ្យប្រពៃណីជាតិម្តងៗ ការចេញដើរកម្សាន្តរបស់បង-ប្អូនប្រជាពលរដ្ឋ បានរួមចំណែកច្រើនណាស់ដល់អាជីវកម្មទេសចរណ៍របស់យើង»។
លោកស្រី ឆាយ ស៊ីវលីន ថ្លែងថា អាជីវកម្ម កន្លងមកដែលធ្លាប់បិទទ្វារ និងផ្អាកកាលពីអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩ ជិត ៤ ពាន់ទីតាំងនោះមក ដល់ពេលនេះអាជីវកម្មទាំងនោះភាគច្រើន បានបើកដំណើរការឡើងវិញផងដែរ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានប្រាប់ឱ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះក៏មានការដាក់តាំងលក់ផលិតផលតាមបណ្តាស្រុក-ក្រុងនានារបស់ខេត្ត រួមទាំងការចូលរួមលេងកម្សាន្តនូវកម្មវិធីសប្បាយៗនានា ដូចជាតំបន់ EDM តំបន់ត្រជាក់ចិត្ត តំបន់លេងល្បែងប្រជាប្រិយជាដើមជាមួយប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ក្នុងរយៈពេល ៣ ថ្ងៃនៃកម្មវិធីសង្ក្រាន្តស្វាយរៀងនេះ ពុំមានហេតុការណ៍អ្វីដែលគួរឱ្យកត់សម្គាល់នោះទេ គឺមានសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយបានល្អប្រសើរ ដោយខេត្តមានកងកម្លាំងការពារសន្តិសុខនៅក្នុងពិធី និងមានមន្ត្រីសុខាភិបាលប្រចាំការ និងសម្រួលចរាចរណ៍ផងដែរ»។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ថា ភ្ញៀវទេសចរមកលេងកម្សាន្តព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្ត នេះ ភ្ញៀវទេសចរបានដើរលេងកម្សាន្តតាមរមណីយដ្ឋាន និងស្នាក់នៅ។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងថា ការរៀបចំកម្មវិធីសង្ក្រាន្ត នៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើរកម្សាន្តយ៉ាងច្រើនកុះករ។
លោកថ្លែងថា៖ «ខេត្តបានបង្កើនទំហំ នៃការជួបជុំកម្សាន្តកម្មវិធីសង្ក្រាន្ត នៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹក សម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគំតន្ត្រីជាដើម។ ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្ត។ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើន នៅតាមមូលដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗ ស្ទើរពេញ ១០០ ភាគរយ»៕