សៀមរាបៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តបរទេសទាំងអស់ ដែលបានចូលរួមក្នុងកិច្ចការងារអភិរក្សប្រាសាទរបស់ខ្មែរ ជាពិសេសបាននាំយកនូវចម្លាក់បុរាណខ្មែរ ដែលត្រូវបានបាត់បង់ យកមកកាន់កម្ពុជាវិញ។
លោក ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ និងអបអរសាទរខួប ១០ ឆ្នាំ នៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាព្រឹកថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ នៅខេត្តសៀមរាប។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់មិត្តបរទេសទាំងអស់ ដែលមានវត្តមាននៅទីនេះដែលបានចូលរួមជួយទៅដល់ការអភិរក្សប្រាង្គប្រាសាទអង្គរវត្តក៏ដូចជាប្រាង្គប្រាសាទដទៃទៀត នៅក្នុងប្រទេសកម្ពុជា»។
ជាមួយគ្នានោះដែរលោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏ដូចជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ដែលកន្លងទៅបានធ្វើសកម្មភាពយ៉ាងសកម្ម នូវការនាំយកមកវិញ នូវមរតកវប្បធម៌របស់កម្ពុជា ដែលត្រូវបានលួច និងជួញដូរទៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «យើងសង្ឃឹមថា ប្រទេសនានានឹងចូលរួមកិច្ចការនាំសម្បត្តិវប្បធម៌ដែលបានបាត់បង់ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ជាមួយនឹងការខិតខំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានធ្វើកិច្ចការងារនេះយ៉ាងសកម្មជាមួយនឹងដៃគូសហការ ដោយក្នុងនោះសហរដ្ឋអាមេរិកជាប្រទេសនាំមុខ ១ ក្នុងចំណោមប្រទេសនាំមុខក្នុងការបញ្ជូនសម្បត្តិវប្បធម៌ដែលត្រូវបានយកចេញពីកម្ពុជាទៅសហរដ្ឋអាមេរិក»។
សូមរំឭកថា កាលពីថ្ងៃទី ១៧ ខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ត្រី បានចូលរួមពិធីទទួលរតនវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនមកកម្ពុជាវិញ ក្នុងនោះមានទាំងគ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំង ធំ-តូច ចំនួន ៧៧ គ្រឿង ដែលត្រូវបាននាំយកពីចក្រភពអង់គ្លេសមកដល់កម្ពុជានៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរដែលទទួលបានមកវិញនេះ មានរូបបដិមាសំខាន់ៗមួយចំនួន ដូចជា ផ្នែកព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ព្រមទាំងគ្រឿងអលង្ការបុរាណ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេស បដិមាថ្មធំៗ។ ក្នុងនោះមានដូចជា៖ ព្រះឥសូរ និងព្រះស្កន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរនៅសតវត្សរ៍ទី ១០ នៃគ.ស ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងអំឡុងនៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិងកំពុងសហការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ក៏ដូចជាបន្តការចរចាជាមួយស្ថាប័ន និងអ្នកកាន់កាប់សមុច្ច័យឯកជន ដើម្បីរៀបចំនីតិវិធីទាមទារ និងបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនទៀតត្រឡប់មកកម្ពុជាវិញ៕