សៀមរាបៈ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ រយៈពេល ៣ ថ្ងៃ បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដែលបានបន្សល់ទុកនូវស្នាមញញឹមរាប់លានដល់ពលរដ្ឋខ្មែរពីគ្រប់ទិសទី។
លោកហ៊ុន ម៉ានី លើកឡើងដូច្នេះ តាមរយៈសំណេរលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ខណៈពេលព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់១៦ ខែមេសា ដែលរៀបចំដោយ(ស.ស.យ.ក.) នៅរមណីយដ្ឋានតំបន់អង្គរ ខេត្តសៀមរាប បានបិទបញ្ចប់ជាស្ថាពរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំ២០២៣ នេះ ជាខួបទី១០ នៃវត្តមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើទឹកដីអង្គរ ដែលព្រឹត្តិការណ៍នេះបានពាំនាំយកនូវផ្ទាំងទស្សនីយភាពវប្បធម៌ ល្បែងប្រជាប្រិយខ្មែរ ទម្រង់របាំប្រពៃណីខ្មែរ កម្មវិធីសាសនា ពិសេសការស្រូបទាញជាគោលដៅទេសចរណ៍និងកំណើនភ្ញៀវទេសចរជូនខេត្តសៀមរាបជាមួយនឹងការបំបែកកំណត់ត្រាពិភពលោកជាច្រើនសម្រាប់កម្ពុជា។
លោកហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «១០ឆ្នាំមកនេះ យើងបានបង្កើតចំណងមិត្តភាព ភាតរភាព និងសាមគ្គីភាពយ៉ាងរឹងមាំ ហើយចេញពីអង្គរសង្ក្រាន្ត យើងក៏បានបង្កើតសមិទ្ធផលជាច្រើនផ្សេងទៀតរួមគ្នា»។
លោកបន្តថា ក្នុងនាមតំណាងដល់សហភាពសហព័ន្ធយុវជនកម្ពុជា លោកសូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រនិងផ្តល់កិត្តិយសចូលរួមជាអធិបតីបើកអង្គពិធីនិងជាពិសេសកិច្ចខិតខំរបស់រដ្ឋាភិបាលលើការគ្រប់គ្រងជំងឺកូវីដ១៩ ដែលញ៉ាំងឱ្យកើតមានឱកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបាន។
ប្រធានស.ស.យ.ក.រូបនេះក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តខួប១០ឆ្នាំប្រព្រឹត្តទៅដោយជោគជ័យ ក្នុងនោះមានអាជ្ញាធរពាក់ព័ន្ធដែលបានជួយសម្របសម្រួល លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិល្បករ ដែលបានចូលរួមដំឡើងនិងសម្តែងផ្ទាំងទស្សនីយភាព និងអាជីវករ វិស័យឯកជន ដៃគូឧបត្ថម្ភ និងប្រជាពលរដ្ឋដែលបានដើរតួនាទីសំខាន់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោកបានបន្ថែមថា៖ «ចុងក្រោយ និងពិសេសជាងគេបំផុត គឺសូមអរគុណដល់ក្រុមគ្រួសារយុវជនស្ម័គ្រចិត្តគ្រប់ក្រុម បងៗសមត្ថកិច្ច ក្រុមគ្រូពេទ្យ បងៗអនាម័យ ក្រុមបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការងារធានានូវដំណើរការរបស់អង្គរសង្ក្រាន្ត។ អ្នកទាំងអស់គ្នានេះហើយគឺជាមូលហេតុនៃស្នាមញញឹមរាប់លានក្នុងរយៈពេល ៣ថ្ងៃនេះ»។
សូមជម្រាបជូនថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខួប១០ឆ្នាំ នៅក្នុងឆ្នាំនេះ បានបំបែកកំណត់ត្រាឯតទគ្គកម្មធំៗចំនួន២ ជាមួយស្ថាប័ន Guinness World Record គឺ «បេះដូងច្រើនជាងគេលើពិភពលោក» ដែលជាកំណត់ត្រាបត់បេះដូងក្រដាសចំនួន៣ ៩១៧ ៨០៥ និងកំណត់ត្រា «រាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក» ដែលមានអ្នកចូលរួមរាំចំនួន ៤ ៩៩៩នាក់។
ជុំវិញបញ្ហានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធក្នុងដំណើរការកម្មវិធីអង្គរសង្ក្រាន្តនេះ ដោយលោកថ្លែងថា បានទទួលសមិទ្ធផលល្អច្រើនបូករួមការកោតសរសើរពីរង្វង់ប្រជាពលរដ្ឋខ្មែរភាគច្រើនក្នុងការរំលេចកម្មវិធីនានាសំដៅលើកកម្ពស់វប្បធម៌ខ្មែរ និងបានស្រូបទាញកំណើនទេសចរក្នុងអំឡុងរដូវចូលឆ្នាំប្រពៃណីខ្មែរនេះ។
លោកបានបន្តថា មិនត្រឹមតែនៅសៀមរាបប៉ុណ្ណោះទេ នៅបណ្តាខេត្តផ្សេងៗទៀតក៏មានការបង្កើតព្រឹត្តិការណ៍ស្រដៀងៗគ្នានេះដែរ។ការបង្កើតព្រឹត្តិការណ៍ទាំងនេះជាកត្តាជំរុញចរន្តកំណើនសេដ្ឋកិច្ចជាតិជាមួយលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការបង្កើនប្រាក់ចំណូលជូនដល់មូលដ្ឋានតាមរយៈវិស័យទេសចរណ៍ក្នុងស្រុក។
លោកបានថ្លែងថា៖ «ធម្មតាទេ កាលណាមានភ្ញៀវទេសចរធ្វើដំណើរចុះឡើងទៅស្នាក់នៅ ទៅកម្សន្តអ៊ីចឹង វាតែងធ្វើឱ្យសេដ្ឋកិច្ចតាមមូលដ្ឋានហ្នឹងវាដើរហើយ។បើយើងនិយាយពីចរន្តសេដ្ឋកិច្ចកាលណាមានមនុស្សធ្វើ
ដំណើរចុះឡើងច្រើន មានមនុស្សដើរចាយលុយ នោះសេដ្ឋកិច្ចនឹងកម្រើកឡើងវិញ»៕