ភ្នំពេញៈ ប្រតិបត្តិករហិរញ្ញវត្ថុ និងអ្នកសេដ្ឋកិច្ច យល់ឃើញថា ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទជាង ១០០ ស្ថាប័នដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រការលុបអាជ្ញាប័ណ្ណរបស់ធនាគារជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះ នឹងមិនប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាឡើយ។
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣ បានបង្ហាញឈ្មោះគ្រឹះស្ថានឥណទានជនបទចំនួន ១០៤ ដែលពួកគេខ្លះស្ថិតក្នុងចំណោមឥណទានជនបទជាង ២២៤ នៅកម្ពុជា ឆ្នាំ ២០២២។ ទោះយ៉ាងណាធនាគារជាតិនៃកម្ពុជាមិនបានបញ្ជាក់មូលហេតុនៃការលុបឈ្មោះនោះទេ។
ទោះបែបណា អ្នកជំនាញដែលតាមដានស្ថានភាពប្រតិបត្តិការហិរញ្ញវត្ថុនៅកម្ពុជា បានអះអាងថា ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទនេះ គឺជាការល្អមួយ ព្រោះគ្រឹះស្ថានទាំងអស់នោះមិនបានអនុវត្តពេញលេញតាមគោលការណ៍ ឬនីតិវិធីដែលតម្រូវដោយធនាគារជាតិនៃកម្ពុជាឡើយ។
យោងតាមរបាយការណ៍ NBC គិតត្រឹមដំណាច់ឆ្នាំ ២០២២ គ្រឹះស្ថានឥណទានជនបទដែលប្រតិបត្តិការនៅកម្ពុជាមានចំនួន ២២៣។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមរឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា (CMA) ឱ្យភ្នំពេញប៉ុស្តិ៍ដឹងនៅថ្ងៃ ១៧ ខែមេសា ឆ្នាំ ២០២៣ ថា ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចេញពីបញ្ជីនេះដោយសារតែគ្រឹះស្ថានឥណទានជនបទទាំងអស់នោះមិនអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិ ឬគោលការណ៍ដែលធនាគារជាតិដាក់ចេញ មានដូចជា របាយការណ៍ប្រចាំឆ្នាំមិនច្បាស់លាស់ មិនទាន់ពេលវេលាជាដើម។
លោកបន្តថា ការធ្វើបែបនេះគឺជាអ្វីដែលសមាគមចង់បាន ហើយវាក៏គ្មានឥទ្ធិពលអវិជ្ជមានដល់វិស័យនេះទេ ផ្ទុយទៅវិញ វានឹងជួយពង្រឹងដល់វិស័យនេះបន្ថែមទៀត។ គោលដៅរបស់សមាគម គឺអ្នកធ្វើត្រឹមត្រូវ អនុវត្តតាមលក្ខខណ្ឌច្បាប់ត្រឹមត្រូវ ត្រូវតែឈរជើង ហើយអ្នកអនុវត្តមិនត្រឹមត្រូវ ត្រូវតែបញ្ចប់។
លោកបញ្ជាក់ថា៖ «ការលុបឈ្មោះនេះជារឿងល្អ ហើយខ្ញុំជឿថា នឹងមានការលុបឈ្មោះគ្រឹះស្ថានឥណទានបន្ថែមទៀត ដោយការលុបនេះនឹងមិនប៉ះពាល់ទៅដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាឡើយ»។
លោក ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការលុបឈ្មោះគ្រឹះស្ថានឥណទានជនបទដ៏ច្រើនបែបនេះ គឺជាការពង្រឹងភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ខណៈគ្រឹះស្ថានឥណទានទាំងនោះ មិនអាចបំពេញតាមបានត្រឹមត្រូវ។
សម្រាប់ លោក វណ្ណៈ ទោះមានការបង្ហាញពីការលុបឈ្មោះចេញពីបញ្ជីក៏ពិតមែន ប៉ុន្តែគ្រឹះស្ថានទាំងនោះក៏អាចមានសិទ្ធិរៀបចំដាក់ពាក្យជាថ្មីសម្រាប់បើកដំណើរការឡើងវិញនៅពេលក្រោយដើម្បីឱ្យស្របច្បាប់ និងលក្ខខណ្ឌដែលបានកំណត់ដោយធនាគារជាតិនៃកម្ពុជា។
លោក វណ្ណៈ និយាយថា៖ «ខ្ញុំយល់ឃើញថា ការលុបចោលបែបនេះក៏បង្កលក្ខណៈឱ្យប្រតិភោគ ឬអ្នកប្រើប្រាស់នៅតាមជនបទ ឬតំបន់ដាច់ស្រយាលទាំងអស់នោះមានភាពរឹងមាំ ម៉ឺងម៉ាត់ និងហ្មត់ចត់ ក្នុងការខ្ចីដែរ ព្រោះបើធនាគារជាតិមិនមានគោលការណ៍ ឬផ្សព្វផ្សាយច្បាស់លាស់អំពីវិធានការ ឬនីតិវិធីផ្សេងៗសម្រាប់មីក្រូហិរញ្ញវត្ថុដែលស្របច្បាប់គឺពួកគាត់រងគ្រោះហើយ ព្រោះមានបុគ្គល ឬក្រុមមួយខ្លះដើរតួនាទីជាអ្នកផ្តល់សេវាមិនស្របច្បាប់»។
ការលុបចោលនូវអាជ្ញាប័ណ្ណដែលមិនគោរពតាមច្បាប់របស់ធនាគារជាតិ ក៏អាចបង្កឱ្យមីក្រូហិរញ្ញវត្ថុដែលស្របច្បាប់ មានឱកាស និងគុណសម្បត្តិក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគាត់តាមវិជ្ជាជីវៈ។
លោកបញ្ជាក់ថា៖ «ជារួម ខ្ញុំយល់ឃើញថា វាមានប្រយោជន៍ច្រើនសម្រាប់អ្នកពាក់ព័ន្ធដែលផ្តល់សេវាផ្តល់ឥណទានទាំងអស់នៅតំបន់ដាច់ស្រយាល និងជនបទនេះឯង»។
បើយោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ ២០២២ គ្រឹះស្ថានឥណទានជនបទដែលប្រតិបត្តិការនៅកម្ពុជាមានចំនួន ២២៤ ដោយមានទំហំទ្រព្យសកម្មសរុប ២៣៤ ពាន់លានរៀល (៥៦,៨ លានដុល្លារ)។
ជាមួយគ្នានេះ ឥណទានសរុបមាន ២១១,១ ពាន់លានរៀល (៥១,៣ លានដុល្លារ) ត្រូវបានចែកទៅវិស័យនានាដូចជា កសិកម្ម ៣២,៥ ភាគរយ, គ្រួសារ ២៩,១ ភាគរយ, ពាណិជ្ជកម្ម ២០ ភាគរយ, សេវាកម្ម ៧,២ ភាគរយ, សំណង់ ៥,៩ ភាគរយ, ដឹកជញ្ជូន ០,២ ភាគរយ និងផ្នែកផ្សេងៗទៀត ៥,១ ភាគរយ៕