ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់កងកម្លាំងទាំងអស់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ត្រូវបន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ សន្តិភាព ស្ថិរភាពនយោបាយ ទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ទប់ស្កាត់ប្រឆាំងដាច់ខាតរាល់អំពើដែលនាំទៅដល់ការបង្កអស្ថិរភាពនយោបាយ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងបែបនេះឡើងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងទាំងអស់ ដែលកំពុងឈរជើងការពារជាតិ និងសន្តិសុខក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។
តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន មានមោទនភាព និងកោតសរសើរចំពោះសកម្មភាពដ៏ស្មោះត្រង់ អង់អាចក្លាហាន ទទួលខុសត្រូវរបស់កងកម្លាំងគ្រប់ប្រភេទ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីបានយ៉ាងរឹងមាំ រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ។
លោកថ្លែងថា៖ «កងកម្លាំងទាំងអស់ ត្រូវបន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ សន្តិភាព ស្ថិរភាពនយោបាយ បូរណភាពដែនដី ទប់ស្កាត់រាល់អំពើដែលនាំទៅដល់ការបង្កអស្ថិរភាពនយោបាយ ដោយត្រូវការពារនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល និងចូលរួមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលផងដែរ»។
ជាមួយគ្នានោះ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយនឹងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ សមាគមទំនាក់ទំនងនិងគាំទ្រប្រជាជន ហើយនិងគ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ីព្រមទាំងវិស័យឯកជនក្នុងការផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដើម្បីអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី៨។
លោក យិន យឿត អនុប្រធាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ប្រជាពលរដ្ឋ យុវជន កងកម្លាំង ភ្ញៀវបរទេស និងមិត្តសិល្បករមានការចាប់អារម្មណ៍ខ្លាំងចំពោះបញ្ហាគ្រឿងញៀន។
លោកថា ការចាប់អារម្មណ៍តាមរយ:ការសួរដេញដោលនូវសំណួរ ទទួលយកឯកសារពាក់ព័ន្ធនឹងចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនយ៉ាងផុលផុស ដើម្បីទទួលបានចំណេះដឹងបន្ថែមទៀតជាទុនសម្រាប់ការពារខ្លួននិងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់កុំឲ្យធ្លាក់ចូលក្នុងអន្ទាក់នៃគ្រឿងញៀន៕