ភ្នំពេញៈធនាគារជាតិនៃកម្ពុជា (NBC) និងស្ថាប័នទូទាត់ប្រាក់អន្តរជាតិ NPCI របស់ឥណ្ឌានឹងធ្វើការរួមគ្នាដើម្បីសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការការផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដែលលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថា នឹងផ្តល់ជាធាតុចូលដ៏សំខាន់ សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។
ការសិក្សាពីលទ្ធភាពផ្ទេរប្រាក់ភ្លាមៗរវាងប្រទេសទាំង ២ នេះ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីស្ថាប័នទាំង២ បានចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន រវាងគ្នាតាមរយៈប្រព័ន្ធអនឡាញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតី លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជានិងលោក RiteshShukla នាយកប្រតិបត្តិនៃស្ថាប័ន NIPL។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ក្រៅពីការជំរុញពីការសិក្សាពីលទ្ធភាពក្នុងការដាក់ឱ្យដំណើរការការផ្ទេរប្រាក់ភ្លាមៗនេះ អនុស្សរណៈនេះក៏មានបំណងបង្កើតជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំង២ សិក្សា និងពិភាក្សាបន្ថែមលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម ប្រតិបត្តិការ និងផ្នែកផ្សេងៗទៀត ក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំង២។
«ការចុះអនុស្សរណៈយោគយល់នេះនឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាពលរដ្ឋនៃប្រទេសទាំង២ក្នុងការប្រើប្រាស់បណ្តាញផ្លូវការសម្រាប់ធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែន ប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន។
ប្រភពដដែលថា លើសពីនេះ ការតភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនខាងលើត្រូវបានរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលមួយដើម្បីគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំង២នាពេលអនាគត។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសាថា កិច្ចសហការរវាងធនាគាជាតិនៃកម្ពុជា ជាមួយនឹងស្ថាប័ន NPCI Internatlonal Payments LImlted គឺជាដំណឹងដ៏ល្អមួយសម្រាប់វិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ដែលរំពឹងថាវានឹងជួយសម្រួល និងចំណេញ សម្រាប់អតិថិជនក្នុងការទូទាត់ប្រាក់បានយ៉ាងងាយស្រួល។
លោក អ៊ិន ចាន់នី បានបញ្ជាក់ថា៖ «ខ្ញុំគិតថាវាល្អខ្លាំងណាស់សម្រាប់អាជីវកម្មក៏ដូចជាអតិថិជន ឬអ្នកទេសចរនៃប្រទេសទាំង២ គឺកម្ពុជា និងឥណ្ឌា។ វានឹងជួយក្នុងការបង់ប្រាក់ឆ្លងដែនតាមពេលវេលាជាក់ស្តែងជាមួយនឹងការចំណាយទាប ហើយលើសពីនេះ វានឹងជួយបង្កើនទាំងបរិមាណ និងតម្លៃនៃប្រតិបត្តិការ ហើយជាការពិតណាស់វានឹងជួយជំរុញសេដ្ឋកិច្ចនៃប្រទេសទាំង២ និងអ្នកផ្សេងទៀត ដែលជាបណ្តាញទូទាត់»។
ចំណែក លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានលើកឡើងដែរថាប្រជាជននៃប្រទេសទាំង២ ជាអ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ បន្ទាប់ពីមានកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា (NBC) និងស្ថាប័នទូទាត់ប្រាក់អន្តរជាតិ NPCI របស់ឥណ្ឌានេះ។
លោកបានបន្ថែមថា ការណ៍ដែលធនាគារជាតិនៃកម្ពុជាសិក្សាពីលទ្ធភាពក្នុងការពង្រីកប្រតិបត្តិការភ្ជាប់ទៅប្រទេសផ្សេងៗទៀតនៅលើពិភពលោកនេះគឺនឹងផ្តល់ផលវិជ្ជមានខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ដែលគាត់ត្រូវការធ្វើដំណើរទៅទេសចរណ៍ ការធ្វើពាណិជ្ជកម្មផ្សេងៗ ការទូទាត់ប្រាក់ជាដើម វានឹងផ្តល់ភាពរលូនក្នុងការរវាងប្រទេសនានាលើពិភពលោក។
លោកបានបញ្ជាក់ទៀតថា៖«កន្លងមកយើងបានធ្វើហើយជាមួយនឹងប្រទេសវៀតណាម និងថៃ ដូចនេះនៅពេលយើងបន្ថែមការភ្ជាប់ទំនាក់ទំនងលើការទូទាត់ប្រាក់ជាមួយខាងប្រទេសឥណ្ឌាទៀតនោះវានឹងជាឱកាសដែលផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ។ នៅពេលដែលប្រជាពលរដ្ឋឥណ្ឌាមកទេសចរណ៍ឬមកធ្វើពាណិជ្ជកម្មនៅកម្ពុជា គឺគាត់អាចទូទាត់បានយ៉ាងងាយស្រួល»។
លោក កាំង តុងងី បានថ្លែងថា ក្រៅពីផ្តល់ភាពងាយស្រួលក្នុងការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន រវាងប្រទេសទាំង២ហើយ ការចុះអនុស្សរណៈនេះនឹងអនុញ្ញាតឱ្យកម្ពុជារៀនសូត្របន្ថែមបានពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់ឥណ្ឌា ខណៈដែលប្រទេសនេះ មានភាពល្បីល្បាញលើការរីកចម្រើននៃប្រព័ន្ធព័ត៌មានវិទ្យានេះ៕