ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយម បានអំពាវនាវដល់បណ្ដាខេត្តទាំងអស់ ឱ្យប្រុងប្រយ័ត្នចំពោះការកើនឡើងកម្ដៅ និងបញ្ហាខ្យល់កន្ត្រាក់ ខណៈដែលអាជ្ញាធរបណ្ដាខេត្តមួយចំនួនបានណែនាំឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានត្រៀមការពារខ្លួនពីការកើនឡើងកម្ដៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ទី២៥ ខែមេសា នៅតាមតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពកើនដល់ជិត ៤០°C និងអាចមានភ្លៀងពីខ្សោយទៅតិចតួចលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់។
ក្រសួងបានបន្តថា «ដោយសារប្រទេសកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបក្នុងកម្រិតពីខ្សោយទៅមធ្យមគួបផ្សំនឹងខ្យល់ប្រែប្រួលទើបធ្វើឱ្យនៅតាមបណ្ដាខេត្តវាលទំនាបកណ្ដាលនិងតំបន់ខ្ពង់រាបនឹងអាចមានសីតុណ្ហភាពកើនឡើងកម្ដៅទៅដល់ជិត ៤០°C ហើយក៏អាចនឹងកើតមានភ្លៀងពីខ្សោយទៅតិចតួច លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ»។
ចំណែកតំបន់មាត់សមុទ្រវិញ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា អាចមានសីតុណ្ហភាពកើនឡើងកម្ដៅទៅដល់ ៣៥°C រួមជាមួយនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
ស្ថានភាពអាកាសធាតុនេះក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដូចជា ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងការកើនឡើងកម្ដៅដែលអាចកើតមានឡើងជាយថាហេតុណាមួយ។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានឱ្យដឹងថា អាជ្ញាធរខេត្តបានផ្សព្វផ្សាយព័ត៌មានទាំងនេះទៅគ្រប់អាជ្ញាធរទាំងអស់ និងអ្នកដែលពាក់ព័ន្ធក្នុងខេត្តនេះ ដើម្បីឱ្យបានជ្រាបពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ។
លោកបានបន្តថា កន្លងមក ខេត្តស្ទឹងត្រែងបានទទួលរងគ្រោះធម្មជាតិមានខ្យល់កន្ត្រាក់ និងក៏មានការកើនឡើងកម្ដៅខ្លាំងផងដែរ។ ហេតុនេះបញ្ហាដែលកើតឡើងកន្លងមកនេះ អាជ្ញាធរបានសម្របសម្រួលដោះស្រាយបានមួយចំនួនធំដែរ ដោយបានជូនដំណឹង និងចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ។
លោកម៉ែន គង់ បានបញ្ជាក់ថា៖«ឥឡូវមកដល់ពេលនេះ នៅក្នុងសភាពការណ៍ថ្មីនេះ ក៏នឹងបន្តជូនដំណឹងបន្តទៀតហើយនិងបន្តប្រុងប្រយ័ត្នខ្ពស់ទៅលើកិច្ចការងារនៃការប្រែប្រួលអាកាសធាតុដោយយថាហេតុ។ នៅក្នុងខេត្តស្ទឹងត្រែងស្ថានភាពបច្ចុប្បន្ននេះ គឺវាកើនឡើងកម្ដៅរួចហើយ អ៊ីចឹងផលប៉ះពាល់ទាំងអស់នេះប្រជាពលរដ្ឋ គាត់ក៏អាចដឹងពីការប្រែប្រួលស្ថានភាពកម្ដៅនេះផងដែរ»។
លោក ម៉ែន គង់ បានអះអាងថា ជារួមប្រជាពលរដ្ឋនៅក្នុងខេត្តមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើបញ្ហាកើនឡើងកម្ដៅទេ នេះបើតាមការពិនិត្យមើលស្ថានភាពជាក់ស្ដែងពីសំណាក់អាជ្ញាធរ។ ទោះជាយ៉ាងណាលោកថាផ្នែកពាក់ព័ន្ធទាំងអស់គួរមានការប្រុងប្រយ័ត្ន រួមទាំងផ្នែកសុខាភិបាលត្រូវក្រើនរំឭកដល់មណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តស្ទឹងត្រែង ដើម្បីតាមដានសភាពការណ៍ និងត្រៀមលក្ខណសម្បត្តិក្នុងករណីចាំបាច់ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏បានថ្លែងដែរថា ក្រោយពីបានចុះចែកអំណោយ និងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងមកអាជ្ញាធរខេត្តនៅតែបន្តជូនដំណឹងឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ។
លោកបានបន្តថា លោកក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តព្យាយាមតាមដានក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ផងដែរ។
ចំពោះបញ្ហាកើនឡើងកម្ដៅ លោកថា អាជ្ញាធរខេត្តគ្រាន់តែណែនាំឱ្យពួកគាត់ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ទៅលើជនងាយរងគ្រោះ ក្នុងនោះមាន មនុស្សចាស់ ក្មេងៗជាដើម។ លោកបន្ដថាប្រសិនបើមានការកើនឡើងកម្ដៅខ្លាំង ក៏មិនមែនប៉ះពាល់តែខេត្តកំពង់ស្ពឺមួយដែរ គឺវាប៉ះពាល់ទាំងអស់ដែលធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកក្នុងការរស់នៅ ជាពិសេសតំបន់ខ្លះដែលស្ថិតនៅឆ្ងាយពីទឹកអាចនឹងមានបញ្ហា។
លោក វ៉ី សំណាង បានអះអាងថា៖«សម្រាប់ខេត្តកំពង់ស្ពឺ បញ្ហាកើនឡើងកម្ដៅមិនមែនជាក្ដីបារម្ភធ្ងន់ធ្ងរទេ ពីព្រោះយើងមានទឹកគ្រប់អស់ហើយ ទាំងនៅក្នុងភូមិ និងទាំងនៅក្នុងស្រុក»៕