ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានប្រកាសគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរៀបចំ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០» ដែលរៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ឱ្យកាន់តែប្រសើរ។ នេះបើយោងតាមការលើកឡើងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តថា ការគាំទ្ររបស់លោកវង សូត នេះបន្ទាប់ពី លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្នុងនាមជាអនុប្រធានប្រចាំការក្រុមការងារបច្ចេកទេសរៀបចំ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០៣០» បានដឹកនាំក្រុមការងារជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ ក៏ដូចជាធាតុចូលគន្លឹះពីលោករដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រីបានផ្តល់នូវធាតុចូលមួយចំនួន ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមជំហានទី២នេះ ឱ្យបានគ្រប់ជ្រុងជ្រោយ និងពេញលេញ ដោយអនុលោមតាមការចង្អុលបង្ហាញនៃចក្ខុវិស័យរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។
តាមរយៈអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងជំនួបនេះ លោក ចន ណារិទ្ធ បានលើកឡើងថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាកត្តាដ៏សំខាន់ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងបរិយាប័ន្ន។
លោកបន្តថា ៖ «ឈរលើមូលដ្ឋាននៃស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដោយបានជួយលើកស្ទួយសន្តិសុខប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់»។
លោក ចន ណារិទ្ធ ថ្លែងថា ដើម្បីធ្វើឱ្យប្រព័ន្ធគាំពារសង្គកម្ពុជា កាន់តែមានភាពរឹងមាំ និងប្រសើរឡើង ចាំបាច់ណាស់ ក្នុងការធ្វើបច្ចុប្បន្នភាព លើក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលមានស្រាប់ ដែលត្រូវបានរៀបចំក្រោមការដឹកនាំ និងសម្របសម្រួលដោយក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការពិគ្រោះយោបល់យ៉ាងទូលំទូលាយរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែង កោតសរសើរខ្ពស់ចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយកន្លងមក បានខិតខំប្រឹងប្រែយ៉ាងសកម្មធ្វើឱ្យប្រព័ន្ធគាំពារសង្គមកាន់តែមានការវិឌ្ឍទៅមុខជាបន្តបន្ទាប់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
លោកថ្លែងថា៖ «ជាក់ស្តែងក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្រុមប្រឹក្សាជាតិគាំពារសង្គម មិនបានធ្វើឱ្យប្រព័ន្ធគាំពារសង្គមដើរថយក្រោយនោះទេ ប៉ុន្តែបានធ្វើឱ្យប្រព័ន្ធនេះកាន់តែអភិវឌ្ឍខ្លួនយ៉ាងលឿន១កម្រិតទៀតដើម្បីគាំពារប្រជាពលរដ្ឋចៀសផុតពីការធ្លាក់ចូលក្នុងហានិភ័យផ្នែកហិរញ្ញវត្ថុដែលអាចធ្វើឱ្យកម្ពុជាកាន់តែមានភាពធន់ខ្លាំងជាងមុនទោះជួបវិបត្តិនានាក៏ដោយ»។
លោករដ្ឋមន្ត្រីបន្តថា ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានតែងតែអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
បើតាមលោក វង សូត្រ នឹងបន្តសហការផ្ដល់ធាតុចូលចាំបាច់នានាដើម្បីឱ្យក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមជំហានទី២ នេះមានភាពគ្រប់ជ្រុងជ្រោយ និងពេញលេញ ពាក់ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គមនានាដែលក្រសួងកំពុងអនុវត្ត៕