ភ្នំពេញៈក្រុមស្រាវជ្រាវនៃខណ្ឌជលផលខេត្តក្រចេះ និងអង្គការ WWF នៅថ្ងៃទី១៨ ខែមេសា បានចុះតាមដានកូនផ្សោតទើបកើតថ្មី ដោយតាមការប៉ាន់ប្រមាណកូនផ្សោតនេះទើបតែមានអាយុប្រមាណ៣ថ្ងៃប៉ុណ្ណោះ។នេះជាកូនផ្សោតទី២ ដែលបានកត់ត្រានៅឆ្នាំ២០២៣ នៅអន្លង់កាំពីស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១៨ ខែមេសា បានឱ្យដឹងថា ការចុះស្រាវជ្រាវតាមដានកូនផ្សោតទើបកើតថ្មីនេះធ្វើឡើងបន្ទាប់ពីមានអ្នកបើកទូកទេសចរណ៍ប្រចាំអន្លង់កាំពីបានប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ខណៈពេលវាកំពុងហែលលេងជាមួយហ្វូងសត្វផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពីស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពបញ្ជាក់ថា«អ្នកបើកទូកទេសចរណ៍បានរាយការណ៍ជូនប្រធានឆ្មាំទន្លេ និងមន្ត្រីជលផលខេត្តក្រចេះ និងបុគ្គលិកអង្គការ WWF ដើម្បីជាព័ត៌មាន កត់ត្រានិងតាមដានបន្តទៀត»។ ប្រភពដដែលបញ្ជាក់ផងដែរថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល ចំណែកនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលផងដែរ។
នាយខណ្ឌជលផលខេត្តក្រចេះ លោក ម៉ុក ពន្លក បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីដើមខែមីនា ឆ្នាំ២០២៣ ថា ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិប្រចាំកម្ពុជា និងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានចុះជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះឃើញកូនផ្សោតថ្មីដំបូង ដែលទើបនឹងកើតនៅកន្លែងអភិរក្សអន្លង់កាំពីត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងហែលទឹកជាមួយមេរបស់វា និងផ្សោតពេញវ័យ១ហ្វូងទៀតដែលមានចំនួនប្រមាណពី៧ ទៅ៨ក្បាល។
លោកបានបន្តថា កូនផ្សោតថ្មីនេះ ត្រូវបានក្រុមជំនាញថ្នាក់ជាតិ និងអន្តរជាតិសន្និដ្ឋានរួមគ្នាថា ទើបនឹងកើតនៅថ្ងៃទី២៧ ឬ ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ វាមានទម្ងន់ពី៩ទៅ១០គីឡូក្រាមប្រវែង១ម៉ែត្រ និងមានសុខភាពល្អ។
ពាក់ព័ន្ធនឹងការអភិរក្សសត្វផ្សោតនេះកាលពីថ្ងៃទី២៤ ខែមីនា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្រសួងកសិកម្ម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរផ្តល់បណ្ណក្រីក្រដល់ប្រជានេសាទនៅតំបន់សត្វផ្សោត និងជួយឱ្យពួកគាត់មានមុខរបរផ្សេងជំនួសការដាក់មងនៅតំបន់មានផ្សោត។
លោក ហ៊ុន សែន បានថ្លែងថា៖«យើងអាចលើកទឹកចិត្តដោយផ្តល់បណ្ណក្រីក្រជូនពួកគាត់ដើម្បីជំនួសមកវិញនូវការថែទាំ។ រាជរដ្ឋាភិបាល អាចផ្តល់បណ្ណក្រីក្រទៅប្រជានេសាទ ដើម្បីធានាថា ពួកគាត់បញ្ឈប់ការបន្តដាក់មង នៅតំបន់ដែលមានផ្សោត។ បើមិនដូច្នេះ សត្វផ្សោតនឹងងាប់ផុតពូជអស់»។
លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង ប្រាបភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៨ ខែមេសាថា មកទល់ពេលនេះខេត្តស្ទឹងត្រែងនៅមិនទាន់បានផ្តល់បណ្ណក្រីក្រជូនប្រជានេសាទនៅឡើយទេ ដោយសារពេលនេះអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធកំពុងស្រង់ទិន្នន័យឱ្យបានច្បាស់លាស់អំពីប្រជានេសាទដែលនៅក្បែរតំបន់ការពារ និងអភិរក្សសត្វផ្សោត។
លោកថ្លែងថា៖«ទី១គឺការផ្សព្វផ្សាយឱ្យបានជ្រាបច្បាស់ ទី២ គឺការស្រង់ទិន្នន័យរបស់មេភូមិ អាជ្ញាធរឃុំនៅក្នុងតំបន់ការពារហ្នឹង និងបងប្អូនធ្វើការនៅទីហ្នឹងជាពិសេសគឺឆ្មាំនៅតំបន់ហ្នឹង យើងស្រង់ឱ្យបានច្បាស់លាស់ ហើយនឹងមានក្រុមការងារបច្ចេកទេសទៅពីមន្ទីរជំនាញក្នុងការផ្តល់មតិយោបល់ក្នុងការពិនិត្យនិងស្រង់ទិន្នន័យជាក់លាកពាក់ព័ន្ធគ្រួសារក្រីក្រហើយជាប្រជានេសាទ»។
ដោយឡែក លោក ម៉ែន វណ្ណា អ្នកនាំពាក្យរដ្ឋបាលខេត្តក្រចេះបានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសាថា សម្រាប់ខេត្តក្រចេះបានស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្បែរតំបន់ការពារនិងអភិរក្សសត្វផ្សោតរួចហើយ ដោយខណ្ឌរដ្ឋបាលជលផលសហការជាមួយអាជ្ញាធរមូលដ្ឋានដែលនៅតាមបណ្តោយមាត់ទន្លេមេគង្គធ្វើជំរឿនប្រជាពលរដ្ឋ ប៉ុន្តែលោកបានបញ្ជាក់ថា ព័ត៌មានជុំវិញលទ្ធផលនៃការធ្វើជំរឿននេះលោកបង្វែរឱ្យសួរទៅមន្ត្រីជំនាញរដ្ឋបាលជលផល។លោកថ្លែងថា៖«ចង់ដឹងច្បាស់ទាល់តែសួរខាងជលផល យើងប្រគល់តួនាទីឱ្យខាងជលផលពាក់ព័ន្ធជាមួយការងារអស់ហ្នឹង»។
លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ប្រាប់ថា លោកមិនទាន់អាចផ្តល់ព័ត៌មានបានទេ ដោយសារជាប់រវល់ធ្វើដំណើរតាមផ្លូវ។ដោយឡែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទ្រី សុភក្តិ ក៏លោកមិនអាចផ្តល់ព័ត៌មានបានដែរដោយលោកបញ្ជាក់ថា ជាប់ប្រជុំ។
យ៉ាងណាក៏ដោយ លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី ខេត្តក្រចេះ ប្រាប់ថា ការផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋមិនមែនធ្វើឡើងសម្រាប់តែប្រជានេសាទនោះទេ គឺធ្វើជូនប្រជាពលរដ្ឋមានភាពក្រីក្រពិតប្រាកដ ត្រូវជាមួយនឹងលក្ខខណ្ឌក្នុងការផ្តល់ជូន។ ចំណែកការយកចិត្តទុកដាក់លើការផ្លាស់ប្តូរមុខរបរជូនប្រជានេសាទនៅក្បែរតំបន់អភិរក្សផ្សោតនៅមិនទាន់មានការសម្រេចយ៉ាងណានៅឡើយ៕