ភ្នំពេញៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនទាក់ទងនឹងការបង្ការការឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីការបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនមានរកឃើញករណីឆ្លងរាលដាលមេរោគកូវីដ១៩។
យោងតាមសារសំឡេងពិសេសរបស់លោកនាយករដ្ឋមន្រ្តី នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយសារតែមិនមានករណីឆ្លងរាលដាលនៃមេរោគកូវីដ១៩បន្ទាប់ពីពិធីបុណ្យចូលឆ្នាំ ធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលធ្វើការពិនិត្យឡើងវិញពីវិធានការនានាសម្រាប់ប្រកាន់យកក្នុងដំណាក់កាលថ្មី។
លោកមានប្រសាសន៍ថា ៖ «យោងតាមសំណើរបស់ក្រសួងសុខាភិបាល និងមានការឯកភាពពីគណៈកម្មការប្រចាំការនៃគណៈកម្មការប្រយុទ្ធជាមួយនឹងកូវីដ១៩ ខ្ញុំធ្វើការសម្រេចលើកលែងកាតព្វកិច្ចសម្រាប់ការជួបជុំ ការពាក់ម៉ាស់សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្តែបុគ្គលម្នាក់ៗអាចពាក់ម៉ាស់តាមជម្រើសរៀងៗខ្លួន»។
កន្លងទៅនេះ ទោះបីជាមានការដកចេញនូវការពាក់ម៉ាស់ដែលមិនមែនជាកាតព្វកិច្ចក៏ដោយ ប៉ុន្តែនៅតែរក្សាការពាក់ម៉ាស់ក្នុងពិធីជួបជុំមួយចំនួនដូចជា ការទទួលសញ្ញាបត្រដែលមានមនុស្សរាប់រយឬរាប់ពាន់នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ៖ «ចាប់ពីពេលនេះតទៅ យើងមិនតម្រូវឱ្យនិស្សិតឬអ្នកចូលរួមក្នុងអង្គពិធីតាមស្ថាប័នរដ្ឋ ឬវិស័យឯកជនមានការពាក់ម៉ាស់នោះទេ តែការជ្រើសរើសពាក់ម៉ាស់អាចធ្វើបានតាមរយៈបុគ្គលផងដែរ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសលើកលែងនូវការធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ សម្រាប់ការជួបជុំគ្រប់ប្រភេទផងដែរ តែបុគ្គលម្នាក់ៗអាចធ្វើតេស្តតាមជម្រើសរបស់ខ្លួនរៀងៗខ្លួន។
លោក ហ៊ុន សែន ថា ៖ «ចាប់ពីពេលនេះតទៅ មិនចាំបាច់មានការរៀបចំ និងចំណាយលើប្រដាប់ធ្វើតេស្ត និងមិនចាំបាច់មានគ្រូពេទ្យឈរជើងដើម្បីធ្វើតេស្តនោះដែរ។ ដូចនេះជាការសម្រួលបន្ថែមទៀតលើការប្រសើរឡើងនូវស្ថានភាពនៃជំងឺកូវីដ១៩ក្នុងប្រទេសរបស់យើង»។
ប្រសិនបើបុគ្គល ឬប្រជាពលរដ្ឋណាមានការសង្ស័យ អាចធ្វើតេស្តដោយខ្លួនឯងបាន ដោយមិនមែនហាមឃាត់ធ្វើតេស្តនោះឡើយ។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ ដោយលោកនៅតែធ្វើការអំពាវនាវបន្តធ្វើអនាម័យតាមរយៈការលាងដៃជាមួយនឹងសាប៊ូ ឬអាល់កុល ដើម្បីធានាថាកម្ពុជាមិនមានហានិភ័យណាមួយកើតឡើងដោយការធ្វេសប្រហែសនោះឡើយ។
ជាមួយគ្នានេះលោកនាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងសុខាភិបាលបន្តតាមដានវាយតម្លៃជាប់ជាប្រចាំលើស្ថានភាពជំងឺកូវីដ១៩ ដោយសហការជាមួយនឹងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលើកទឹកចិត្តឱ្យអ្នកដែលមានរោគសញ្ញាសង្ស័យគប្បីប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ និងធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ដោយខ្លួនឯង៕