ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​)​ បាន​កំពុង​មើលថែ និង​បង្ហាត់​កូន​សុនខ​ ១៣​ ក្បាល​ដែល​ទើប​កើតមក​នាពេល​ថ្មីៗ​នេះ​ដើម្បីឱ្យ​ក្លាយទៅជា​សុនខ​បន្តវេន​ហិត​រក​មីន និង​ជំនាញ​ផ្សេងៗ​ទៅតាម​ភាពវាងវៃ​របស់​ពួកវា ព្រោះ​បច្ចុប្បន្ន​កម្ពុជា​នៅ​ខ្វះ​សុនខ​ជំនាញ​ហិត​មីន​សម្រាប់​ប្រើប្រាស់​ជា​ជំនួយ​ក្នុងការ​បោសសម្អាត​មីន​។​

​លោក ហេង រតនា អគ្គ​នា​យក ស៊ីម៉ាក់ បានឱ្យដឹង​នៅ​ថ្ងៃទី ​១៩ ខែមេសា​ថា បច្ចុប្បន្ននេះ ស៊ីម៉ាក់ បាន​គាំទ្រ​មេ​ពូជ​សុនខ​ផលិត​កូន​បាន​ជាង​ ១០០ ក្បាល រួមជាមួយ​កូន​សុនខ​ទើបតែ​កើត​ថ្មី​ចំនួន​ ១៣ ​ក្បាល​ទៀត ដែល​កំពុង​ទទួល​បានការ​មើលថែ​។

​លោក ហេង រតនា ថ្លែងថា​៖ «​យើង​នឹង​ជ្រើសរើស​វា ក្រោយពី​បង្រៀន​មួយរយៈ បើ​អាណា​ជាប់​ទើប​យកបាន អាណា​ធ្លាក់​នឹង​ក្លាយជា​សុនខ​ដែលមាន​ជំនាញ​ផ្សេងទៀត (​ព្រោះ​)​ កូន​សុនខ​ទាំងនេះ មិនមែន​សុទ្ធ​តែមាន​ជំនាញ​ក្នុងការ​ស្វែងរក​មីន ឬ​ហិត​មីន​នោះទេ​»​។​

​លោក​អះអាងថា ស៊ីម៉ាក់ មានលទ្ធភាព​គ្រប់គ្រាន់​នៅក្នុង​ការផលិត​កូន​សុនខ​សម្រាប់​ក្នុងស្រុក ប៉ុន្តែ​ក៏ត្រូវ​ស្រាវជ្រាវ និង​ស្វែងរក​ប្រភេទ​ពូជ​ផ្សេង ដែល​នាំចូល​ពី​ប្រទេស​ដទៃទៀត​ផងដែរ​។​

​លោក ហេង រតនា បញ្ជាក់ថា សព្វថ្ងៃនេះ​កម្ពុ​ជាមាន​សុនខ​ដែលមាន​ជំនាញ​ស្វែងរក​មីន​សរុប​ចំនួន​ជាង ២០០ ​ក្បាល ដែល​សុនខ​ទាំងនោះ​ខ្លះ​កំពុង​ប្រតិបត្តិការ និង​ខ្លះ​កំពុង​ទទួល​ការហ្វឹកហាត់ ដើម្បី​ក្លាយជា​សុនខ ដែលមាន​ជំនាញ​ស្វែង​រក​មីន​។​

​លោក​ថ្លែងថា​៖ «​ចំនួន​សរុប​សុនខ​ទាំង​ជាង​ ២០០​ ក្បាល​នេះ វា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​ការងារ​ក្នុង​វិស័យ​មីន​ហេតុនេះហើយ​បានជា​ស៊ីម៉ាក់ ប្រឹងប្រែង​ខិតខំ​ពង្រីក​កម្លាំង​សុនខ​នេះ ពីព្រោះ​ការងារ​របស់​សុនខ​មិនមែន​តែ​ហិត​មីន​នោះទេ ដោយសារ​មាន​សុនខ​ខ្លះ​ក៏​វា​មាន​ជំនាញ​ផ្សេង​ដែរ​ដូចជា ជំនាញ​សន្តិសុខ និង​ជំនាញ​ផ្សេងៗ​ទៀត​ជាដើម​»​។​

​យោងតាម​របាយការណ៍​របស់​ស៊ីម៉ាក់ បាន​បង្ហាញថា សុនខ​ហិត​មីន ត្រូវបាន​បង្កើតឡើង និង​នាំចូល​សម្រាប់​គាំទ្រ​ដល់​អង្គភាព​ស៊ីម៉ាក់ ដោយ​កង​ទ័ព​ប្រទេស​ស៊ុយ​អ៊ែត កាលពី​ឆ្នាំ​ ១៩៩៦ ក្នុង​កម្រិត​ហ្វឹកហ្វឺន​សាកល្បង​ប្រើប្រាស់​សុនខ​ហិត​មីន​នៅ​កម្ពុជា និង​បានបញ្ចប់​គម្រោង នៅ​ឆ្នាំ​ ២០០២​។

​ប៉ុន្ដែ ស៊ីម៉ាក់​បានចាប់ផ្ដើម​ពង្រឹង​ភាពជា​ម្ចាស់ និង​ភាពជា​ដៃគូ នៃ​កម្មវិធី​សុនខ​ហិត​មីន ចាប់ពី​ឆ្នាំ​ ២០០២ រហូត​ទទួល​បាន​ភាពជោគជ័យ និង​រឹងមាំ​តែម្ដង នៅ​អំឡុង​ឆ្នាំ​ ២០១៦​។ បច្ចុប្បន្ន ស៊ីម៉ាក់ បាន​កែប្រែ​ស្ថានភាព​ពី​ទិញ​ពី​បរទេស ក្លាយជា​អ្នកផ្គត់ផ្គង់​សុនខ​ទៅ​អន្តរជាតិ និង​គាំទ្រ​កិច្ច​ប្រតិ​​ប​ត្តិ​ការ​ក្នុងប្រទេស​ផងដែរ​។ សុនខ​មាន​ជំនាញ​ហិត​មីន​ដែល​កប់​ដី និង​សារធាតុ​ផ្ទុះ​ផ្សេងៗ​ដូចជា​សារធាតុ​ញៀន​៕