ភ្នំពេញៈ កម្ពុជា-បារាំង បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើផ្នែកវេជ្ជសាស្ត្រសុខាភិបាល ដោយក្នុងនោះមានផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្ដល់នូវឧបករណ៍បរិក្ខារពេទ្យ ជាពិសេសអាចបញ្ជូនអ្នកជំងឺទៅព្យាបាលនៅប្រទេសបារាំងតាមរយៈដៃគូនេះផងដែរ។
ពិធីចុះ MoU នេះធ្វើឡើង កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ រវាងមន្ទីរពេទ្យ Gabriel CHU CLERMONT-FERRAND et Hopital Purpan CHU Toulouse នៃប្រទេសបារាំង និងភាគីកម្ពុជាមានមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្ដកំពង់ចាម។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាអធិបតីដោយក្នុងពិធីចុះ MoU នេះ។
លោក តាន់ សុគុន នាយកមន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ បានថ្លែងក្រោយពិធីចុះហត្ថលេខានោះថា គោលបំណងនៃកិច្ចសហប្រតិបត្តិការនេះផ្តោតលើគោលដៅចំនួន ៤ រួមមាន
១- ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស ពោលផ្លាស់ប្ដូរការសិក្សារវាងនិស្សិត និងក្រុមគ្រូពេទ្យកម្ពុជា អាចទៅសិក្សានៅបារាំង ជាពិសេសនៅមន្ទីរពេទ្យដៃគូ។
២-ការឧបត្ថម្ភសម្ភារបរិក្ខារពេទ្យដល់កម្ពុជា ជាពិសេសមន្ទីរពេទ្យខេត្តមួយចំនួនដែលមិនទាន់មានលទ្ធភាពដូចជាខេត្តកំពង់ចាម និងបាត់ដំបង ក៏ដូចជាមន្ទីរពេទ្យថ្នាក់ជាតិបើសិនជាមានតម្រូវការ។
៣-ការផ្លាស់ប្ដូរអ្នកជំងឺ ពោលមន្ទីរពេទ្យកម្ពុជា អាចមានសិទ្ធិបញ្ជូនអ្នកជំងឺទៅព្យាបាលនៅប្រទេសបារាំងបាន បើសិនជាអ្នកជំងឺនោះមានលទ្ធភាព ឬគ្រូពេទ្យកម្ពុជាយល់ឃើញថា ជំងឺនោះមិនអាចព្យាបាលនៅក្នុងស្រុក ដូច្នេះអាចបញ្ជូនទៅមន្ទីរពេទ្យដៃគូបាន។
៤-កម្ពុជាអាចអញ្ជើញគ្រូពេទ្យបារាំងមកធ្វើប្រតិបត្ដិការនៅក្នុងមន្ទីរពេទ្យជាតិ និងក្រោមជាតិដែលមានមន្ទីរពេទ្យបាត់ដំបង និងកំពង់ចាម អាស្រ័យទៅលើឯកទេសដែលកម្ពុជាចាំបាច់៕