ភ្នំពេញ: សន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុរបស់យុវជនកម្ពុជា (CYCCC) ជាលើកដំបូង បានបង្ហាញនូវសមិទ្ធផលក្នុងកិច្ចខិតខំប្រឹងប្រែង ចំពោះការផ្សព្វផ្សាយ អំពីបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈដែលមន្ត្រីក្រសួងបរិស្ថានលើកឡើងថា ប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងហានិភ័យដ៏ធំ ដោយសារការប្រែប្រួលអាកាសធាតុ។
សន្និសីទរបស់ CYCCC ស្តីពីបម្រែបម្រួលអាកាសធាតុ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៣ នៅសាលាធុរកិច្ច LSi Business School។
សន្និសីទនេះ បានប្រមូលផ្តុំអ្នកចូលរួមចំនួន ១១៦ នាក់ រួមទាំងសិស្សវិទ្យាល័យ និងមហាវិទ្យាល័យ អ្នកជំនាញអង្គការ និងអ្នកសារព័ត៌មានមកពីប្រមាណ ៣៣ ស្ថាប័ន។ ចក្ខុវិស័យនៃសន្និសីទនេះគឺដើម្បីអប់រំ និងបង្ហាញយុវជនអំពីបញ្ហាប្រឈមដ៏ធំបំផុតនៃការប្រែប្រួលអាកាសធាតុតាមរយៈកិច្ចសន្ទនាអន្តរកម្មរវាងអ្នកជំនាញ និងយុវជន។
កញ្ញារ៉ូស អេជេលី ស្ថាបនិក CYCCC បានឱ្យដឹងថា៖ «ខ្ញុំយល់ថា យុវជនជាច្រើនអាចមានអារម្មណ៍អស់សង្ឃឹមចំពោះបញ្ហាបរិស្ថាន ដែលពួកគេចង់ធ្វើសកម្មភាពតែមិនដឹងថា ត្រូវធ្វើអ្វី»។
កញ្ញាបន្ដថា៖ «ដូច្នេះថ្ងៃនេះខ្ញុំសង្ឃឹមថា អ្នកអាចបញ្ចេញសំឡេងរបស់អ្នក អ្នកអាចនិយាយទៅកាន់អ្នកដទៃ និងចែករំលែកអារម្មណ៍របស់អ្នក ចំណេះដឹងរបស់អ្នក និងផ្តល់អំណាចឱ្យគ្នាទៅវិញទៅមក ដើម្បីចាប់ផ្តើមធ្វើ និងបន្តធ្វើជាអ្នកគ្រប់គ្រងលើផែនដីសម្រាប់ជាច្រើនឆ្នាំទៅមុខទៀត»។
សន្និសីទនេះ មានគោលបំណងកៀរគរយុវជនដែលមានចំណង់ចំណូលចិត្តស្រឡាញ់បរិស្ថានដូចគ្នាដើម្បីជជែកពិភាក្សាប្រកបដោយផ្លែផ្កាជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ។ វាបង្កើតជាគំនិតដំណោះស្រាយផ្សេងៗដែលត្រូវបានដាក់បញ្ចូលក្នុងជីវិតប្រចាំថ្ងៃរបស់យុវជន និងក្នុងសហគមន៍របស់ពួកគេ។
វាជាវេទិការបស់យុវជនដើម្បីផ្តល់ឱ្យពួកគេនូវសំឡេងមួយ ក្នុងការរៀបរាប់អំពីបញ្ហាសកលនេះ និងរួមគ្នាឆ្ពោះទៅរកការផ្លាស់ប្តូរដ៏សកម្ម។
កញ្ញា អេជេលី បាននិយាយនៅក្នុងសន្និសីទថា ទោះបីជាបម្រែបម្រួលអាកាសធាតុជាបញ្ហាទូទាំងពិភពលោកក៏ដោយ វាជារឿងសំខាន់ ក្នុងការចាប់ផ្តើមធ្វើការផ្លាស់ប្តូរក្នុងកម្រិតតូចមួយដែលអាចជះឥទ្ធិពលយ៉ាងទូលំទូលាយ។ នេះមានន័យថា មនុស្សគ្រប់រូប គ្រួសារ សហគមន៍ ទីក្រុង ខេត្ត និងប្រទេសត្រូវតែធ្វើការរួមគ្នាជាសមូហភាពដើម្បីបង្កើតភាពផ្លាស់ប្ដូរ។ ទាំងអស់នេះចាប់ផ្តើមដោយបុគ្គលម្នាក់ៗនៅថ្ងៃនេះ។
ជាង ១ ឆ្នាំមុន កញ្ញាអេជេលី ជានិស្សិតនៃ Liger Leadership Academy បានស្រមៃចង់បង្កើតសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់យុវជនកម្ពុជា (CYCCC) ជាលើកដំបូង ដែលដឹកនាំដោយយុវជនទាំងស្រុង។ថ្ងៃនេះទីបំផុតសុបិននោះបានសម្រេចហើយ។
កញ្ញាបានឱ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍តានតឹង និងអស់សង្ឃឹម។ ពិភពលោកកំពុងឆ្ពោះទៅរកចំណុចមួយដែលយើងមិនអាចវិលត្រឡប់ទៅរកអ្វីដែលវាមានពីមុន ហើយខ្ញុំមិនដឹងថា ត្រូវធ្វើអ្វីនោះទេ។ ប៉ុន្តែខ្ញុំដឹងថា ខ្ញុំត្រូវតែផ្លាស់ប្តូរគំនិតនោះ»។
ភាពបន្ទាន់នៃបញ្ហាបម្រែបម្រួលអាកាសធាតុ ត្រូវបានលោកភាវសុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានសង្កត់ធ្ងន់ផងដែរ។ លោកបាននិយាយអំពីភ័ស្តុតាងវិទ្យាសាស្ត្រ ដែលមិនអាចប្រកែកបានដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
លោក សុវុទ្ធី ថ្លែងថា៖ «ប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងហានិភ័យដ៏ធំមួយជាមួយនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស ដោយសារសេដ្ឋកិច្ចរបស់កម្ពុជាពឹងផ្អែកលើវិស័យកសិកម្មជាវិស័យមួយដែលរងផលប៉ះពាល់ខ្លាំងពីបម្រែបម្រួលអាកាសធាតុ»។
លោកបន្ដថា៖ «លើសពីនេះសេដ្ឋកិច្ចនឹងធ្លាក់ចុះដោយសារការបាត់បង់ហេដ្ឋារចនាសម្ព័ន្ធ ឬធនធានផ្សេងទៀតដោយសារការប្រែប្រួលអាកាសធាតុ។ នេះជាមូលហេតុដែលរដ្ឋាភិបាលបានធ្វើការយ៉ាងសកម្មឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះទាំងក្នុងស្រុក និងថ្នាក់ជាតិកម្រិតតំបន់ និងសកលលោក»។
មានកិច្ចពិភាក្សាជាក្រុម និងបទបង្ហាញសំខាន់ៗ ដែលផ្តល់ឱ្យអ្នកចូលរួមនូវវេទិកាអប់រំ ដើម្បីជួយពួកគេឱ្យយល់យ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ដែលកំពុងបន្តនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ការពិភាក្សាត្រូវបានផ្តោតលើសារៈសំខាន់នៃការចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងតម្រូវការដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។
ពួកគេក៏មានឱកាសបង្កើតបណ្តាញ និងទំនាក់ទំនងជាមួយបុគ្គលដែលមានគំនិតដូចគ្នា និងអ្នកជំនាញក្នុងវិស័យនេះ។
សន្និសីទ CYCCC គឺជាជោគជ័យមួយហើយអ្នកចូលរួមបានបន្សល់ទុកនូវការបំផុសគំនិត និងផ្តល់សិទ្ធិអំណាចឱ្យធ្វើសកម្មភាពនៅក្នុងសហគមន៍របស់ពួកគេ។
លោកហួត ប៉េងសាន ជា talent activation senior manager នៅ Impact Hub បានចែករំលែកបទពិសោធន៍ធ្វើការជាមួយយុវជនក្នុងគម្រោងបរិស្ថាននៅទូទាំងប្រទេសកម្ពុជាជាមួយនឹងសិក្ខាសាលា Movers Program របស់លោក និងរបៀបដែលលោកបានប្តេជ្ញាចិត្តជាអ្នកតស៊ូមតិអំពីអាកាសធាតុ។
កញ្ញាអេជេលីបានឱ្យដឹងថា៖ «គាត់ (ប៉េងសាន) បានចែករំលែកពីបទពិសោធន៍របស់គាត់ក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនៅទីក្រុងញូវយ៉កដែលយុវជនបានខិតខំប្រឹងប្រែងតស៊ូមតិសម្រាប់បញ្ហានៅក្នុងសហគមន៍របស់ពួកគេ»។
កញ្ញាបាននិយាយថា នេះជាអ្វីដែលជំរុញទឹកចិត្តលោកប៉េងសាន ឱ្យចាប់ផ្តើមធ្វើការងារលើការចូលរួមរបស់យុវជនដើម្បីលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពអាកាសធាតុក្នុងចំណោមយុវជនកម្ពុជា។
កញ្ញា អេជេលីបានបន្ដថា៖ «គាត់បានបំផុសគំនិតយុវជនដោយនិយាយថា យើងមិនចាំបាច់ចាប់ផ្ដើមធ្វើសកម្មភាពល្អឥតខ្ចោះនោះទេ ឱ្យតែយើងមានចេតនាល្អ និងស្រឡាញ់ផែនដីដ៏ពិតប្រាកដ»។
លោកសារ៉ុន សុវិជ្ជា ស្ថាបនិក Niron ជាគម្រោងផ្តោតលើការកាត់បន្ថយតម្រូវការឈើប្រណីតសម្រាប់គ្រឿងសង្ហារិមដែលកំពុងត្រូវបានអនុវត្តដោយ USAID Green Future Initiative។
កញ្ញាអេជេលីបាននិយាយថា លោកបានចែករំលែកអំពីតួនាទីរបស់លោកជាអ្នកដឹកនាំនៅក្នុងគម្រោងបរិស្ថានរបស់យុវជន និងបានអំពាវនាវឱ្យយុវជនផ្សេងទៀតចាប់ផ្តើមសកម្មភាពជាក់ស្តែងដើម្បីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ស្ថាបនិក CYCCC ក៏បាននិយាយថា កញ្ញាវីន ពុទ្ធាលី អ្នកសម្របសម្រួលគម្រោងនៅ Young Eco Ambassador បានចែករំលែកវិធីសាស្ត្រនៃការចូលរួមរបស់យុវជនផ្សេងៗគ្នាដូចជាព្រឹត្តិការណ៍និទានរឿងការង្កើតយុទ្ធនាការដែលពួកគេដាក់បង្ហាញគម្រោងយុវជន ឬគម្រោងរបស់ពួកគេហៅថា Media For Nature ដែលបម្រើឱ្យទស្សនិកជនចូលរួមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
សន្និសីទនេះគឺជាសក្ខីភាពមួយចំពោះថាមពលរបស់យុវជន និងសមត្ថភាពរបស់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរ និងបង្កើតឥទ្ធិពលវិជ្ជមានលើពិភពលោក៕