ភ្នំពេញៈ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បង្ហាញពីគោលដៅរបស់ក្រសួងដែលចង់បានមន្ទីរពិសោធន៍កសិកម្មកម្រិតស្តង់ដាអន្តរជាតិដើម្បីជួយដល់ផ្នែកចំណីអាហារឱ្យមានសុវត្ថិភាពខ្ពស់ និងទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ។
លោក ឌិត ទីណា បង្ហាញដូច្នេះក្នុងកិច្ចប្រជុំស្តីពីការពិនិត្យកញ្ចប់ថវិការបស់គម្រោងដើម្បីគាំទ្រដល់ការរៀបចំមន្ទីរពិសោធន៍ថ្មីនេះនៅទីស្តីការក្រសួង នាថ្ងៃទី ១៩ ខែមេសា។
គេហទំព័រក្រសួងបញ្ជាក់នាថ្ងៃទី ១៩ មេសាថា៖ «ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី [លោក ឌិត ទីណា] បានរំឭកនិងណែនាំអំពីគោលដៅរបស់ក្រសួង ដែលចង់បានមន្ទីរពិសោធន៍កម្រិតស្តង់ដាអន្តរជាតិជួយដល់ផ្នែកចំណីអាហារឱ្យមានកម្រិតសុវត្ថិភាពខ្ពស់ ជួយទប់ស្កាត់ជំងឺសត្វ និងជំងឺឆ្លងផ្សេងៗ»។
លោកថ្លែងថា មន្ទីរពិសោធន៍នៃអនុវិស័យទាំងអស់ត្រូវធ្វើឡើងនៅកន្លែងតែ ១ ដើម្បីភាពងាយស្រួល។ គម្រោងមន្ទីរពិសោធន៍ថ្មីនេះគឺស្ថិតនៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ដែលជាទីតាំងល្អដែលអាចជួយបញ្ចៀសហានិភ័យក្នុងករណីមានបញ្ហាណាមួយដែលអាចប៉ះពាល់ដល់ទីប្រជុំជន។
គេហទំព័រដដែលបន្តថា៖ «ទាក់ទងនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ជូនអង្គប្រជុំយកចិត្តទុកដាក់ពិនិត្យទាំងមុខងារ គ្រឿងម៉ាស៊ីន ធនធានមនុស្ស ចំណេះដឹង និងការចំណាយផ្សេងៗ ដើម្បីធានាដល់ដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ និងជាមន្ទីរពិសោធន៍ល្អគ្មាន ២ លើវិស័យកសិកម្ម»។
លោក ឌិត ទីណា លើកឡើងថា មន្ទីរពិសោធន៍ស្តង់ដាអន្តរជាតិមានភាពចាំបាច់ណាស់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជននៅទូទាំងប្រទេស។ ខណៈមន្ទីរពិសោធន៍ថ្មីនេះពុំទាន់លេចចេញជារូបរាង លោកបានណែនាំដល់មន្ដ្រីត្រូវធ្វើការងារដដែលសិន និង ចាប់ផ្តើមគិតគូរដល់កម្រិតថ្នាក់តំបន់ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។
ដើម្បីឱ្យការងារគម្រោងមន្ទីរពិសោធន៍នេះប្រព្រឹត្តទៅបានរលូន លោកបានស្នើអង្គប្រជុំធ្វើការបង្កើតក្រុមការងារ ១ ដើម្បីពិនិត្យមើលលើបញ្ជីសារពើភណ្ឌ ថវិកាលម្អិត ឧបករណ៍សម្ភារ និងធនធានមនុស្ស ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួង។
លោក ឌិត ទីណា ថ្លែងថា ចំណែកការចំណាយគឺត្រូវពិនិត្យលទ្ធភាពថវិកាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារផ្សេងៗ ដើម្បីបន្តសកម្មភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការធ្វើពិសោធន៍ ហើយថា មន្ទីរពិសោធន៍ធំ និងមន្ទីរពិសោធន៍តំបន់ ត្រូវមានទំនាក់ទំនង និងកិច្ចសហការល្អនឹងគ្នា ដើម្បីធ្វើការងារឱ្យបានរហ័ស និងទាន់ពេលវេលាក្នុងការផ្តល់សេវាសាធារណៈទូទាំងប្រទេស។
កញ្ញាអ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ១៩ ខែមេសា ថា គម្រោងមន្ទីរពិសោធន៍ថ្មីនេះ ពុំទាន់បានចាប់ផ្ដើមសាងសង់នៅឡើយទេ ដោយសារតែកំពុងតែស្ថិតក្នុងការពិភាក្សាទៅលើជម្រើសរបស់មន្ទីរពិសោធន៍នេះ។គម្រោងនេះមានការជួយគាំទ្រពីអង្គការម្ចាស់ជំនួយនិងដៃគូអភិវឌ្ឍន៍នានា។
កញ្ញាថ្លែងថា៖ «ដោយសារតែយើងរើសមិនទាន់បានជម្រើសដ៏ល្អបំផុតមួយ។ អ៊ីចឹងហើយការវាយតម្លៃលើការចំណាយហ្នឹងក៏យើងមិនទាន់អាចធ្វើបានហើយរយៈពេលសាងសង់ថា តើចាប់ផ្ដើមពេលណាហ្នឹង? ក៏មិនទាន់អាចជម្រាបជូនបានដែរគឺរហូតទាល់តែក្រសួងហើយនិងដៃគូអភិវឌ្ឍន៍នានាយល់ស្របគ្នាសិនទៅលើការជ្រើសរើសគំរូណាមួយសម្រាប់យកមក សាងសង់មន្ទីរពិសោធន៍»។
កញ្ញាបន្ថែមថា៖ «សម្រាប់មន្ទីរពិសោធន៍ថ្មីនេះយើងសង្ឃឹមថា វានឹងអាចផ្ដល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់ការសិក្សាស្រាវជ្រាវនៅលើវិស័យកសិកម្មដូចយើងដឹងហើយថា វិស័យកសិកម្មនៅស្រុកខ្មែរយើងមិនមែនគ្របដណ្ដប់តែលើការដាំដុះដំណាំតែ ១ មុខទេ។ វាគ្របដណ្ដប់ទៅលើអនុវិស័យផ្សេងៗទៀតដូចជាសុខភាពសត្វ ហើយនិងជលផល ព្រមទាំងព្រៃឈើ និងកៅស៊ូជាដើម»។
កញ្ញាអ៊ឹម រចនា បន្តថា ស្ថិតនៅក្រោមដំបូលមន្ទីរពិសោធន៍ថ្មីនេះនឹងប្រមូលផ្ដុំសម្ភារ និងបរិក្ខារដែលបម្រើដល់ការពិសោធ និងការសិក្សាស្រាវជ្រាវនៅក្នុងកន្លែងតែ ១។ វានឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ដ្រ និងអ្នកជំនាញដែលមានចម្រុះអនុវិស័យធ្វើការរួមគ្នា អាចចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីបម្រើដល់វិស័យកសិកម្មឱ្យឈានលឿនទៅមុខ ជាពិសេស ការពិនិត្យមើលទៅលើសុខភាពសត្វនិងសំណាកសត្វ ការទប់ស្កាត់ជំងឺឆ្លងក៏ដូចជាការបង្កាត់នូវពូជដំណាំ និងប្រភេទរុក្ខជាតិថ្មីៗបន្ថែមទៀត៕