ភ្នំពេញៈ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា អំពាវនាវ​ឱ្យ​អតិថិជន​មានការ​ប្រុងប្រយ័ត្ន​រាល់​ការប្រើប្រាស់​សេវា​របស់​គ្រឹះ​ស្ថាន​ធនា​គារ​ទូ​ទាំងប្រទេស ដោយ​បញ្ជាក់ថា ការអនុវត្ត​តាម​មីក្រូ​ហិរញ្ញវត្ថុ ឬ​ធនា​គារ គឺ​មិន​តម្រូវឱ្យ​អតិថិជន​បង់ថ្លៃ​សេវា​ជាមុន​នោះ​ទេ ហើយ​បើ​ជួប​ករណី​ដែល​ទាមទារ​ឱ្យមាន​ការបង់ថ្លៃ​សេវា​មុន​ នោះ​គឺជា​ការបោកប្រាស់។

ការអំពាវនាវ​នេះបាន​ធ្វើឡើង​បន្ទាប់ពី​ពេលថ្មីៗនេះ មាន​ពលរដ្ឋរងគ្រោះ​ជា​បន្តបន្ទាប់​បាន​បង្ហោះ និង​បាន​អះអាងថា ពួកគាត់​បាន​ចាញ់បោក​ប្រាក់​ជាច្រើន​ទៅឱ្យ​ធនាគារ​មួយ មានឈ្មោះ BAB បន្ទាប់ពី​ធនាគារ​នេះ​បង្ហោះ​ពី​ការផ្តល់​កម្ចី​ដល់​ពលរដ្ឋ ប៉ុន្តែ​កម្ចី​គឺធ្វើឡើង​តាមរយៈ​អន​ឡាញ និង​ទាមទារ​ឱ្យ​ពួកគាត់​បង់ថ្លៃ​សេវា​ជា​បន្តបន្ទាប់។

លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី២០ ខែមេសា​ថា ករណី​ដែល​មាន​ជន​បោកប្រាស់​ក្លែ​ងបន្លំជា​គ្រឹះស្ថាន​នេះ គ្រឹះ​ស្ថាន​នោះ គឺ​មិនមែន​ទើប​កើតមាន​ក្នុងពេលថ្មីៗនេះ​ទេ។ លោក​អះអាងថា ករណី​ឆបោក​បែបនេះ ឬ​ប្រហាក់ប្រហែល​នេះ គឺ​បាន​កើតមាន​ឡើងជា​យូរ​មកហើយ ខណៈដែល​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចាត់វិធានការ​ជា​ហូរហែ។

លោក ថ្លែងថា៖«យើង​ដឹង​ហើយ ប្រព័ន្ធ​អន​ឡាញ ឬ​បណ្តាញ​សង្គម​ទាំងនេះ គឺ​មិនមាន​អត្តសញ្ញាណ និង​ទីតាំង​ច្បាស់លាស់​ដែល​អាចឱ្យ​អាជ្ញាធរ​ងាយ​ក្នុងការ​ចាត់វិធានការ​បានទេ។ អ្វីដែល​អាចជួយ​បាន គឺ​មានតែ​ការជួយ​ផ្សព្វផ្សាយ ណែនាំ អតិថិជន​យើង​ឱ្យ​យល់​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់ផ្សេងៗនៃ​ការប្រើប្រាស់​បណ្តាញ​សង្គម ឬ​តាម​អ៊ី​ធឺ​ណិ​ត​អីហ្នឹង ហើយ​ជាទូទៅ​ប្រជាពលរដ្ឋ​យើង(ខ្លះ) គាត់​ក៏​មិនបាន​ជ្រួតជ្រាប​ពី​បញ្ហា​នេះដែរ ដែលជា​អកុសល គឺ​នៅតែមាន​ប្រជាពលរដ្ឋ​យើង​មួយចំនួន ធ្លាក់ចូល​ជា​ជនរងគ្រោះ​តាមរយៈ​ការបោកប្រាស់​ទាំងអស់នេះ»។

លោក តុង​ងី បាន​និយាយថា ជាក់ស្តែង​នៅ​ក្នុងការ​អនុវត្តតាម​មីក្រូហិរញ្ញវត្ថុ ឬក៏​ធនា​គារ គឺ​មិនមាន​គ្រឹះស្ថាន​ណា​តម្រូវឱ្យ​អតិថិជន​បង់ប្រាក់ ឬ​ថ្លៃ​សេវា​ជាមុន​ទាំង​មិនទាន់​ទទួលបាន​ឥណទាន​ឬ​ទទួលបាន​សេវា​នោះទេ។ ដូច្នេះ​លោក ណែនាំ​ថា ប្រសិនបើ​អតិថិជន​ជួបប្រទះ​នូវ​គ្រឹះស្ថានផ្សេងៗ ដែល​មិនទាន់បាន​ប្រើ​សេវា​ផង ហើយ​ទាមទារ​ឱ្យ​បង់ថ្លៃ​សេវាផ្សេងៗនោះ គឺជា​គ្រឹះ​ស្ថាន​បោកប្រាស់​ហើយ ដែលជា​រួម ជន ឬ​គ្រឹះស្ថាន​នោះ គឺជា​ឧក្រិដ្ឋជន​បោកប្រាស់​ក្លែ​ងប​ន្លំ។

លោក បាន​បញ្ជាក់ថា៖«ក្នុងនាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សុំ​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​សុំ​មានការ​ប្រុងប្រយ័ត្ន​លើ​ការប្រើប្រាស់​សេវាផ្សេងៗលើ​បណ្តាញ​សង្គម ឬ​តាម​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត។ បងប្អូន​គួរតែ​ប្រើប្រាស់​សេវា​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា ដែល​បងប្អូន​ស្គាល់​ច្បាស់លាស់ មាន​ទីតាំង និង​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ។ ជាពិសេស​សេវា​ទាំងនោះ បើ​ទាមទារ​ឱ្យ​បងប្អូន​បង់​សេវា​ជាមុន នោះ​បងប្អូន​អាច​ដឹងបាន​ហើយ​ថា នោះ​គឺជា​ក្រុម​បោកប្រាស់ ព្រោះ​គ្រឹះ​ស្ថាន ធនា​គារ​ហិរញ្ញវត្ថុ (ត្រឹមត្រូវ) គេ​នឹងមិន​តម្រូវឱ្យ​បងប្អូន​បង់ប្រាក់​ជាមុន​ទេ»។

តាម​តួលេខ​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានឱ្យដឹងថា ក្នុង​ឆ្នាំ២០២២ មាន​ជនរងគ្រោះ​ដាក់​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ មានការ​កើនឡើង​ប្រហែល​ជាង៦០ភាគរយ​ បើ​ធៀប​ទៅនឹង​ឆ្នាំ២០២១ ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩។

លោក សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ផ្អែក​តាម​ករណី​ឆបោក​ដែល​បាន​កើតឡើង នាយកដ្ឋាន បាននិងកំពុង​ស្រាវជ្រាវ និង​តាមដាន​បង្ក្រាប​មុខសញ្ញា ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី។ បន្ថែម​ពីនេះ​ចំពោះ​ករណី​ឆបោក​ដែល​បន្លំ​ជា​ធនា​គារ​បោកប្រាស់​ពលរដ្ឋ​នេះ លោក បាន​អះអាងថា សមត្ថកិច្ច ក៏កំពុង​ស្រាវជ្រាវ​រក​ជន​ឆបោក​ដែល​នៅ​ពីក្រោយ​ធនាគារ​នេះដែរ។

លោក ថ្លែងថា៖«ការអភិវឌ្ឍ​បច្ចេកវិទ្យា​កាន់តែ​វិ​វ​ឌ្ឍ និង​បានផ្តល់​ភាពងាយស្រួល​ដល់​មនុស្ស​លោក​ក្នុង​ការរស់​​នៅ​ប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ក៏បាន​ប្រើប្រាស់​វិស័យនេះ ដើម្បី​ប្រព្រឹត្ត​បទល្មើស​នានា ជាក់ស្តែង​បទល្មើស​ឆបោក​តាម​បណ្តាញ​សង្គម បាននិង​កំពុង​កើតឡើង​និង​វិ​វ​ឌ្ឍ​ខ្លួន​ជា​រៀងរាល់ថ្ងៃ ដែលជា​បញ្ហា​ចម្បង​និង​ត្រូវ​ដោះស្រាយ»។

គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២២ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​សមាជិក​ចំនួន១២៧ ស្ថាប័ន ក្នុងនោះ ចែកចេញជា៤ ប្រភេទ មាន​ធានា​គារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថាន​ឥណទាន​ជនបទ និង​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ ដោយ​ស្ថា​ប័​ន​​ទាំងនោះ (លើកលែង​ធនា​គារ) បានផ្តល់​ឥណទាន​ដល់​ពលរដ្ឋ​ប្រមាណ២លាន​នាក់​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង​៩ ពាន់​លាន​ដុល្លារ ខណៈ​មាន​អតិថិជន​ដាក់​ប្រាក់​ប​ញ្ជើ​មាន​ជាង២,៧លាន​នាក់ ក្នុង​ទំហំ​ទឹកប្រាក់​សរុប៤ ៨០០លាន​ដុល្លា​រ។ បើតាម​ការអះអាង​រប​ស់លោក កាំ​ង តុង​ងី បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២០ ខែមេសា៕