សៀមរាបៈមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បាននិងកំពុងតែធ្វើការសហការជាមួយអង្គការមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវបរិស្ថាន (SFS) លើគម្រោងស្រាវជ្រាវអំពីសត្វពស់បឹងទន្លេសាប ដោយផ្តោតទៅលើការនេសាទដោយចៃដន្យ ដែលដោយមកជាមួយការនេសាទត្រីនៅចុងរដូវប្រាំង ដើម្បីធ្វើការសិក្សាបន្តបន្ថែមទៀត។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងថា ការសិក្សាបន្ថែមនេះ គឺយោងទៅលើគម្រោងចាស់ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៩ ដែលត្រូវបានបោះពុម្ពផ្សាយក្នុងទិនានុប្បវត្តិនៃប្រវត្តិសាស្រ្តធម្មជាតិកម្ពុជា លេខ៣៨ English et al, 2022។
ការសិក្សានេះមានគោលបំណងដើម្បីស៊ើបអង្កេតពីការផ្លាស់ប្តូរនៃចម្រុះភាពប្រភេទពស់ទឹក ទំហំ និងការរាប់ដោយប្រើទស្សនវិស័យវិនិច្ឆ័យលើការប្រែប្រួលតាមរដូវកាល និងការថយចុះនៃចំនួនឯកត្តៈដែលប្រមូលបានដោយសារតែការចាប់ដោយចៃដន្យមិនមានការត្រួតពិនិត្យ។
ក្នុងគម្រោងនេះ ក្រុមអ្នកស្រាវជ្រាវទទួលបានការជួយជ្រុមជ្រែងសម្របសម្រួលពីមន្ទីរបរិស្ថានខេត្តសៀមរាប រដ្ឋបាលភូមិឃុំ និង និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (PUC-Siem Reap Campus) ក្នុងការសម្ភាសន៍អ្នកនេសាទមកពីភូមិនានាក្នុងឃុំកំពង់ឃ្លាំង ដើម្បីស្វែងយល់ពីរដូវកាលកំពូលនៃការចាប់ដោយចៃដន្យ ភាពសម្បូរបែបនៃប្រភេទពស់ដែលចាប់ដោយចៃដន្យ និងស្ថានភាពតម្រូវការទីផ្សារពស់ទឹកនាពេលបច្ចុប្បន្ន។ អ្នកស្រាវជ្រាវក៏បានពិនិត្យមើលគំរូពស់ទឹក កំណត់ប្រភេទនីមួយៗ ថ្លឹងទម្ងន់ និងវាស់ប្រវែងផងដែរ។ នេះបើយោងតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ៕