ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំចាត់តាំងពិធីជួបជុំសំណេះសំណាល អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាមមូលដ្ឋានរៀងៗខ្លួន។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ចុះថ្ងៃទី ២១ ខែមេសា បានឱ្យដឹងថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នឹងធ្វើឡើងក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ»។
ជាមួយគ្នានេះលោក អ៊ិត សំហេង បានណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំចាត់តាំងពិធីជួបជុំសំណេះសំណាល អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាមមូលដ្ឋានរៀងៗខ្លួន និងសហការជាមួយសហគ្រាស គ្រឹះស្ថានអង្គការសហជីព ដើម្បីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីជូនដំណឹងនេះបន្តថា ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ និងរោងចក្រ សហគ្រាស គ្រឹះស្ថាន ត្រូវជ្រើសរើសទីតាំងសមស្រប ដូចជា ដងវិថីសំខាន់ៗ និងទីតាំងរោងចក្រ សហគ្រាស ការដ្ឋាន និងកសិដ្ឋាន ដើម្បីធ្វើការចងបដាពាក្យស្លោក។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា ក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត សមាគម និយោជក អង្គការសហជីព និងកម្មករនិយោជិតនៃរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំសួនច្បារ CDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីប្រារព្ធពិធី និងដាក់ញត្តិជូនរដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ ខួបលើក ទី១៣៧ ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) ឱ្យដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សហភាពសហជីព សហព័ន្ធសហជីព សហជីព និងសមាគមធ្វើការក្នុងវិស័យការងារនៅប្រទេសកម្ពុជាចំនួន ១០ ស្នើសុំរៀបចំពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ "រួមគ្នាលើកកម្ពស់សិទ្ធិការងារ និងសេរីភាពសហជីព" ចាប់ពីម៉ោង ០៦:៣០នាទី ដល់ម៉ោង ១២:០០នាទី។
លោកបន្តថាកម្មវិធីនេះ នឹងមានអ្នកចូលរួមប្រមាណ ២០០០ នាក់ ដោយជួបជុំគា្ននៅសួនច្បារ CDC មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួចហែក្បួនតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅកាន់វិមានរដ្ឋសភា បន្តរៀបចំពិធីជួបជុំនៅទីនោះ រួចដាក់ញត្តិជូនរដ្ឋសភា។ ដោយឡែកញត្តិសម្រាប់ដាក់ជូនរាជរដ្ឋាភិបាលនឹងធ្វើនៅពេលក្រោយតាមពេលវេលាសមស្រប។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ថ្លែងថា សម្រាប់ការហែក្បួនមិនអនុញ្ញាតឱ្យមានការដង្ហែនោះទេ ក្រោមហេតុផលចំនួន ០២ សំខាន់ៗ ទី១ ទិវាពលកម្មអន្តរជាតិជាថ្ងៃឈប់សម្រាក ដូច្នេះគួរអញ្ជើញតំណាងមកទទួលញត្តិនៅទីតាំងប្រារព្ធពិធីផ្ទាល់ និងទី២ ការដង្ហែក្បួនធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ។
លោកថា៖«បន្ថែមពីលើនេះទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាល រាជធានីភ្នំពេញ បានផ្ដល់ការសម្របសម្រួលដល់ម្ចាស់សំណើក្នុងការរៀបចំទិវាពលកម្មអន្តរជាតិនេះផងដែរ»៕