មណ្ឌលគិរីៈក្រសួងបរិស្ថាននាថ្ងៃទី២១ ខែមេសា បានប្រកាសបើកគម្រោងរេដបូក (REDD+) ក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដើម្បីការពារព្រៃឈើ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ការប្រកាសបើកគម្រោងនេះធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ អំពីការងារទីវាលនៃគម្រោងរេដបូកនៅដែនជម្រកសត្វព្រៃស្រែពក នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី២១ ខែមេសា ដែលដឹកនាំដោយលោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ហ្វេសប៊ុកក្រសួងបរិស្ថានបញ្ជាក់នាថ្ងៃទី២១ ខែមេសា ថា កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីមកពីក្រសួងបរិស្ថាន សាលាខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្តនេះ មន្ត្រីអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំកម្ពុជា មន្ត្រីក្រុមហ៊ុន E-Telenity តំណាងសហគមន៍តំបន់ការពារ និងមន្រ្តីអាជ្ញាធរដែនដីពាក់ព័ន្ធ។
ហ្វេសប៊ុកក្រសួងបញ្ជាក់ថា៖ «ជាលទ្ធផល កិច្ចប្រជុំបើកគម្រោងរេដបូកក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពកនេះ មានការគាំទ្រយ៉ាងពេញទំហឹង និងប្ដេជ្ញាចិត្តខ្ពស់ពីអាជ្ញាធរខេត្ត សហគមន៍ក្នុងតំបន់គម្រោង អង្គការដៃគូនិងអ្នកពាក់ព័ន្ធ»។
រេដបូកគឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ ដោយមានគោលបំណងការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ៕