ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករនៅក្នុងដើមរដូវវស្សា ឆ្នាំ២០២៣ ដែលនឹងខិតចូលមកដល់ក្នុងខែឧសភា ខាងមុខនេះ កម្ពុជាអាចនឹងមានការកើតឡើងជាញឹកញាប់ជាយថាហេតុនូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច ហើយក៏អាចប្រឈមខ្លាំងនូវកូនរដូវប្រាំងផងដែរ ខណៈក្រសួងណែនាំឱ្យមានការប្រុងប្រយ័ត្នជាពិសេសប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពី ការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២៣ ចុះថ្ងៃទី១៩ ខែមេសា ដោយយោងតាមការវិវឌ្ឍអាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស។
សេចក្តីជូនដំណឹងបន្តថា ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វិក បានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០២៣ នៅកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែសីហា ទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ក្ដៅ មាន ៦០% និងបាតុភូត អែនសូ (Neutral) មាន ៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina) ។
ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា បាតុភូតអែលនីណូ (El Nino) អាចនឹងកើនឡើងដល់ ៧០% ទៅ ៨០% និងបាតុភូត (Neutral) ថយមកនៅ ២០% ទៅ ៣០% ។
ក្រសួងធនធានទឹក បន្តថា នៅដើមរដូវវស្សា ឆ្នាំ២០២៣ នឹងចូលមកដល់នៅសប្តាហ៍ទី២ នៃខែឧសភា យឺតជាងឆ្នាំ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយបានល្អ យោងតាមស្ថានភាពជាក់ស្ដែងនៃចលនាខ្យល់ និងកម្តៅនិងលក្ខណៈភ្លៀងភាគច្រើនធ្លាក់តាមកន្លែង និងដោយផ្ទាល់។
ក្រសួងធនធានទឹក គូសបញ្ជាក់ថា៖«កម្រិតទឹកភ្លៀងមានតិចជាងមធ្យមភាគច្រើនឆ្នាំ ប្រមាណពី ២០% ទៅ ៣០% ។ នៅក្នុងដើមរដូវវស្សានេះ អាចនឹងមានការកើតឡើងជាញឹកញាប់ជាយថាហេតុនូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច»។
ប្រភពដដែល បន្តទៀតថា រីឯពាក់កណ្តាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុង បរិមាណពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយនឹងលក្ខណៈភ្លៀងធ្លាក់ភាគច្រើន ជាលក្ខណៈផ្ទាល់ មិនជាប្រព័ន្ធ។ ចំណែកកម្រិតទឹកភ្លៀងទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណពី ២០% ទៅ ៣០%។ នៅពាក់កណ្តាលរដូវវស្សាខាងមុខនេះ ក៏នឹងអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាបង្គួរផងដែរ។
ចុងរដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម និងកន្លែងខ្លះអាចមិនទទួលបានភ្លៀង។ នៅចុងរដូវវស្សា នេះក៏អាចមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់កួច ក្នុងកម្រិតជាមធ្យមផងដែរ ពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ជាប់ទន្លេ។
ក្រសួងធនធានទឹក បានព្យាករសម្រាប់ កូនរដូវប្រាំងនៅក្នុងរដូវវស្សានេះដែរថា កម្ពុជា នឹងប្រឈមខ្លាំងនូវកូនរដូវប្រាំង ដែលអាចកើតឡើង នឹងអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។រីឯស្ថានភាពព្យុះ នៅក្នុងឆ្នាំ២០២៣ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៤-២៦ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានព្យុះខ្លះ កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។
យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
ពាក់ព័ន្ធនឹងខ្យល់កន្ត្រាក់នេះដែរ ផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមបណ្តាខេត្តមួយចំនួន បានរងការខូចខាតដែលបង្កឡើងដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់។ តួយ៉ាង កាលពីល្ងាច ថ្ងៃទី២២ ខែមេសា មានករណីខ្យល់កន្ត្រាក់កើតឡើងបានបណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ស្ថិតនៅភូមិបន្ទាត់បោះខ្នា ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ខណៈផ្ទះប្រជាពលរដ្ឋចំនួន ៧ខ្នង រងការខូតខាតក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។
ចំណែកនៅខេត្តបន្ទាយមានជ័យវិញ នៅល្ងាចថ្ងៃទី២២ ខែមេសា ដោយមានភ្លៀងធ្លាក់និងខ្យល់បានបណ្តាលឱ្យផ្ទាំងប៉ាណូកាត់ទទឹងផ្លូវជាតិលេខ៥ មុខអធិការនគរបាលស្រុកមង្គលបុរី ក្បែរយាយជីច្រូតស្រូវ បានបាក់រលំ សង្កត់ផ្នែកខាងក្រោយរថយន្តកូរ៉េ ១គ្រឿង៕