ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុកក្នុងខេត្តចំនួន៣ដែលទើបត្រូវបានបំបែក និងបង្កើតថ្មីនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣។
ស្រុក-ក្រុងដែលត្រូវបានបំបែកនិងបង្កើតថ្មីនោះរួមមាន៖ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យនៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។
យោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ចុះថ្ងៃទី២២ ខែមេសា បានឱ្យដឹងថា គ.ជ.បនឹងផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោតលើកទី១(បោះឆ្នោតឡើងវិញ)ចាប់ពីម៉ោង៩ព្រឹកតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដូចជា ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHzវិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំFM 105.70MHz)ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-AKPនិងគេហទំព័រគ.ជ.ប www.nec.gov.kh។
លោក សោម សូរីដា អ្នកនាំពាក្យ(គ.ជ.ប)បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសា ថា សម្រាប់ការបោះឆ្នោតនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនទទួលបានពាក្យបណ្តឹងណាមួយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោតពីគណបក្សនយោបាយឡើយ។
លោកបានថ្លែងថា៖«ចំពោះការបោះឆ្នោតនេះមានតែគណបក្សនយោបាយ២ប៉ុណ្ណោះដែលទទួលបានសំឡងគាំទ្រគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សភ្លើងទៀន រីឯគណបក្សហ៊្វុនស៊ិនប៉ិចមិនទទួលបានសំឡេងគាំទ្រទេ»។
លោក សោម សូរីដា បានបន្តថា សម្រាប់ការបោះឆ្នោតនៅក្នុងស្រុកសាមគ្គីមុនីជ័យ គណបក្សប្រជាជនកម្ពុជាទទួលបាន៦២សំឡេង ទទួល១៨អាសនៈ ចំណែកគណបក្សភ្លើងទៀនទទួលបាន៦សំឡេង ទទួលបាន១អាសនៈ។
នៅក្នុងក្រុងឧដុង្គម៉ែជ័យ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតចំនួន៣២សំឡេង ទទួលបាន១៥អាសនៈ ចំណែកគណបក្សភ្លើងទៀនទទួលបាន៥សំឡេង ទទួលបាន២អាសនៈ។
លោកបានបន្តថា រីឯក្រុងសំពៅពូន ខេត្តកណ្តាល គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេង៣៧ សំឡេងទទួលបាន១៤អាសនៈនិងគណបក្សភ្លើងទៀនទទួលបាន១៤សំឡេង ទទួលបាន៥អាសនៈ។ ចំពោះ ក្រុងអរិយក្សត្រ គណបក្សប្រជាជនកម្ពុជាទទួលបាន៥៤សំឡេង ទទួលបាន១៦ អាសនៈ រីឯគណបក្សភ្លើងទៀនទទួលបាន១១សំឡេងទទួលបាន៣អាសនៈ។ស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ គណបក្សប្រជជនកម្ពុជា ២៤សំឡេង១៥អាសនៈ និងគណបក្សភ្លើងទៀនទទួលបាន១សំឡេងមិនទទួលបានអាសនៈទេ។
ទាក់ទងនឹងលទ្ធផលនេះ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀននៅថ្ងៃទី២៣ ខែមេសាស្នើសុំមិនធ្វើអត្ថាធិប្បាយណាមួយឡើយ ដោយលោកអះអាងថាកំពុងជាប់រវល់ប្រជុំការងារគណបក្ស។
ចំណែកឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាធ្លាប់បានឱ្យដឹងកាលពីសប្តាហ៍មុនថា លោកស្វាគមន៍ចំពោះលទ្ធផលនៃការបោះឆ្នោតនេះ ព្រោះភាគច្រើនអង្គបោះឆ្នោតនៃក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងក្រុង-ស្រុកទាំង៥នេះ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
លោកក៏បានចាត់ទុកការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះដែរដែលនេះបានឆ្លុះបញ្ចាំងពីការរៀបចំបានល្អរបស់គ.ជ.ប និងមិនទទួលបានពាក្យបណ្តឹងពីគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងផងដែរ៕