ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាករ​ទឹក​ស្វយ័ត​រាជ​ធានី​ភ្នំពេញ ​បាន​អះអាង​ថា​ នៅ​ថ្ងៃទី ​៥​ ខែឧសភា​ខាង​មុខ ​អ្នក​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ នឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ដូច​ធម្មតា​ឡើង​វិញ​ ខណៈ​រោង​ចក្រ​ផលិត​ទឹក​ស្អាត​បាក់​ខែង​ជំហាន​ទី​១ ​ត្រូវបាន​បើក​ដំណើ​ការ​សា​កល្បង​ដោយ​ជោគ​ជ័យ ​កាល​ពី​យប់​ថ្ងៃទី​ ២១ ខែ​មេសា ​ឆ្នាំ​ ២០២៣ ​តាម​រយៈ​ការ​បញ្ចូល​ទឹក​ទៅ​ក្នុង​បំពង់​មេ​នាំ​ទឹក​ទំហំ​ ៤០០​ មិលី្លម៉ែត្រ​ សម្រាប់​បញ្ជូន​ទឹក​ទៅ​កាន់​តំបន់​ខណ្ឌ​ជ្រោយ​ចង្វារ​ រាជ​ធានី​ភ្នំពេញ ។​

​លោក​ផេង ទី អគ្គ​នាយក​រង​រដ្ឋាក​រ​ទឹក​ស្វយ័ត​រាជ​ធានី​ភ្នំពេញ​ទទួល​បន្ទុក​គ្រប់​គ្រង​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៣ ​ខែមេសា​ថា ​នៅ​ពេល​នេះ ​ក្រុម​ការងារ​កំពុង​សាក​ល្បង​បើក​ទឹក​បញ្ចូល​ទៅ​ក្នុង​បំពង់​មេ​នាំ​ទឹក​ស្អាត ​HDPE ទំហំ​ ១ ៤០០​មិលី្ល​ម៉ែត្រ​ ចូល​ទៅ​កាន់​ពហុកី​ឡដ្ឋា​ន​មរតក​តេ​ជោ នៅ​ត្រើយ​ខាង​កើត​ស្ពាន​ព្រែក​ព្នៅ ​និង​បំពង់​មេ​នាំ​ទឹក​ស្អាត​ទំហំ​ ២ ០០០​មិលី្ល​ម៉ែត្រ នៅ​ខាងលិ​ច​ស្ពាន​ព្រែក​ព្នៅ ​ដើម្បី​ពិនិត្យ​មើល​ថា ​តើ​វា​មាន​ជម្រាប​ទឹក ឬ​ធ្លុះ​ធ្លាយ​នៅ​ផ្នែក​ណា​ខ្លះ​ដែរ​ឬ​អត់​?

​លោក​បាន​បញ្ជាក់​ថា​៖«​យោង​តាម​​ល្បឿន​ការ​ងារ​របស់​យើង​នាពេលនេះ​ ​យើង​រំពឹង​ថា អតិថិ​ជន​ដែល​រស់​នៅក្នុ​ង​រាជធានី​​ភ្នំពេញនិ​ង​ក្រុង​តាខ្មៅ​ ខេត្តក​ណ្ដាលនឹង​​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​យ៉ាង​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ដូច​ដើម​ឡើង​វិញ ​នៅ​មុន​ថ្ងៃ​ទី​៥​ ខែ​ឧសភា ខាង​មុខ​នេះ​»​។

​បើតាម​លោក​ផេង ទី នៅ​ដើម​ឆ្នាំ២​០២៤ ​ខាង​មុខ​រ​.​ទ​.​ស​.​ភ មាន​សមត្ថ​ភាព​ផលិត​ទឹកស្អា​ត​បាន​ជាង​១​លាន​ម៉ែត្រ​គុប​ធៀប​នឹង​ការ​ព្យាក​រតម្រូ​វការ​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ប្រមាណ​៩០​ម៉ឺន​ម៉ែត្រ​គុប​ក្នុង​១​ថ្ងៃ​។ជាមួយគ្នា​នេះ ​លោក​បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​បន្ត​ភាព​អត់​ធ្មត់ និង​ប្រើប្រា​ស់​ទឹក​ដោយ​សន្សំ​សំចៃ​ រហូត​ដល់​ការ​ភ្ជាប់​ប្រព័ន្ធ​បំពង់​មេ​នាំ​ទឹក​ទាំង​អស់​ត្រូវ​បាន​ត​ភ្ជាប់​រួច​រាល់​ជា​ស្ថាព​រ​។​

​កាល​ពី​ខែវិ​ច្ឆិកា ឆ្នាំ​២០១៩​ រ​.​ទ​.​ស​.​ភ និង​ក្រុម​ហ៊ុន​ VINCI Construction Grand’s Projects បាន​ចុះ​កិច្ច​សន្យា​សាង​សង់​រោង​ចក្រ​ប្រព្រឹត្តិ​កម្ម​ទឹក​ស្អាត​បាក់​ខែង​ជំហាន​១ដែល​មាន​សមត្ថ​ភាព​ផលិត​១៩៥​ពាន់​ម៉ែត្រ​គុប​ក្នុង​១​ថ្ងៃ​។ កិច្ច​សន្យា​សាង​សង់​នេះ​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​១៥៦​លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ថវិកា​កម្ចី​បន្ត​ពី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​ចំនួន​១៣៦​លាន​ដុល្លារ​អាមេ​រិក​ ដែល​ទទួល​ការ​គាំទ្រ​ពី​ដៃគូ​អភិ​វឌ្ឍន៍​ចំនួន​២​គឺទី​ភ្នាក់ងារ​​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍​(AFD)និង​ធនាគារ​វិនិយោ​គ​អឺរ៉ុប(EIB)និង​ថវិកាប​ដិ​ភាគ​រប​ស់ រ​.​ទ​.​ស​.​ភ ចំនួន​២០​លាន​ដុល្លារ​អា​មេរិ​ក​។

​ជុំវិញ​ការបើក​ដំណើរ​ការ​សាកល្ប​ងរោ​ងចក្រ​​ផលិត​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​១​នេះ ​អាជី​វករ​នៅ​ភូមិ​-​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វា​រ រាជ​ធានី​ភ្នំពេញ អ្នក​ស្រី ​សេង ធី​ណា អាយុ​៥២​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ពេល​នេះ ​ផ្ទះ​របស់​គាត់​ក៏ដូច​ជា​អ្ន​កូ​មិ​ផ្សេង​ទៀតក្នុ​ង​សង្កាត់​បាក់​ខែង ​គឺមាន​ទឹកស្អា​ត​ប្រើប្រា​ស់​គ្រប់​គ្រាន់​ដោយ​សម្ពាធ​ទឹក​បាន​ចេញ​ខ្លាំង​ដូច​កាល​ពីមុន​ឡើង​វិញ​ហើយ​។

​អ្នកស្រី​បាន​​ថ្លែងថា​៖«​ក្នុង​​រយៈពេល​២-៣​ថ្ងៃនេះ ខ្ញុំ​ពិនិត្យ​ឃើញ​ទឹក​បើក​មក​ចេញ​ខ្លាំង ហើយ​ចេញ​ខ្លាំង​២៤​ម៉ោង​លើ​២៤​ម៉ោ​ង​តែម្ដង មិនមា​ន​ភាពរ​អា​ក់រអួល​ដូច​កាលពី​​ខែ​មីនា​​ ទេ​»​។​

​យ៉ាង​ណាក៏​ដោ​យ អ្នក​ស្រី ណាស់​ ស៊ី​ណាត ​អាយុ​៥៦​ឆ្នាំ រស់នៅ​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ​១ ខណ្ឌឫ​ស្សីកែវ រា​ជធានី​ភ្នំពេញ បាន​និយាយ​ថា ​សម្រាប់​ពលរដ្ឋ​ក្នុង​ភូមិ​សង្កាត់​ដែល​គាត់​រស់នៅនិ​ង​ដែល​ពុំមាន​ម៉ូ​ទ័​រ​បូ​មដើម្បី​ទាញ​ទឹក​ពី​បំពង់​មេ​នាំ​ទឹក គឺ​មិន​អាច​បើក​ទឹក​នៅ​បន្ទប់​ជាន់​ទី​១​ចេញ​ទេ ជា​ពិសេស​នៅ​ពេល​ថ្ងៃ​។​

​អ្នកស្រី​បាន​បញ្ជាក់​ថា​៖«​នៅផ្ទះ​ខ្ញុំ បន្ទប់​ជាន់​ផ្ទាល់​ដី គឺមា​ន​ទឹក​ចេញ​អាច​ប្រើ​ប្រាស់​បាន​ទាំង​យប់​ទាំង​ថ្ងៃ ​ប៉ុន្តែ​នៅ​បន្ទប់​ជាន់​ទី​១ ពេល​ថ្ងៃ​បើក​ទឹក​មិន​ចេញ​ទេ ព្រោះ​ខ្ញុំ​មិនមា​ន​ម៉ូ​ទ័​រ​បូម​ទឹក​ជា​ជំនួយ​ដូច​គេ​»​។​

​យ៉ាងណា​ក៏ដោ​យ​ អ្នក​ស្រី ជឿ​ទៅលើ​ការអះអា​ង​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​​រាជ​ធានី​ភ្នំពេញ​ដែលថា​ នៅ​ដើម​រដូវ​វស្សា​ខាង​មុខ​ឬ​យ៉ាង​យូរ​នៅ​ដើម​ឆ្នាំ២​០២៤​ អង្គ​ភាព​នេះ​នឹង​មាន​សមត្ថ​ភាព​ផលិត​ទឹក​ស្អាត​សម្រាប់​ផ្គត់​ផ្គង់​ដល់​អតិ​ថិជន​បាន​ប្រើ​ប្រាស់​គ្រប់​គ្រាន់​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​៕