​ភ្នំពេញៈ​ ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន ​លោក ខៀវ កាញា​រីទ្ធ បាន​លើក​ឡើង​ថា ក្រសួង​កំពុង​រៀប​ចំ​ធ្វើ​វិ​សោធ​ន​កម្ម​ច្បាប់​ស្តីពី​របប​សារ​ព័ត៌​មាន​លើ​មាត្រា​មួយ​ចំនួន ​ក្នុង​នោះ​ផ្តោត​សំខាន់​លើ​ស្ថា​ប័ន​ណា​ដែល​ផ្សាយ​ព័ត៌មាន​ខុស​ត្រូវ​តែ​ចុះ​ផ្សាយ​កែ​តម្រូវ​ឱ្យ​គេ​ទាំង​ស្រុង​ឡើង​វិញ​ ក្នុង​ករណី​មិន​ផ្សាយ​ទាំង​ស្រុង​ទេ​គឺ​ត្រូវ​ដក​អាជ្ញា​ប័ណ្ណ​។​

​លោក​ខៀវ ​កាញា​រីទ្ធ លើក​ឡើង​ដូច​នេះ​ក្នុង​វេទិកា​ពិភាក្សា​ស្តី​ពី​ការ​ពង្រឹង​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ កាល​ពី​ថ្ងៃ​ទី​២១ ​ខែមេសា ​ឆ្នាំ​២០២៣។ ​លោក​បាន​បន្ថែម​ថា ក្រសួង​ក៏បាន​ កែ​សម្រួល​នូវ​ចំណុច​មួយ​ចំនួន​ដើម្បី​អនុវត្ត​​មាត្រា​នៃ​ច្បាប់​នេះ​ឱ្យ​បាន​ពេញ​លេញ​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នៃ​ការ​ផ្សាយ​ព័ត៌មាន​។​

​លោក​បាន​បញ្ជាក់​ថា៖ «​យើង​ធ្វើ​នេះ ដើ​ម្បី​ចូលរួម​ក្នុង​ការ​ទប់​ស្កាត់​ និង​លុប​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ ខណៈ​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​ការប​ង្កើត​នូវ​ព័ត៌មាន​ក្លែង​ក្លាយ​ក៏​នឹង​កើត​មាន​ច្រើន​ដែរ​»​។

​លោក ​ផុស សុវណ្ណ អ្នក​នាំពា​ក្យ​ក្រសួង​ព័ត៌មាន​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ​ខែមេសា​ថា ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះក្រ​សួង​នឹង​ចែង​ចំណុច​នេះ​នៅក្នុ​ង​មាត្រា​ណា​មួយ​នៅក្នុ​ង​ពេល​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្ដីពី​របប​សារ​ព័​ត៌មា​នដើម្បី​ងាយ​ស្រួល​ក្នុងការ​អនុ​វត្ត ​ព្រោះ​កន្លង​ទៅ​ច្បាប់​របប​សារ​ព័ត៌មា​ន ត្រូវ​នឹង​ស្ថាន​ភាព​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​ ខណៈ​ស្ថាន​ភាព​បច្ចុ​ប្បន្ន​បាន​វិវឌ្ឍ​ទៅ​រក​អន​ឡាញ​ច្រើន​។

​លោក​បាន​ថ្លែង​ថា​៖ «​ត្រង់ចំ​ណុច​នេះ​ ឯកឧ​ត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​ពិចារ​ណា​ដាក់ចូ​ល​នៅ​ក្នុង​ចំណុច​ណា​មួយ​នៃ​មាត្រាឬ​ក្នុង​មាតិកានៃ​​វិសោធនក​ម្ម​ច្បាប់​ស្ដីពី​របប​សារព័​ត៌​មាន​របស់​យើង​»​។​

​ជា​មួយ​គ្នា​នេះដែ​រ ​លោក ណុប វី​ នាយក​ប្រតិបត្តិ​នៃ​សមា​គម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា (​ខេ​ម​បូ​ចា​) បាន​លើក​ឡើង​នៅ​ថ្ងៃទី​២៣​ ខែ​មេសា ថា​ ក្នុង​ច្បាប់​របប​សារ​ព័ត៌​មាន​បច្ចុប្បន្ន​ក៏មាន​មាត្រា​ខ្លះ​ចែង​ពី​ការ​កែត​ម្រូវ​រួ​ចហើយ​ដែរ​ ប៉ុន្តែ​យ៉ាង​ណា ប្រហែលជា​​គោលបំ​ណង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​ចង់​ធ្វើឱ្យ​​លម្អិត​នៅ​ក្នុង​ចំណុច​ណា​មួយ​បន្ថែម​ទៀត​។

​លោក​បាន​ថ្លែង​ថា៖ «​នៅក្នុ​ង​ច្បាប់​ស្តីពី​របប​សារព័​ត៌មាន​បាន​ចែង​ថា នៅ​ពេលដែល​​មាន​ការ​ផ្សព្វ​ផ្សាយ​មិន​ត្រឹម​ត្រូវ​ឬ​ខុស​ឆ្គង សា​រព័ត៌​មាន​នោះ​ត្រូវតែ​​ធ្វើការ​កែត​ម្រូវ ក្នុង​រយៈ​ពេល​កំណត់​ថ្ងៃ​ណាមួយ​​»​។​

​ពាក់​ព័ន្ធ​នឹង​ការធ្វើ​វិសោ​ធន​កម្ម​ច្បាប់​ស្តីពី​របប​សា​រព័ត៌​មាន​នេះ លោក​ ណុប​ វី នៅតែ​គាំទ្រ​ឱ្យមាន​ការធ្វើ​ទៅ​លើ​មាត្រា​ខ្លះដើ​ម្បី​ដើរ​ឱ្យទាន់​សម័យ​កាល​អ៊ី​ន​ធឺ​ណិ​ត និង​បច្ចេកវិទ្យា​ឌីជីថ​ល ជា​ពិសេស​មាត្រា​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ។ យ៉ាង​ណា​ត្រូវតែ​មាន​កា​រចូល​រួម​មតិ​យោប​ល់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ​និង​មាន​ការ​ចូ​លរួម​ពី​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ផង​ដែរ​៕