កំពង់ចាមៈ រដ្ឋបាលស្រុកបាធាយ នៃខេត្តកំពង់ចាម បញ្ជាក់ជូនសាធារជនថា រូបភាពនៃការជួញដូរសត្វស្លាបនិងសត្វព្រៃតាមដងផ្លូវជាតិលេខ ៦ ដែលបានបង្ហោះលើបណ្តាញសង្គមថ្មីៗនេះ គឺជារូបភាពចាស់ ខណៈមន្រ្តីអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធទាំងអស់បញ្ឈប់ការរក្សាទុក និងលួចលក់ដូរសត្វព្រៃ។
ការចេញមកបំភ្លឺនេះ បន្ទាប់ពីរដ្ឋបាលស្រុកបាធាយ បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមាន Page facebook និងបណ្តាញសង្គមនានា បានបង្ហោះផ្សព្វផ្សាយទាក់ទងទៅនឹងការជួញដូរសត្វស្លាប និងសត្វព្រៃនៅតាមដងផ្លូវជាតិលេខ ៦ (ត្រង់គីឡូម៉ែត្រលេខ ៤៩ ចំណុចស្ពានត្រស់) ។
រដ្ឋបាលស្រុកបញ្ជាក់ថា៖ «តាមការសង្កេត គឺរូបភាពចាស់ហើយបានធ្វើការផ្សព្វផ្សាយតៗគ្នា»។
ប្រភពដដែលបន្តថា ពាក់ព័ន្ធករណីនេះ កន្លងមករដ្ឋបាលស្រុកបានដាក់ចេញនូវសេចក្ដីជូនដំណឹង (សជណ) ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការលួចរក្សាទុក និងការលួចលក់ដូរសត្វព្រៃម្តងរួចមកហើយ និងបានសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយអេដស៍ បានចុះផ្សព្វផ្សាយ ពន្យល់ និងណែនាំពលរដ្ឋផងដែរ។
បន្ថែមពីនេះ បានអញ្ជើញប្រជាពលរដ្ឋដែលបានលួចបន្លំរក្សាទុក និងលួចលក់ដូរសត្វព្រៃ ឱ្យធ្វើកិច្ចសន្យាជាច្រើនដងរួចមកហើយ និងមានការចាប់ផាកពិន័យជាអន្តរកាល ហើយបានបញ្ជូនជនល្មើសទៅតុលាការថែមទៀតផង។
រដ្ឋបាលស្រុកបាធាយ សង្កត់ធ្ងន់ថា៖«ទោះបីជាអាជ្ញាធរ និងមន្ត្រីជំនាញយើងខិតខំយ៉ាងណាក៏នៅមានជនល្មើសមួយចំនួនតូចលួចបន្លំធ្វើការ រក្សាទុក និងលួចលក់ដូរសត្វព្រៃ ក្នុងរូបភាពលក់ត្រីងៀត ត្រីឆ្អើ និងផ្លែឈូក ក្នុងរូបភាពនោះយូរៗម្ដង ជនល្មើសបន្លំ លក់សត្វព្រៃ ហើយពេលខ្លះបន្លំយកសត្វស្រុកធ្វើជាសត្វព្រៃ ដើម្បីលក់។
ការបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះអៀង ចាន់ដារ៉ា បានបង្ហោះសារថា តាមបណ្តោយផ្លូវជាតិលេខ ៦ (ត្រង់គីឡូម៉ែត្រលេខ៤៩ ) មានការជួញដូរសត្វស្លាបបក្សី ដែលជាសត្វកម្រយ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវដោយគ្មានមន្រ្តី និងអាជ្ញាធរពាក់ព័ន្ធណាធ្វើការបង្ក្រាបនោះទេ។
ប្រភពខាងលើបន្តថា៖«តាមរយៈវីដេអូនៃការបង្ហោះរបស់ខ្ញុំ សូមគោរពផ្ញើជូនជាពិសេសទៅដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ផ្នែកអភិរក្ស និងការពារសត្វស្លាបពិនិត្យមើលឡើងវិញ និងទប់ស្កាត់ជាបន្ទាន់ រាល់សកម្មភាពទាំងឡាយណាដែលមានការជួញដូរនៅក្នុងតំបន់នេះ ដើម្បីអភិរក្សទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់សត្វបក្សីទាំងនោះ»។ ម្យ៉ាងវិញទៀត ដើម្បីទាក់ទាញទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា នៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ រដ្ឋបាលស្រុក នៅតែបន្តសហការជាមួយមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចបន្តចុះអប់រំណែនាំ និងបង្ក្រាបជាប់ជាប្រចាំ ដើម្បីថែរក្សាការពារ និង អភិរក្សសត្វព្រៃ។
រដ្ឋបាលស្រុកបាធាយ ក៏អំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធទាំងអស់សូមមេត្តាបញ្ឈប់ការរក្សាទុក និងលួចលក់ដូរសត្វព្រៃ ហើយជួយសហការជាមួយអាជ្ញាធរក្នុងករណីមានការរក្សាទុក ឬលក់ដូរសត្វព្រៃ សូមផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរដើម្បីចូលរួមសហការ។
បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ កំពុងបើកយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងខេត្តពោធិ៍សាត់ដើម្បីផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិតសត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់សត្វព្រៃ ជីវចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើនសុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ៕