ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរមូលដ្ឋានខិតខំដោះស្រាយសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ ដោយត្រូវធ្វើឱ្យបានលឿន។ លោកថ្លែងដូច្នេះក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា និងសំណេះសំណាលជាមួយសមាគម សហជីព កម្មករ និយោជិត តំណាងមន្ត្រីរាជការ គ្រូបង្រៀន និងតំណាងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ៣ ពាន់នាក់ នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី ២៣ ខែមេសា។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានខិតខំ ដោះស្រាយសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ កុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ដោយប្រការអ្វីមួយ គឺត្រូវធ្វើឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាពជូនពួកគាត់»។
ហ្វេសប៊ុកដដែលបានបន្តថា៖ «សម្ដេចតេជោក៏បានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមដោះស្រាយបញ្ហាទំនាស់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយ:ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ពីព្រោះការដោះស្រាយក្រៅប្រព័ន្ធតុលាការ វាមិនមានអ្នកឈ្នះ មិនមានអ្នកចាញ់ ហើយមិនមានអ្នកខាត មិនមានអ្នកចំណេញនោះទេ គឺឈ្នះទាំងអស់គ្នា ដោយមិនចាំបាច់ឡើងដល់តុលាការឡើយ»។
ក្រៅពីនេះលោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខិតខំដោះស្រាយបញ្ហារបស់ពលករនៅក្រៅប្រទេសឱ្យបានល្អប្រសើរ ជាពិសេសការពារសិទ្ធិកម្មករកុំឱ្យមានការរំលោភបំពានផ្សេងៗ។
លោក ហ៊ុន សែន នៅតែបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស ហើយលោកបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះព្រមទាំងបានបង្ហាញមោទនភាពចំពោះសន្តិភាពរបស់កម្ពុជា ដែលបានផ្តល់នូវផ្លែផ្កាជាច្រើនសម្រាប់ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវឱ្យមានការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនជានិច្ច ដូចជាទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា»។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យមានការខិតខំថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ហើយជំរុញគ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ ត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ និងត្រូវខិតខំរកចំណូលសម្រាប់ជាតិឱ្យបានច្រើន។
លោក ហ៊ុន សែន បានជំរុញឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗ ដូចជាពលរដ្ឋដែលរងគ្រោះ ក្នុងវិបត្តិកូវីដ ១៩ ជាដើម។ ឱ្យមានការចូលរួមដោះស្រាយការងារជូនប្រជាពលរដ្ឋ ទាំងការងារសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាពិសេសគោលនយោបាយគាំពារសង្គម ដូចជាការអនុវត្តគាំពារស្ត្រីមានផ្ទៃពោះរហូតដល់កូនអាយុ ២ ឆ្នាំ។
លោកជំរុញឱ្យយកចិត្តទុកដាក់មើលឱ្យបានគ្រប់ជ្រុងជ្រោយចំពោះប្រជាពលរដ្ឋដែលជួបទុក្ខលំបាក ដោយលោកមិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយមិនបានដឹងនោះទេ។
ពាក់ព័ន្ធទៅនឹងវិស័យការងារ លោក ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងការងារក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនការបណ្ដុះបណ្ដាល ធនធានមនុស្សទៅលើវិស័យការងារបន្ថែមទៀតទាំងការងារក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយរាជរដ្ឋាភិបាលជាអ្នកចេញថ្លៃក្នុងការបណ្ដុះបណ្ដាលចំណេះដឹងធនធានមនុស្សលើវិស័យការងារទាំងអស់នោះ។
ហ្វេសប៊ុកដដែលបន្ថែមថា៖ «គិតត្រឹមថ្ងៃទី ២៣ ខែមេសា នេះ គឺសល់តែ ១២ ថ្ងៃទៀតតែប៉ុណ្ណោះ យើងនឹងដល់ព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះហើយដូច្នេះសម្តេចតេជោ សូមឱ្យរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានល្អប្រសើរ និងរលូន ដើម្បីឱ្យភ្ញៀវអន្តរជាតិទាំងអស់ពេលដែលមកដល់កម្ពុជាម្ដងហើយ គេចង់មកម្ដងទៀតនៅពេលក្រោយ»។
ពាក់ព័ន្ធការបោះឆ្នោត លោកនាយករដ្ឋមន្ត្រីអំពាវនាវធ្វើយ៉ាងណាឱ្យការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខនេះប្រព្រឹត្តទៅដោយរលូន សេរី និងយុត្តិធម៌ មិនមានការគាបសង្កត់ និងត្រូវស្ថិតក្នុងបរិយាកាសល្អបំផុត។
ពាក់ព័ន្ធសេវាសាធារណៈ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា សេវាសាធារណៈនៅមូលដ្ឋានគឺជាសេវាដែលនៅកៀកនឹង ប្រជាពលរដ្ឋបំផុត ដែលប្រជាពលរដ្ឋត្រូវការប្រចាំថ្ងៃជាចាំបាច់។ ប្រសិនបើអាជ្ញាធរមូលដ្ឋានបានបម្រើសេវានេះដល់ប្រជាពលរដ្ឋបានហ្មត់ចត់ និងត្រឹមត្រូវទៅតាម ច្បាប់ និងលិខិតបទដ្ឋាន ប្រជាពលរដ្ឋនឹងទទួលបានសេវាដោយស្រួល មានដំណើរការល្អ និងធ្វើឱ្យសង្គមមានសណ្តាប់ធ្នាប់ល្អ។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២៣ ខែមេសាថា៖ «ហើយប្រជាពលរដ្ឋយើងតែងតែវាយតម្លៃជារួម ឧទាហរណ៍ថា គាត់មានការរកាំរកូស មិនសប្បាយចិត្តនឹងអាជ្ញាធរមូលដ្ឋាន គាត់អាចនឹងត្រូវងាយស្រួលនឹងវាយតម្លៃទៅលើនយោបាយរួមថា អាហ្នឹងមកពីការដឹកនាំពីថ្នាក់លើយ៉ាងនេះ យ៉ាងនោះ ក៏ប៉ុន្តែ នេះគឺជាឥរិយាបថបុគ្គលនៅមូលដ្ឋាន។ ចង់មិនចង់គឺរាជរដ្ឋាភិបាលមានចំណែកទទួលខុសត្រូវហើយ។ ឥរិយាបថបុគ្គលមូលដ្ឋានធ្វើមិនបានល្អគឺរាជរដ្ឋាភិបាលច្បាស់ជាមានចំណែកទទួលខុសត្រូវ ដែលប្រជាពលរដ្ឋអាចប៉ាន់ស្មាន ឬក៏ម៉ៃចំពោះ»៕