ភ្នំពេញៈ ផ្អែកលើរបាយការណ៍នៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របង្ហាញថា វីរុសជាច្រើនដែលកើតជាជំងឺផ្ទុះរីករាលដាលឡើងបំផ្លាញសុខភាពមនុស្សធ្ងន់ធ្ងរលើពិភពលោក គឺឆ្លងពីសត្វព្រៃមកមនុស្ស តួយ៉ាងដូចជាវីរុស Hendra វីរុស Nipah, Sars, Mers និងវីរុសកូវីដ ១៩ ជាដើម។ នេះបើតាមលោក សេង ទៀក នាយកអង្គការ WWF កម្ពុជា។
លោក សេង ទៀក ថ្លែងថា៖ «ហេតុនេះយើងកុំបរិភោគសាច់សត្វព្រៃ កុំប៉ះពាល់សាច់សត្វព្រៃតាមរយៈការដាក់អន្ទាក់ តាមរយៈការសម្លាប់ដោយផ្ទាល់តាមរយៈការដឹកជញ្ជូនដោយផ្ទាល់ព្រោះយើងអត់ដឹងថា សត្វព្រៃហ្នឹងមានជំងឺអ្វីខ្លះទេ ការបរិភោគវារឹតតែមានបញ្ហាកាន់តែខ្លាំងឡើង»។
លោក សេង ទៀក លើកឡើងបែបនេះក្នុងយុទ្ធនាការអន្ទាក់សូន្យដែលធ្វើឡើងនៅស្រុកវាលវែងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣។ លោកលើកឡើងថា របាយការណ៍នៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្របានឱ្យដឹងថា ប្រភេទជំងឺឆ្លងប្រមាណ ៦០ ភាគរយដែលកើតមានឡើងគឺមានលក្ខណៈដូចគ្នា ឬខ្លាំងជាងកូវីដ ១៩ ហើយវីរុសជាង ៣០ ប្រភេទ ដែលឆ្លងមកមនុស្សក្នុងកំណត់ត្រារយៈពេល ៣០ ឆ្នាំកន្លងមកឃើញថា ៧៥ ភាគរយនៃវីរុសទាំងនោះ គឺមានប្រភពចេញពីសត្វព្រៃ ឬសត្វស្រុក។
ចំពោះវីរុសដែលចម្លងតាមផ្លូវដង្ហើមកើតឡើងក្នុងពេលកន្លងមកដែលអ្នកវិទ្យាសាស្ត្របានកត់ត្រា តួយ៉ាងដូចជា វីរុស Hendra កើតឡើងនៅក្នុងឆ្នាំ ១៩៩៤ ក្នុងប្រទេសអូស្ត្រាលី ត្រូវបានអ្នកវិទ្យាសាស្ត្រសង្ស័យថា បានកើតឡើងចេញពីសត្វប្រចៀវឆ្លងចូលទៅសត្វសេះនិងបន្តចម្លងមកមនុស្ស។ ក្រៅពីនេះមានប្រភេទវីរុស ១ ទៀត ឈ្មោះថា វីរុស Nipah ដែលកើតឡើងតាំងពីឆ្នាំ ១៩៩៨ នៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់មកបានរីករាលដាលដល់ប្រទេស ៥ ទៀតក្នុងតំបន់អាស៊ី ក៏ត្រូវបានអ្នកវិទ្យាសាស្ត្រសង្ស័យថា កើតឡើងចេញពីសត្វប្រចៀវ ចម្លងចូលមកសត្វជ្រូក ហើយឆ្លងពីជ្រូកចូលមកមនុស្សផងដែរ។
បើតាមលោក សេង ទៀក នៅមានវីរុស ១ ទៀត ហៅថា វីរុស Sars ដែលកើតឡើងតាំងពីឆ្នាំ ២០០២ បន្តមក ២០០៣ និងបានរីករាលដាលទៅដល់ជាង ២៥ ប្រទេស ដែលត្រូវបានគេសង្ស័យថា កើតចេញពីប្រចៀវ បន្តទៅសត្វសំពោច និងចេញពីសត្វសំពោចដល់មនុស្ស។ បន្ថែមលើនេះនៅមានប្រភេទវីរុស Mers ដែលជាប្រភេទជំងឺផ្លូវដង្ហើម ១ ទៀតកើតឡើងនៅឆ្នាំ ២០១២ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឆ្លងរីករាលដាលជិត ៣០ ប្រទេស ហើយត្រូវបានគេសង្ស័យថា កើតចេញពីសត្វប្រចៀវ ទៅសត្វអូដ្ឋ ចេញពីសត្វអូដ្ឋទៅមនុស្ស។
នាយកអង្គការ WWF កម្ពុជា បានឱ្យដឹងទៀតថា ចំណែកវីរុស Ebola ក៏បានបង្កហានិភ័យដល់សុខភាពមនុស្សធ្ងន់ធ្ងរផងដែរ។ជំងឺនេះកើតឡើងនៅឆ្នាំ ២០១៤ រីករាលដាលដល់ជាង ៦ ប្រទេស។ ចំណែកវីរុស HIV ដែលកើតឡើងតាំងពីឆ្នាំ ១៩៨១ ក៏មានការចម្លងយ៉ាងខ្លាំងដែលមនុស្សភាគច្រើនបានដឹង។ ក្រៅពីនេះក៏នៅមានជំងឺផ្តាសាយជ្រូក ជំងឺផ្តាសាយបក្សី និងក្រោយគេគឺជំងឺកូវីដ ១៩។ កូវីដ១៩ ថ្វីបើមិនទាន់មានការអះអាង ១០០ ភាគរយថាកើតចេញពីប្រភពនៃសត្វព្រៃ ប៉ុន្តែ ឯកសារដែល បានចងក្រងភាគច្រើនគឺសំដៅទៅលើការឆ្លងពីសត្វព្រៃមក មនុស្សនេះឯង។
លោកថ្លែងថា៖ «ជំងឺមួយចំនួនត្រូវបានអះអាងថា វាឆ្លងមកពីសត្វព្រៃគឺមាន ផលប៉ះពាល់ខ្លាំងណាស់ ក្រៅពីការសម្លាប់មនុស្ស គឺប៉ះពាល់ផ្នែកសេដ្ឋកិច្ចខ្លាំងមែនទែនទាំងវិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ ឧស្សាហកម្ម ប្រព័ន្ធសុខាភិបាលនៅក្នុងពិភពលោក បញ្ហាសង្គម ជាពិសេសជំងឺផ្លូវចិត្ត»។
លោក សេង ទៀក បានគូសបញ្ជាក់ថា ដើម្បីកុំឱ្យមានផ្ទុះជំងឺដែលបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈលើពិភពលោកបន្ថែមទៀតគ្រប់គ្នាត្រូវចូលរួមថែរក្សាសត្វព្រៃ និងព្រៃឈើ ដោយមិនត្រូវបំពាន រំលោភ ឬទន្ទ្រានទៅលើដីព្រៃឬដែនជម្រករបស់សត្វព្រៃនោះទេ ត្រូវទុកឱ្យសត្វព្រៃរស់នៅក្នុងតំបន់នោះ បើពុំនោះទេមនុស្សនឹងអាចជួបផលវិបាកដោយជំងឺឆ្លងរាតត្បាតដទៃទៀតដែលអាចនឹងកើតមានឡើងគំរាមកំហែងដល់សុខភាពសាធារណៈក្នុងពិភពលោកទាំងមូលមិនខាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា សត្វព្រៃដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវនិរន្តរភាពនៃស្បៀងអាហារសម្រាប់ប្រជាជន ចំណែកប្រភេទជីវចម្រុះដើរតួនាទីសំខាន់ក្នុងការបង្កាត់ពូជ ក៏ដូចជាបន្តពូជរុក្ខជាតិផ្សេងៗ ដើម្បីធ្វើឱ្យភពផែនដីនៅបៃតង។
លោកថា តាមឯកសារនៃការសិក្សាស្រាវជ្រាវបង្ហាញថា ជំងឺឆ្លងលើមនុស្សភាគច្រើនកើតឡើងពីការឆ្លងពីសត្វព្រៃ និងសត្វស្រុកដែលជំងឺមួយចំនួនមានសភាពកាចសាហាវអាចសម្លាប់មនុស្សរាប់លាននាក់លើពិភពលោក និងបានកើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកលើកឡើងថា យុទ្ធនាការអន្ទាក់សូន្យដែលក្រសួងបរិស្ថាន និងអង្គការដៃគូធ្វើកិច្ចការងាររួមគ្នាគឺដើរទទ្ទឹមគ្នាជាមួយការផ្សព្វផ្សាយ និងអនុវត្តច្បាប់ផង ដើម្បីបង្កើតសេដ្ឋកិច្ច មូលដ្ឋានផងនិងបង្កើនចំណេះដឹងទៅដល់ប្រជាពលរដ្ឋដើម្បីឱ្យមានការចូលរួមកាន់តែសកម្មថែមទៀតទៅលើការកាត់បន្ថយការដាក់អន្ទាក់ និងការបរបាញ់សត្វ។
លោកថ្លែងថា៖ «អ្វីដែលយើងខ្ញុំធ្វើនេះគឺដើម្បីផ្លាស់ប្តូរនូវឥរិយាបថសាធារណជន ជាពិសេសគឺការបរបាញ់សត្វត្រូវបញ្ឈប់ ហើយអ្នកដែលនិយមហូបសាច់សត្វព្រៃ ដែលគិតថា សាច់សត្វព្រៃវានឹងផ្តល់នូវសុខភាពល្អ ប៉ូវកម្លាំង ព្យាបាលជំងឺ សូមឱ្យបញ្ឈប់»។
លោក នេត្រ ភក្ត្រា ថ្លែងទៀតថា ការដកហូតអន្ទាក់ចេញពីតំបន់ការពារធម្មជាតិក្នុង ១ ឆ្នាំៗបានតែ ២០ ភាគរយប៉ុណ្ណោះ ហើយក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ នេះអន្ទាក់ដែលត្រូវបានដកចេញពីតំបន់ការពារធម្មជាតិគ្រប់ប្រភេទមានប្រមាណ ១០ ម៉ឺន អន្ទាក់។ ១០ ម៉ឺនអន្ទាក់ដែលត្រូវបានដោះចេញនេះបានជួយដល់ជីវិតសត្វព្រៃជាច្រើន និងជួយដល់ការកាត់បន្ថយហានិភ័យជាច្រើនសម្រាប់មនុស្ស និងសត្វ៕