ស្ទឹងត្រែងៈ ក្នុងរយៈពេល ៥ ឆ្នាំមកនេះ ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងក្របខ័ណ្ឌកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី អនុវត្តសម្រេចបានភូមិចំនួន ៣៥ ភូមិ ខណៈការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងខេត្តនេះបានសម្រេចសរុបជាង ៣ ម៉ឺនបណ្ណ។
នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តស្ទឹងត្រែងតាមរយៈសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ(២០១៨-២០២២)របស់រដ្ឋបាលខេត្តស្ទឹងត្រែងនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននោះ លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានលើកឡើងថា រដ្ឋបាលខេត្ត ប្តេជ្ញានឹងបង្កើនប្រសិទ្ធភាពនៃការចុះបញ្ជីដីធ្លីសម្រាប់ការគ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលលើដីកម្មសិទ្ធិស្របច្បាប់ដើម្បីពន្លឿនការងារនេះឱ្យបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ លោកបានបន្តថា គិតមកទល់ពេលនេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្រេចបាន៣៥ភូមិដោយបានផ្តល់បណ្ណកម្មសិទ្ធិរួចរាល់ ៣៤ ១២៥បណ្ណ។
ដោយឡែក ចំពោះការងារចុះបញ្ជីក្បាលដីក្នុងគម្រោងសម្បទានដីសេដ្ឋកិច្ចវិញ លោកបានបញ្ជាក់ថា បច្ចុប្បន្ន បានចេញបណ្ណលើក្បាលដីចំនួន១១ទីតាំងស្មើនឹង១៥១បណ្ណ លើផ្ទៃដីទំហំសរុប ១១៦ ៣៦៨ហិកតា និងបន្តវាស់វែង២ទីតាំង មានទំហំដីសរុប ៩៤ ០០០ហិកតា។
ចំពោះការងារពង្រឹងការគ្រប់គ្រងទីតាំងដីសម្បទានសង្គមកិច្ចវិញគឺសម្រេចបានចំនួន៧ទីតាំងស្មើនឹងទំហំសរុបជាង១ម៉ឺន៤ពាន់ហិកតា ខណៈការងារចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចសម្រេចបានចំនួន៤សហគមន៍ ដោយបានចេញបណ្ណដីជាសមូហភាព២សហគមន៍ និងត្រៀមចេញជូន២សហគមន៍ទៀតក្នុងពេលខាងមុខ។
អភិបាលខេត្តស្ទឹងត្រែងខាងលើបានបញ្ជាក់ដែរថា៖«សមិទ្ធផលទាំងនេះ គឺជាកិច្ចខំប្រឹងប្រែងរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ត្រី និងបងប្អូនប្រជាពលរដ្ឋរបស់យើង ប៉ុន្តែចំនួននេះ នៅតែមិនទាន់មានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេ ទោះជាយ៉ាងណា រដ្ឋបាលខេត្តប្តេជ្ញានឹងខិតខំពន្លឿនការងារនេះដើម្បីឈានទៅបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដី»។
ជាមួយគ្នានោះដែរ លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានឱ្យដឹងដែរថា កន្លងមក រដ្ឋបាលខេត្តបានដាក់ចេញផែនការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីធានាបានប្រសិទ្ធភាព និងកាត់បន្ថយបញ្ហាប្រឈមនានាទាក់ទងនឹងវិស័យដីធ្លី។
ជាងនេះទៀតក្រៅពីចែកបណ្ណកម្មសិទ្ធដីធ្លី លោកថា មន្ទីរក៏បានខិតខំជំរុញការងារដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការដោយបានខិតខំសម្របសម្រួលដោះស្រាយករណីទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តផងដែរ។
លោកបានបញ្ជាក់ថា៖«ក្នុងនាមមន្ទីរនឹងខិតខំលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈតាមរយៈការបន្តយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមទិសដៅរបស់ខេត្តដែលបានដាក់ចុះ និងទិសដៅរបស់ក្រសួងមហាផ្ទៃឱ្យសម្រេចបានលទ្ធផលជាផ្លែផ្កាលើគ្រប់វិស័យធានាបានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ពិសេសពង្រឹងការដោះស្រាយវិវាទដីធ្លីនិងពន្លឿនការចុះបញ្ជីដីធ្លីទូទាំងខេត្តឱ្យអស់ក្នុងពេលឆាប់ៗដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន»។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងរយៈពេល៥ឆ្នាំមកនេះ ខេត្តបានពង្រឹងការគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តដែលរួមមាន៖ តំបន់ឧទ្យានជាតិវីរជ័យផ្ទៃដីជាង៩៩ពាន់ហិកតា, ឧទ្យានជាតិវ៉ឺនសៃ-សៀមប៉ាងផ្ទៃដីជាង៤៤ពាន់ហិកតា,ដែនជម្រកសត្វព្រៃ-ព្រៃឡង់ផ្ទៃដីជាង១២១ពាន់ហិកតា,ដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីជាង១៣៣ពាន់ហិកតា និងតំបន់រ៉ាមសារ មានផ្ទៃដី១៤ ៦០០ហិកតា។
ដោយឡែកតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គក្នុងខេត្ត តាមបណ្ដោយទន្លេមេគង្គមាន៣៥គីឡូម៉ែត្រ និងមានតំបន់ដែលបានកំណត់ជាកន្លែងអភិរក្ស និងកន្លែងការពារមានទំហំជាក់ស្តែងផ្អែកទៅតាមចលនានៃការរស់នៅ ការបំផ្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។
ប្រភពដដែលថា ក្នុងរយៈពេល៥ឆ្នាំមកនេះដែរ ចំពោះការគ្រប់គ្រង និងរៀបចំរដ្ឋបាលដែនដីនៅមូលដ្ឋាន រដ្ឋបាលខេត្តបានស្នើសុំរៀបចំបង្កើតស្រុកថ្មីចំនួន១នៅជាប់ព្រំដែនកម្ពុជា-ឡាវ និងការបង្កើតភូមិថ្មីចំនួន៩ភូមិ ក្នុងឃុំសង្កាត់ចំនួន៤ថែមទៀត។
លើសពីនេះ រដ្ឋបាលខេត្ត ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយខេត្តជាប់ព្រំដែនដែលមានខេត្តចម្ប៉ាសាក់ និងខេត្តអត្តពីប្រទេសឡាវ និងខេត្តសម្ព័ន្ធភាពមានកិច្ចសហប្រតិបត្តិការដែលមានខេត្តកន្ទូម ខេត្តយ៉ាឡាយ ខេត្តខាញ់ហ័រ និងខេត្តប៊ិញហ្ស៊ិកនៃប្រទេសវៀតណាមសំដៅរក្សាបូរណភាពទឹកដី និងលើកកម្ពស់សេដ្ឋកិច្ចតាមខ្សែបន្ទាត់ព្រំដែនផងដែរ៕