ភ្នំពេញៈ លោក គឹម ឈៀន ជានាយកសាលាបឋមសិក្សាកោងយោង ដែលរស់នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសម្រេចចិត្ដប្រគល់វត្ថុបុរាណជាកុលាលភាជន៍ចំនួន៧ និងឧបករណ៍ថ្មចំនួន ២ ដុំ ជូនសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ដើម្បីរក្សាការពារ និងអភិរក្សបន្ដ។
យោងតាមអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា លោក ម៉ក់ ឌឿង អនុប្រធាននាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាល និងតម្កល់ឯកសារ ព្រមទាំងសហការី បានចុះទៅទទួលកុលាលភាជន៍ និងឧបករណ៍ថ្ម ពីលោក គឹម ឈៀន ដែលវត្ថុបុរាណទាំងនោះបានប្រទះឃើញ នៅពេលដែលកូនរបស់គាត់ភ្ជួរដីធ្វើចម្ការ ដែលមានចម្ងាយ៣គីឡូម៉ែត្រពីភូមិ។
អាជ្ញាធរជាតិព្រះវិហារក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់ក្នុង និងតំបន់ជុំវិញរមណីយដ្ឋានប្រាសាទព្រះវិហារ ពេលប្រទះឃើញ ឬក៏បានរក្សាទុកវត្ថុបុរាណនៅតាមផ្ទះ សូមរាយការណ៍ ឬប្រគល់ជូនអាជ្ញាធរជាតិព្រះវិហារ ដើម្បីយកមករក្សាទុកក្នុងសារមន្ទីរ ក្នុងគោលបំណងរក្សាការពារ អភិរក្សក៏ដូចជារៀបចំដាក់តាំងបង្ហាញ សម្រាប់សាធារណជនទូទៅទស្សនា ស្វែងយល់ពីតម្លៃនៃប្រវត្តិសាស្ត្រ វប្បធម៌របស់ដូនតា។
លោក គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ ប្រាប់ឱ្យដឹងនៅថ្ងៃទី២៤ ខែមេសា ថា បច្ចុប្បន្ននេះ កុលាលភាជន៍ចំនួន៧ និងឧបករណ៍ថ្មចំនួន២ដុំត្រូវបានមន្ត្រីនៃសារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ កំពុងជូត និងដុសលាងសម្អាត ដោយមិនទាន់បានកំណត់ថា បានបង្កើតឡើងនៅឆ្នាំណា ឬមកពីតំបន់ណានៅឡើយទេ។
លោកថា ក្រោយពីបានសម្អាតរួចហើយ ក្រុមមន្ត្រីជំនាញនឹងធ្វើការសិក្សា កុលាលភាជន៍ចំនួន៧ និងឧបករណ៍ថ្មចំនួន២ដុំនោះថា ត្រូវបានធ្វើឡើងនៅពេលណាឱ្យប្រាកដ និងបានសិក្សាឱ្យបានស៊ីជម្រៅលើយុគសម័យកាលរបស់កម្ពុជា។
លោក គង់ ពុទ្ធិការ បានបញ្ជាក់ថា ៖ «វត្ថុបុរាណទាំងនេះ ពិតជាមានសារៈសំខាន់ សម្រាប់អាជ្ញាធរជាតិព្រះវិហារ ក្នុងការប្រមូលយកមករក្សាទុក និងការពារឱ្យមានសុវត្ថិភាព ព្រោះជាសម្បតិ្តវប្បធម៌មរតករបស់ជាតិ»។
លោកបន្តទៀតថា៖ «ការប្រគល់កុលាលភាជន៍នេះ បានន័យថា ប្រជាពលរដ្ឋបានទុកចិត្តទៅលើអាជ្ញាធរជាតិព្រះវិហារដែលមានការយកចិត្តទុកដាក់ពីសារៈសំខាន់វត្ថុបុរាណ ទើបពួកគាត់សុខចិត្តប្រគល់មកឱ្យអាជ្ញាធរមើលការថែទាំ។ការណ៍នេះដោយសារយើងធ្វើការផ្សព្វផ្សាយទៅដល់សហគមន៍ពីសារប្រយោជន៍នៃវត្ថុបុរាណអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ»។
បើតាម លោក គង់ ពុទ្ធិការ កន្លងមក ក៏ធ្លាប់មានប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រាសាទព្រះវិហារ និងប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញបានប្រទះឃើញវត្ថុបុរាណ ហើយយកមកឱ្យអាជ្ញាធរជាតិព្រះវិហាររក្សា និងថែទាំច្រើនផងដែរ ដោយក្នុងនោះមានវត្ថុបុរាណធ្វើពីលោហៈ ដីដុត សេរាម៉ិច និងឈើជាដើម៕