​ភ្នំពេញ​: គម្រោង​ថ្មី​មួយ​ដែល​ផ្តល់​មូល​និធិ​ដោយ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​និង​ទំនាក់​ទំនង​ក្នុង​ប្រទេស​ជប៉ុន (MIC) តាម​រយៈ​សហ​ភាព​ប្រៃស​ណីយ៍​​សកល ​(UPU)​ និង​ប្រៃស​ណីយ៍​ជប៉ុន​ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដើម្បី​បង្កើន​គុណ​ភាព​សេវាក​ម្ម​ភាព​ងាយ​ស្រួល ​តម្លៃ​សមរម្យ​ និង​ដំណើរ​ការ​ទូទៅ​របស់ប្រៃ​ស​ណី​យ៍​កម្ពុជា​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​នូវ​ប្រតិ​បត្តិការ​ប្រៃស​ណីយ៍​កម្ពុជា​នេះ​មាន​គោល​បំណង​ផ្លាស់​ប្តូរ​ប្រៃស​ណីយ៍​កម្ពុជា​ពី​អ្នក​ផ្តល់​សេវា​ប្រៃស​ណីយ៍​ធម្មតា​ទៅជា​សេវា​កម្ម​សកលលោ​ក​នៅក្នុ​ង​ឧស្សាហ​កម្ម​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​។​

​លោក ​ថេ​ន សំ​វិសុទ្ធ ជា​អគ្គ​នាយក​ប្រៃស​ណីយ៍​កម្ពុជា​បាន​ឱ្យដឹ​ងថា គម្រោង​នេះ​ជាការ​ធ្វើឱ្យ​ប្រសើ​រឡើង​នូវ​ប្រព័ន្ធ​ឌីជី​ថល​ដើម្បី​ឱ្យ​អ​តិថិជន​ស្វែង​រក​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​បញ្ជាទិ​ញ​ផលិត​ផល​តាម​អ៊ីន​ធឺណិត​និង​តាម​ដាន​ការ​ដឹក​ជញ្ជូន​របស់​ពួក​គេ​ចាប់ពី​ពេល​បញ្ជូន​ដល់​គោល​ដៅ​ចុង​ក្រោយ​។​

​លោក ​សំ​វិសុទ្ធ បាន​ថ្លែង​ថា​៖«​សេវា​កម្ម​នេះ​ក៏មាន​ការបំ​ពាក់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​គ្រឿង​ញៀន និង​ឧបក​រណ៍​ចាប់​សារ​ធាតុ​ហាម​ឃាត់​ផ្សេង​ទៀត​ផងដែ​រ​ដើម្បី​ធានា​សុវត្ថិ​ភាព​និង​សុវត្ថិ​ភាព​នៃ​សំបុត្រ​និង​អីវ៉ាន់​»​។​

​លោក​​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ប្រៃស​ណីយ៍​កម្ពុជា​ក៏​នឹង​ចូល​រួម​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​គយ​អន្តរ​ជាតិ ​(ICS2) ដែល​មាន​ប្រសិទ្ធ​ភាព​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ​​២០២៣»​។​

​លោក​បាន​បន្ដ​ថា ​វា​ក៏​ធ្វើ​ទំនើប​កម្ម​លើ​ប្រព័ន្ធ​ចុះបញ្ជី​បញ្ញើ ការ​ធ្វើឱ្យ​ប្រសើរ​នូវ​មជ្ឈម​ណ្ឌល​ផ្លាស់​ប្តូរ​បញ្ញើ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការញែ​ក​និង​បញ្ជូន​បញ្ញើ​ក៏ដូច​ជា​រក្សា​សុវត្ថិ​ភាព​បញ្ញើ​ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ​S58 & S59​។​ គម្រោង​នេះ​ក៏​នឹង​ផ្តោត​លើ​ការកែ​លម្អ​បរិ​យាកាស​ការងារ​សម្រាប់​បុគ្គ​លិក ដើម្បី​ធានា​សុខុមាល​ភាព​​និង​សុវត្ថិ​ភាព​របស់​ពួក​គេ​ផង​ដែរ​។​

​លោក​បាន​ឱ្យដឹង​ថា បច្ចុប្ប​ន្ន​ប្រៃសណីយ៍​កម្ពុជា​ផ្តល់​សេវា​ទទួល​និង​ចែក​បញ្ញើ​(​ឯកសារ​និង​ទំនិញ​)​ក្នុង​ប្រ​ទេស​ទូទាំង​រាជ​ធានី​-​ខេត្ត​ រួម​មាន ​សេវា​ឆាប់​រហ័ស និង​សេវា​វី​អាយ​ភី​។​ក្រៅពីនេះ​ក៏បាន​ផ្ដល់​សេវា​កម្ម​ទៅ​ក្រៅ​ប្រទេស​ដែល​បច្ចុប្បន្ន​មាន​ជាង​៩០​ប្រទេស​ ហើយ​មាន​គម្រោង​ពង្រីក​ទៅ​ប្រទេស​មួយ​ចំនួ​នទៀត​នា​ពេល​អនា​គត​។

​ជា​មួយ​គ្នានេះ​​ក៏​នៅមាន​សេវា​កម្ម​ទទួល​ចែក​ខិ​ត្ដ​ប័ណ្ណ​និង​បណ្ណ​ផ្សព្វ​ផ្សាយ​ផ្សេងៗ ​សេវា​ជួល​រថយន្ត​ដឹក​បញ្ញើ​និង​ជួល​រថ​យន្ត​ទេស​ចរណ៍ ​ផ្តល់​សេវា​រថយន្ត​ប្រៃស​ណីយ៍​ដឹក​អ្នក​ដំណើរ ​លក់​តែមប្រិ៍​ប្រៃស​ណីយ៍ ​និង​តែម​វិទ្យា​។

​លោក​ស្រី ហា​រូ កុ​តា​កា​ឈិ នា​យក​ប្រតិបត្តិ​នៃ​ផ្នែក​ពាណិជ្ជ​កម្ម​ប្រៃស​ណីយ៍​អន្ត​រជាតិ Japan Post Co., Ltd.​បាន​ថ្លែង​ថា ការ​រីក​ចម្រើន​នៃ​ពាណិជ្ជក​ម្ម​អេឡិចត្រូនិ​ក​បាន​កត់​សម្គាល់​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​នៅក្នុង​ទិដ្ឋ​ភាព​ឧស្សាហ​កម្ម​ឆ្ពោះទៅ​រក​ឌីជីថល​នីយកម្ម​ដែល​ចាំបាច់​​សម្រាប់​ការដឹក​ជញ្ជូន​និង​ការ​ដឹក​ជញ្ជូន​ទំនិញ​។​ដូច្នេះ​ហើយ​​ទើប​មាន​តម្រូវការ​ទូទាំង​ពិភព​លោក​សម្រាប់​សេវា​ប្រៃសណីយ៍​ និ​ង​ភ័ស្តុ​ភារ​ដើម្បី​សម្រប​ទៅនឹង​តម្រូ​វការ​ទីផ្សារ​ដែល​កំពុង​ផ្លាស់​ប្តូរ​។​

​លោក​ស្រី តា​កា​ឈិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​នេះ​ក៏​ជាការ​ពិត​នៅ​កម្ពុជា​ដែរ ដោយសា​រ​ប្រៃសណី​យ៍​កម្ពុជា​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​ដឹក​ជញ្ជូន​ទំនិញ​និង​ភ័ស្តុភា​រ​ដ៏​សំខាន់ ​ទំនើបក​ម្ម​នៃ​ប្រៃសណី​យ៍​កម្ពុជា​កាន់​តែ​មាន​សារៈ​សំខាន់​ក្នុងការ​អភិ​វឌ្ឍ​ឌីជីថ​ល​ភាវូ​បនី​យកម្ម​»​។​

​លោកស្រី​បាន​បន្ដ​ថា តួនាទី​របស់​ប្រៃស​ណីយ៍​ជប៉ុន​ក្នុង​គម្រោង​នេះ​គឺ​ដើម្បី​ជា​អង្គភា​ព​គាំទ្រ​សម្រាប់​ការអ​នុវត្ត​ការ​កែល​ម្អ ស្វែងរក​បញ្ហា​ក្នុង​ប្រតិ​បត្តិ​ការ​ប្រៃស​ណីយ៍​កម្ពុជា​ក៏ដូច​ជា​ធ្វើសំ​ណើ​និង​ការណែ​នាំ​អំពី​ការកែ​លម្អ​ប្រតិ​បត្តិ​ការ​របស់​ពួក​គេ​។​

​លោក​ស្រី​បន្ថែមថា ប្រៃសណី​យ៍​ជប៉ុន​ជួយ​លើ​ការ​ពង្រឹង​បណ្តាញ​ដឹក​ជញ្ជូន​ ប្រតិ​បត្តិ​ការ​ដឹក​ជញ្ជូន​និង​ប្រមូល​សំបុត្រ ​ព្រម​ទាំង​ធ្វើ​​ឱ្យ​ប្លង់​បន្ទប់​ធ្វើការ​ប្រសើរ​ឡើង​ស​ម្រាប់​ការចា​ត់ចែ​ង​សំបុត្រ​នៅ​ការិយា​ល័យ​ប្រៃស​ណីយ៍​កណ្តាល​ក្រុង​ភ្នំពេញ​។​លើស​ពីនេះ​ពួកគេ​បាន​ណែ​នាំ​ឧបក​រណ៍​និង​បច្ចេក​ទេស​ទំនើបៗ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​និង​គុណ​ភាព​នៃ​សេវាក​ម្ម​ដឹក​ជញ្ជូន​សំបុត្រ​នៅ​ប្រៃស​ណីយ៍​កម្ពុជា​។

​លោក​សំ​វិសុទ្ធ បាន​ទទួល​ស្គាល់ថា​ ប្រតិ​បត្តិការ​សេវា​ប្រៃស​ណីយ៍​​កម្ពុជា​នៅមា​នកម្រិត ​ហើយ​មិន​ទាន់​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទ្រទ្រង់​ពាណិជ្ជក​ម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ហើយ​ប្រសិទ្ធ​ភាព​ប្រតិ​បត្តិការ​ក៏មាន​កម្រិត​ផង​ដែរ​ ខណៈ​មជ្ឈ​មណ្ឌល​ផ្លាស់ប្តូ​រ​បញ្ញើ​ទើប​តែ​បាន​បញ្ចប់​ដំណាក់​កាល​ទី​១​ដើម្បី​បង្កើន​ប្រសិទ្ធភា​ព​។​

​លោក​បាន​បញ្ជាក់​ថា​៖«​គម្រោង​ទើប​ចា​ប់ផ្ដើម​ពី​ខែ​កញ្ញា ឆ្នាំ​២០២១​និង​បញ្ចប់​នៅ​ខែ​មករា ឆ្នាំ​២០២៣ ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ស្របតា​ម​ស្តង់​ដា​អន្តរ​ជាតិ​និង​ផ្តល់​សេវាក​ម្ម​កាន់តែ​ងាយ​ស្រួល​សម្រាប់​អតិថិ​ជន​»​។​

​បើតាម​លោក​សំ​វិសុទ្ធ​ដើម្បី​ធ្វើ​ទំនើបក​ម្ម​គឺ​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ទៀតដើម្បី​បំពេញត​ម្រូវកា​រ​របស់​អតិថិ​ជន​និង​តាម​ទាន់​ការវិវត្ត​ដ៏​ឆាប់​រហ័ស​នៃ​បច្ចេក​វិទ្យា​និង​ប្រព័ន្ធ​ព័ត៌​មាន​។

​លោក​បាន​ឱ្យដឹ​ងថា​៖«​យើង​កំពុង​ចូល​រួម​ក្នុង​អាជីវ​កម្ម​ដែល​មាន​ការប្រ​កួត​ប្រជែង​ខ្ពស់​ជាមួយ​ទាំង​ក្រុមហ៊ុន​អន្តរ​ជាតិ និង​ក្រុម​ហ៊ុន​ក្នុងស្រុក​។ យើង​បាន​យកចិត្តទុ​កដាក់​យ៉ាង​ខ្លាំង​ក្នុង​ការបន្ដ​ពង្រឹង​គុណភាព​សេវាក​ម្ម​ដើម្បី​ឈ្នះក្តី​ស្រឡាញ់​និង​ចូល​ចិ​ត្ដ​ពី​អតិថិ​ជន​។​យើង​ប្តេជ្ញា​ផ្តល់​ផលិត​ផល​និង​ជម្រើស​សេវាកម្ម​ថ្មីៗ ជា​ភាពងាយ​ស្រួល​​ដល់​អតិថិ​ជន​ក្នុង​ការ​ចូល​ប្រើ​សេវា​កម្ម​របស់​យើង​»​។

​លោកស្រី ​តា​កា​ឈិ ​ក៏បាន​ថ្លែង​ដែរ​ថា ប្រទេស​ជាច្រើន​នៅតែ​ដំណើរ​ការ​​ប្រៃសណី​យ៍​ដោយ​ប្រើ​វិធី​សាស្ត្រ​ប្រពៃ​ណី ប៉ុន្តែ​ប្រៃស​ណីយ៍​កម្ពុជា​មិន​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​បែប​ប្រពៃ​ណី​ទេ​។​

​លោកស្រី​បានប​ញ្ជាក់​ថា​៖«​យើង​ជឿជាក់ថា​​នៅតែមា​ន​ការ​អភិវឌ្ឍ​ជាច្រើន​ទៀត​ចំពោះ​ប្រតិ​បត្តិ​ការ​និង​សេវា​កម្ម​របស់​ប្រៃ​សណីយ៍​​កម្ពុជា​ ដោយ​ផ្អែក​លើ​ការ​ផ្លាស់​ប្តូរ​ទីផ្សារ និង​តម្រូវ​ការ​អ្នក​ប្រើប្រា​ស់​»​។​

​លោកស្រី​តា​កា​ឈិ បាន​បន្ដ​ថា​៖ «​ទោះជា​យ៉ាង​ណាក៏​ដោយ​យើង​យល់​ថា​ ការប្តេជ្ញា​ចិត្ត​​ធ្វើឱ្យ​ប្រសើ​រឡើង​នូវ​ទំនើប​កម្ម​ប្រៃសណី​យ៍​កម្ពុជា មា​ន​សម្ទុះ​ខ្លាំង​ជាង​អង្គ​ភាព​ប្រៃសណី​យ៍​​ប្រទេស​ដទៃ​ទៀត​។ យើង​ជឿជាក់ថា​​លទ្ធផ​ល​នឹង​បង្ហាញ​ច្បាស់​ក្នុងពេ​ល​ដ៏​ខ្លី​ខា​ងមុខនេះ ​ជា​ពេលដែល​​ប្រជាជ​ន​នៅ​កម្ពុជា​នឹង​អាច​ទទួ​លបាន​ការរីក​ចម្រើន​»​។​

​បើតា​ម​លោក សំ​វិសុទ្ធ ប្រៃសណី​យ៍​កម្ពុជា​មាន​ស​ម​ត្ថ​ភាព​និង​ត្រៀមខ្លួ​ន​រួច​ជាស្រេច​ក្នុង​ការផ្តល់​សេ​វា​កម្មដ​ល់​អតិថិ​ជ​ន ស្រប​តាម​ការអ​ភិវឌ្ឍ​យ៉ាង​ឆាប់រ​ហ័ស​នៃ​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ និង​​ផ្ដល់​សេវា​កម្មបា​ន​ទូលំទូ​លាយ​ទាំង​ក្នុង​ស្រុក​និង​អន្តរ​ជាតិ​​។​

​លោក​​បាន​អះអា​ង​ថា ការ​កសាង​សមត្ថភា​ព​បុគ្គលិក​នឹងធ្វើ​ឡើង​ជា​ប្រចាំ​ ដើម្បី​អាច​ឱ្យ​ពួកគេ​សម្រប​ខ្លួន​ទៅនឹ​ង​បច្ចេក​វិទ្យា​ដែល​កំពុង​វិ​វ​ឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។ វា​គឺជា​ការធ្វើ​ទំនើប​កម្ម​ប្រក​បដោយ​ប្រសិទ្ធ​ភាព​និង​និរន្តរ​ភាព​នៃ​ការវិវត្ត​​អាជីវ​កម្ម​និង​បច្ចេក​វិទ្យា​។​

​លោ​ក​សំ​វិសុទ្ធ បាន​បញ្ជាក់​​ទៀតថា​៖«​យើង​កំពុង​ធ្វើឱ្យ​ប្រសើ​រឡើ​ង​នូវ​គេហ​ទំព័រ​របស់​យើង​ដើម្បី​ធ្វើឱ្យ​វា​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អតិថិ​ជន​ក្នុង​ការ​ប្រើ​ប្រាស់​សេវា​ប្រៃសណី​យ៍​និង​អភិវឌ្ឍ​កម្មវិធី​ទូ​រស័ព្ទ​(Mobil​e App) សម្រាប់​អតិ​ថិជន​អាច​តាម​ដាន​ការប​ញ្ជាទិញ និង​ការ​បញ្ជា​ទិញ​សេវា​ប្រៃសណីយ៍​​តាម​យៈ​​កម្មវិធី​ទូរ​ស័ព្ទ​របស់​ពួកគេ​»​។​

​លោក​បាន​បន្ថែម​ថា ប្រៃស​ណីយ៍​កម្ពុជា​បាន​ចូលរួម​ជា​មួយ​គម្រោង​ដែល​ផ្តួច​ផ្តើម​ដោយ​ក្រសួង​ពាណិជ្ជក​ម្ម ហើយ​កំពុង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ព័ត៌​មាន​វិទ្យា​របស់​ខ្លួន​ ដើម្បី​សមា​ហរណ​កម្ម​ជា​មួយ​វេទិកា​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិ​ក​។​

​លោក​បញ្ជាក់​ថា​៖«​យើង​សូម​អញ្ជើញ​អតិថិជន​ទាំង​អស់​ដែល​​មិនទាន់​បាន​ទទួល​សេវា​ប្រៃសណី​យ៍​​ឬ​មិន​ពេញ​ចិត្តនឹង​សេវាក​ម្ម​របស់​យើង​នា​ពេល​កន្លង​ទៅមក​ចូល​រួម ឬ​ត្រឡប់​មក​កាន់​ប្រៃស​ណីយ៍​កម្ពុជា​វិញ​។​យើង​ធានា​ថា លោក​អ្នក​នឹង​ទទួល​បាន​នូវ​ប​ទពិសោធ​ន៍​ថ្មី​ជាមួ​យនឹ​ង​គុណ​ភាព​សេវា​ដ៏​ពិ​សេស​ដែល​យើង​កំពុង​ផ្ដល់ជូ​ន​អតិថិ​ជន​​របស់​យើង​»៕