ភ្នំពេញៈ ម៉ាស៊ីន BrainsWay Deep Transcranial Magnetic Stimulation (Brainsway Deep TMS) គឺជាបច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសអ៊ីស្រាអែល និងសហរដ្ឋអាមេរិកដោយប្រើដែនម៉ាញ៉េទិករំញោចដល់ផ្នែកជ្រៅនៃខួរក្បាល ដែលជាតំបន់ទទួលខុសត្រូវក្នុងការគ្រប់គ្រងអារម្មណ៍ការទាក់ទាញចិត្តនិងការចងចាំ ត្រូវបានវេជ្ជបណ្ឌិតផ្នែកផ្លូវចិត្តម្នាក់នាំចូល ជា លើកដំបូងមកកម្ពុជា។
ការប្រើប្រាស់ម៉ាស៊ីនដែលប្រើដែនម៉ាញ៉េទិកនេះគឺបានប្រើប្រាស់នៅក្នុងប្រទេសជឿនលឿនតាំងពីឆ្នាំ២០០៨មកម្ល៉េះដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្តថប់បារម្មណ៍និងជំងឺអូស៊ីឌីដោយមិនបាច់ប្រើប្រាស់ថ្នាំព្រោះដែនម៉ាញ៉េទិកអាចរំញោចផ្នែកនៃខួរក្បាលដែលមិនសកម្មឱ្យចាប់ផ្តើមធ្វើសកម្មភាពឡើងវិញដែលជាលទ្ធផលធ្វើឱ្យអ្នកជំងឺបានប្រសើរពីជំងឺទាំងនេះ។នេះគឺជាការរៀបរាប់ពីលោកឈឹមសុធារ៉ាអ្នកជំនាញផ្នែកផ្លូវចិត្ត។
លោកឈឹម សុធារ៉ាបាន សម្រេចចិត្តបញ្ជាទិញម៉ាស៊ីនដែលមានតម្លៃថ្លៃប្រភេទនេះពីប្រទេសអ៊ីស្រាអែលមកកាន់ប្រទេសកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២៣ហើយវាក៏ជាមាស៊ីនដំបូងបំផុតនៅក្នុងប្រទេស ដែលមានសមត្ថភាពផ្តល់ការព្យាបាលដល់អ្នកជំងឺដោយមិនប្រើថ្នាំ ខណៈប្រទេសថៃមានត្រឹមតែ៤គ្រឿងប៉ុណ្ណោះ។
វេជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងធ្លាប់ទទួលបានពានរង្វាន់ណូបែលអាស៊ីឆ្នាំ២០២២ បាននិយាយប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៣ មេសាថា ដោយសារតែម៉ាស៊ីននេះ មានសមត្ថភាព និងអាចជួយដល់អ្នកជំងឺផ្លូវចិត្តបាន ទើបលោកសម្រេចចិត្តចំណាយថវិកាដើម្បីបញ្ជាទិញវាមក ដើម្បីជាផ្នែកមួយ ក្នុងការផ្តល់ការព្យាបាលដល់ពលរដ្ឋនៅក្នុងប្រទេស។
ការព្យាបាលដោយប្រើដែនម៉ាញ៉េទិករំញោចខួរក្បាល គឺអាចផ្តល់ជាជម្រើសដល់អ្នកជំងឺស្ថិតក្នុងប្រភេទជំងឺផ្លូវចិត្តធ្ងន់ធ្ងរ អាចទទួលបានការព្យាបាលនៅក្នុងប្រទេសតាមរយៈវិធីសាស្ត្រទំនើបនេះ បើទោះជាអ្នកជំងឺ ត្រូវចំណាយថវិកា ប៉ុន្តែវាក៏ប្រសើរជាងគ្មានជម្រើស ហើយត្រូវចំណាយច្រើន ទៅព្យាបាលនៅក្រៅប្រទេស។
លោកបានរៀបរាប់ថា៖«TMS អាចរំញោចជ្រៅដល់ខួរក្បាលដែលអសកម្មព្រោះអ្នកជំងឺធ្លាក់ទឹកចិត្តថប់បារម្មណ៍និងជំងឺអូស៊ីឌីនឹងធ្វើឱ្យផ្នែកខួរក្បាលផ្នែកខាងមុខអសកម្មហើយកោសិកាខួរក្បាលស្វិតមិនមានទំនាក់ទំនងជាមួយប្រព័ន្ធផ្សេងៗទៀតនៅក្នុងខួរក្បាល។ខួរក្បាលផ្នែកខាងមុខនេះមានមុខងារសំខាន់ណាស់សម្រាប់ការពិចារណានិងជាញាណដឹងជាមុននូវហេតុផលឬអ្វីមួយនៅក្នុងអារម្មណ៍របស់យើង។ ប៉ុន្តែបើសិនជាមនុស្សមានជំងឺធ្លាក់ទឹកចិត្តថប់បារម្មណ៍និងជំងឺអូស៊ីឌីនោះនឹងធ្វើឱ្យប៉ះពាល់ខួរក្បាលផ្នែកខាងមុខនេះដែលបង្ហាញអាការធ្វើឱ្យមានការក្រៀមក្រំច្រើនភ័យច្រើន»។
ជាមួយគ្នានេះ លោកសុធារ៉ា ក៏បានរំឭកពីអតីតកាលថា អ្នកកើតជំងឺផ្លូវចិត្តដែលមិនអាចព្យាបាលបានដោយប្រើប្រាស់ថ្នាំគឺក្រុមគ្រូពេទ្យតែងប្រើប្រាស់នូវវិធីឆក់ខ្សែភ្លើងតាមរបៀបយកឧបករណ៍មានចរន្តអគ្គិសនីដាក់នឹងក្បាលអ្នកជំងឺហើយបើកភ្លើងក្នុងកម្រិតមួយដែលអាចទ្រាំទ្របានដើម្បីរំញោចប្រព័ន្ធខួរក្បាលដែលខូចខាត។
យ៉ាងណាវិធីចាស់នេះបានធ្វើឱ្យប៉ះពាល់ដល់ផ្នែករាងកាយដទៃទៀតខណៈការប្រើប្រាស់ម៉ាស៊ីនដែលប្រើដែនម៉ាញ៉េទិកនេះមិនធ្វើឱ្យប៉ះពាល់ទៅដល់ផ្នែកផ្សេងទៀតនៃរាងកាយមនុស្សទេ ហើយក៏មិនធ្វើឱ្យមានការឈឺចាប់នោះដែរព្រោះអ្នកជំងឺអាចធ្វើចលនាបានជាធម្មតាក្រោយការព្យាបាល។
លោកឈឹម សុធារ៉ា បានរៀបរាប់ ថា៖«ក្នុងពេលបច្ចុប្បន្ននេះគេលែងប្រើខ្សែភ្លើងឆក់ហើយគឺគេប្រើដែនម៉ាញ៉េទិកព្រោះវាមិនឈ្លានពានទៅកោសិកាខួរក្បាលវាមិនធ្វើឱ្យអ្នកជំងឺមានការភ័យខ្លាចរហូតធ្វើឱ្យអ្នកជំងឺត្រូវសន្លប់ឬប្រកាច់ឡើយ។ បច្ចេកវិទ្យាថ្មីគឺមិនអ៊ីចឹងទេព្រោះអ្នកជំងឺមកអង្គុយធម្មតាហើយយើងចំណាយពេល១០ទៅ២០នាទីយើងអាចត្រឡប់ទៅផ្ទះវិញបាន»។
សម្រាប់ប្រសិទ្ធភាពនៃការព្យាបាលដោយប្រើប្រាស់ម៉ាស៊ីនដែលប្រើដែនម៉ាញ៉េទិកនេះវិញលោកវេជ្ជបណ្ឌិតផ្នែកផ្លូវចិត្តរូបនេះបានបញ្ជាក់ថាព្រោះតែការបញ្ជាទិញជាថវិកាផ្ទាល់ខ្លួនហើយមាស៊ីនប្រភេទនេះក៏មានតម្លៃថ្លៃដូច្នេះការព្យាបាលគឺត្រូវចំណាយថវិកាចន្លោះពី៨០ទៅ១០០ដុល្លាក្នុង១ដងដែលអ្នកជំងឺត្រូវធ្វើ៥ដងក្នុង១សប្តាហ៍ក្នុងរយៈពេល៤ទៅ៦អាទិត្យដើម្បីទទួលបានប្រសិទ្ធភាពដោយមិនចាំបាច់ប្រើប្រាស់ថ្នាំ។
លោកបានរៀបរាប់ថា៖«កោសិកាខួរក្បាលវាដំណើរការដោយសារចរន្តអគ្គិសនីរំញោចដើម្បីឱ្យកោសិកាបញ្ចេញជាតិគីមីមួយចំនួនសម្រាប់បំពេញតម្រូវការធ្វើឱ្យយើងមានអារម្មណ៍ល្អ។នៅពេលដែលយើងប្រើដែនម៉ាញ៉េទិករំញោចនេះនឹងធ្វើឱ្យខួរក្បាលផ្នែកខាងមុខនេះបញ្ចេញជាតិគីមីទាំងនោះ។និយាយឱ្យមែនទែនទៅអ្នកជំងឺធ្លាក់ទឹកចិត្តថប់អារម្ភរណ៍ជំងឺអូស៊ីឌីនិងជំងឺផ្លូវចិត្តមួយចំនួនផ្សេងទៀតគឺអាចព្យាបាលតាមម៉ាស៊ីននេះបានទាំងអស់»។
ប៉ុន្តែដោយសារម៉ាស៊ីននេះត្រូវបានឆ្លងកាត់ពីស្ថាប័ន Food and Drug Administration របស់សហរដ្ឋអាមេរិកដែលកំណត់ឱ្យព្យាបាលសម្រាប់តែជំងឺ៤ប្រភេទគឺអ្នកជំងឺធ្លាក់ទឹកចិត្តថប់អាម្មរណ៍ជំងឺអូស៊ីឌីនិងការផ្តាច់បារីបន្ទាប់ពីការព្យាបាលដោយការប្រើប្រាស់ថ្នាំលែងមានប្រសិទ្ធភាពនិងអាការជំងឺធ្ងន់ធ្ងរ។
លោកបានលម្អិតថា៖«FDA នៅអាមេរិកហ្នឹងគេអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺ៤មុខហ្នឹងប៉ុន្តែជាជំងឺដែលអ្នកជំងឺប្រើថ្នាំលែងត្រូវព្រោះអ្នកជំងឺជាច្រើននៅពេលព្យាបាលជំងឺយូរទៅប្រសិទ្ធភាពថ្នាំលែងត្រូវដែលធ្វើឱ្យគាត់លែងប្រសើរអត់មានអារម្មណ៍ល្អហើយការព្យាបាលដូរថ្នាំច្រើនមុខហើយនៅតែអត់មានលទ្ធផលគឺគេអនុញ្ញាត។ ១ទៀតអ្នកជំងឺដែលគាត់ធ្វើទុក្ខខ្លាំងព្រោះថ្នាំផ្លូវចិត្តមិនធម្មតាទេគឺខ្លាំងណាស់អ្នកជំងឺខ្លះទទួលបានប៉ុន្តែអ្នកជំងឺខ្លះដាក់ទៅធ្វើទុក្ខខ្លាំងព្យាបាលអត់កើត»។
ទោះយ៉ាងណាលោកឈឹម សុធារ៉ា នៅតែអះអាងថា ការព្យាបាលជំងឺផ្លូវចិត្តគឺអាស្រ័យលើកត្តារួមផ្សំហើយការប្រើប្រាស់ម៉ាស៊ីនដែនម៉ាញ៉េទិករំញោចខួរក្បាលនេះគឺគ្រាន់តែបង្កឱ្យអ្នកជំងឺមានជម្រើសច្រើនក្នុងការព្យាបាលតែប៉ុណ្ណោះហើយការព្យាបាលគឺអាស្រ័យទៅលើស្ថានភាពអ្នកជំងឺផងដែរ។
លោកបានបញ្ជាក់ថា៖«យើងមិនអួតពីសមត្ថភាពម៉ាស៊ីននេះទេព្រោះជួនកាលមនុស្សយើងម្នាក់ៗគឺខុសៗគ្នា។អ៊ីចឹងលទ្ធផលនិងប្រសិទ្ធភាពនៃការព្យាបាលគឺខុសគ្នាព្រោះអ្នកខ្លះព្យាបាលត្រឹម៣ទៅ៤ដងក៏ឃើញភាពប្រសើរអ្នកខ្លះចប់ (៤ទៅ៦សប្តាហ៍) បានប្រសើរដោយឡែកអ្នកខ្លះទៀតក៏អត់ឃើញប្រសើរដែរ។យើងមិនផ្សព្វផ្សាយឱ្យបងប្អូនប្រើទេយើងចង់ឱ្យបងប្អូនស្វែងយល់ឱ្យច្បាស់សិនហើយសម្រេចដោយខ្លួនឯងចៀសវាងការខកចិត្ត។គ្រាន់តែខ្ញុំឃើញបទពិសោធន៍ល្អពីប្រទេសគេទើបខ្ញុំសម្រេចចិត្តនាំយកមកជាពិសេសគឺអ្នកជំងឺមិនចាំបាច់ប្រើប្រាស់ថ្នាំ»។
លោកស្រី ស៊ុន សូលីដា អ្នកចិត្តសាស្ត្រនៃអង្គការ TPO កម្ពុជា បាននិយាយថា វាគឺជាដំណឹងល្អដែលកម្ពុជា មានម៉ាស៊ីនប្រភេទនេះ សម្រាប់ព្យាបាលនៅក្នុងប្រទេស។ អ្នកស្រី និយាយថា TPO មិនទាន់មានលទ្ធភាព សម្រាប់បញ្ជាទិញម៉ាស៊ីននេះនៅឡើយទេ ប៉ុន្តែលោកស្រី ជឿថា ជម្រើសថ្មីនេះ នឹងចូលរួមជួយដល់ពលរដ្ឋកម្ពុជា ឱ្យអាចមានជម្រើសច្រើនក្នុងការស្វែងរកសេវាព្យាបាល មុននឹងសម្រេចទៅទទួលសេវាព្យាបាលនៅក្រៅប្រទេស។
លោកស្រី បានបញ្ជាក់ថា៖«បើនិយាយពីការព្យាបាលដោយម៉ាស៊ីននេះ គឺភាគច្រើនមាននៅក្នុងប្រទេសអភិវឌ្ឍន៍ ហើយច្រើនតែអ្នកមានជីវភាពល្អ និងអ្នកដែលឆ្លងកាត់ការសិក្សាទៀត ទើបគាត់បានដឹងពីប្រសិទ្ធភាព និងគុណតម្លៃ។ បើសិនជាធៀបនឹងស្រុកខ្មែរយើង គឺថ្មីមែនទែន ប៉ុន្តែក៏មានបុគ្គលមួយចំនួន ទទួលបានការព្យាបាលនៅប្រទេសផ្សេងៗដែរ។ សម្រាប់អ្នកជំងឺដែលធ្លាក់ក្នុងស្ថានភាពយ៉ាប់ខ្លាំង នេះគឺជាឱកាសល្អសម្រាប់ពួកគាត់ក្នុងការទទួលបានការព្យាបាល»៕